ពិធីបុណ្យភ្ជុំបិណ្យ កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋបានចាប់ផ្តើមចូលផ្សារ ដើម្បីទិញអីវ៉ាន់ជាបណ្តើរៗ និងអាជីវករ ក៏ត្រៀមអីវ៉ាន់របស់ខ្លួនលក់ជូនអតិថិជនផងដែរ។
អាជីវករលក់ផ្លែឈើនៅផ្សារចម្រើនផលអ្នកស្រី រឿន សោភា បានលើកឡើងថា រដូវកាលបុណ្យទាន បន្លែផ្លែឈើអាចមានការឡើងថ្លៃខ្លះតាមមុខទំនិញ ប៉ុន្តែមិនឡើងខ្លាំងប៉ុន្មានឡើយ។ អ្នកស្រី បានលើកជាឧទាហរណ៍ថា ផ្លែប៉ោមលក់ថ្ងៃធម្មតាតម្លៃ ១២,០០០រៀល តែថ្ងៃបុណ្យទានអាចឡើង ១៤,០០០រៀល ពោលគឺឡើង ២០០០រៀល។ តូបអ្នកស្រី សោភា មានលក់ដូចជា ផ្លែមៀន ប៉ោម ក្រូច បឺរ និងស្រកានាគ ជាដើម។ អាជីវកររូបនេះ បញ្ជាក់បន្ថែមថា ការឡើងថ្លៃទំនិញ មិនមែនអ្នកលក់ចេះតែឡើងដោយខ្លួនឯងទេ គឺដោយសារតែការយកមកលក់បន្តមានការឡើងថ្លៃដូចគ្នា។ លើសពីនេះទៀត អាជីវករតែងដំឡើងថ្លៃបន្តិច នៅពេលដែលទំនិញណា ដែលមានតម្រូវការខ្ពស់។
ដោយឡែក អាជីវករលក់សាច់ជ្រូក នៅផ្សារដើមគរ អ្នកនាង ទួន ចិន្តា បានលើកឡើងថា តម្លៃសាច់ជ្រូកនៅផ្សារដើមគរ ពុំមានការឡើងថ្លៃនោះទេ គិតមកដល់ពេលនេះ។ ប៉ុន្តែ ថ្ងៃភ្ជុំបិណ្ឌអាចឡើងថ្លៃខ្លះ ព្រោះមានតម្រូវការច្រើន ទាំងខ្លាញ់ សាច់ និងឆ្អឹងស៊ុបជាដើម។ អ្នកនាង ចិន្តា បានបញ្ជាក់ថា សាច់ជ្រូកនៅផ្សារដើមគរលក់ក្នុងតម្លៃ ១គីឡូ ១៦,០០០រៀល សាច់បីជាន់ និងឆ្អឹងជំនីតម្លៃ ១៩,០០០រៀល ក្នុងមួយគីឡូក្រាម។ អាជីវកររូបនេះ បានឱ្យដឹងទៀតថា តាមការសង្កេតទំនិញផ្សេងៗ រួមទាំងសាច់ជ្រូកផងដែរ ចាប់ផ្តើមលក់ដាច់បណ្តើរៗហើយ ដោយសារកៀកថ្ងៃដាក់បិណ្ឌ បងប្អូនប្រជាពលរដ្ឋដើរផ្សារទិញអីវ៉ាន់ត្រៀមទុកខ្លះឱ្យហើយ។
ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ត្រីវិញ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាល សមាគមវារីវប្បករកម្ពុជា មើលឃើញថា នៅរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ មិនខ្វះត្រីសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារឡើយ ដោយសារកសិករ បានចិញ្ចឹមជាបន្តបន្ទាប់មក។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ទៅមុខទៀត មិនអាចវាយតម្លៃបាន ដោយសារកសិដ្ឋានធំៗចំនួនពីរ បានផ្អាកដំណើរការចិញ្ចឹម ព្រោះខ្វះទីផ្សារ និងចំណីឡើងថ្លៃ។
លោក ឯក និមល ប្រធានផ្សារបឹងកេងកង បានប្រាប់កម្ពុជាថ្មីថា ប្រជាពលរដ្ឋចាប់ផ្តើមចូលផ្សារជាបណ្តើរៗ ខណៈថ្ងៃដាក់បិណ្ឌកាន់តែខិតជិតមកដល់។ លោកប្រធានផ្សារ បានលើកឡើងថា ចំពោះអាជីវករផ្សារបឹងកេងកង ក៏ចាប់ផ្តើមសកម្មនឹងការលក់ដូរផងដែរ។ ប្រធានផ្សាររូបនេះ ក៏បានណែនាំដល់អាជីវករ ក្នុងការកំណត់តម្លៃសមរម្យ កុំឱ្យមានការឡើងថ្លៃស្រេចតែចិត្ត នាំឱ្យមានការនិយាយមិនល្អអំពីកេរ្តិ៍ឈ្មោះផ្សារ។ លោក ឯក និមល ក៏បានអះអាងថា លោកបានណែនាំដល់ក្រុមការងារឱ្យត្រៀមខ្លួនជាស្រេច ក្នុងការរក្សាសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលចូលផ្សារបឹងកេងកងផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្យប្រពៃណីជាតិខ្មែរ ចាប់ផ្តើបបិណ្ឌមួយនៅថ្ងៃទី ១១ ខែ កញ្ញា និងភ្ជុំធំត្រូវនឹងថ្ងៃទី ២៤-២៦ ខែ កញ្ញា ឆ្នាំ ២០២២៕
អត្ថបទ៖ នាង រតនៈ