Connect with us

ព័ត៌មានជាតិ

ទំនិញនៅលើទីផ្សារកម្ពុជា មិនឡើងថ្លៃទេ ក្រោយ​ថៃបិទព្រំដែន

បានផុស

នៅ

ក្រុមអាជីវករ​បានប្រាប់​ឱ្យ​ដឹង​ថា តម្លៃទំនិញលក់រាយនៅ​លើទីផ្សារ មិនមានការឡើងថ្លៃនោះទេ បន្ទាប់ពីថៃបិទព្រំដែន ខណៈការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារក៏ពុំមានបញ្ហាចោទដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ប្រាប់កម្ពុជាថ្មី​នៅ​ថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ ២០២៥ថា ចាប់តាំងពីថៃបិទច្រកព្រំដែន មិនទាន់មានទំនិញ​ណាមួយ​ឡើង​​ថ្លៃនៅឡើយនោះទេ រាប់តាំងពីសាច់គោ សាច់ជ្រូក បន្លែ និងអាហារទទួលទានប្រចាំថ្ងៃ ដោយ​​សារ​កម្ពុជាមានទំនិញប្រទេសផ្សេងៗនាំចូលជំនួសបាន។  

សម្រាប់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តម្លៃទីផ្សារសាច់ជ្រូក មិនមានការ​ឡើង​ថ្លៃនោះទេ ពោលគឺនៅថេរដដែល សាច់សុទ្ធលក់រាយនៅលើទីផ្សារតម្លៃក្រោម ២ ម៉ឺនរៀល ក្នុង​មួយគីឡូក្រាម។

លោក ឡយ ស៊ាងអាង ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូរឫស្សី បាន​ប្រាប់​ឱ្យ​ដឹង​ថា អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ ក្រោម​ការ​គ្រប់គ្រង​របស់​លោក បាន​លក់ដូរ​យ៉ាង​ទូលំទូលាយ​លើ​ម្ហូបអាហារ បន្លែ ផ្លែឈើ ដោយ​មិន​មាន​ការ​ព្រួយបារម្ភ​ពី​កង្វះខាត​ទំនិញ​ក្នុង​ការ​លក់​នោះ​ទេ ខណៈ​ប្រជាពលរដ្ឋ​ជា​ច្រើន ក៏បាន​បន្ត​អញ្ជើញ​មក​ទិញ​អីវ៉ាន់​របស់​ខ្មែរ​ផង​ដែរ ដោយ​មិន​ផ្តោត​ខ្លាំង​លើ​ទំនិញ​ក្រៅ​ស្រុក ជាពិសេស​កសិករ​ក្នុងស្រុក​ផលិត​បាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ប្រចាំថ្ងៃ។

ជាមួយ​នេះ អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរឫស្សី ក៏បាន​សម្តែង​ក្តី​ពេញចិត្ត​ក្នុង​ការ​លក់ដូរ​ផលិតផល​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​យក​ទៅ​បរិភោគ ដោយ​ពួកគាត់​យល់​ឃើញ​ថា ការ​គាំទ្រ​ផលិតផល​ខ្មែរ​មក​លក់​ដូរ ជា​ការ​ជួយ​ដល់​សេដ្ឋកិច្ច​ប្រជាជន​ក្នុងស្រុក ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ផង​ដែរ។ ជាពិសេស​ប្រជាពលរដ្ឋ​បាន​បរិភោគ បន្លែ ត្រី សាច់ រស់​ធម្មជាតិ របស់​កសិករ​ខ្មែរ និង​ប្រជាកសិករ​ផលិត​ក្នុង​ស្រុក​មាន​ការ​សប្បាយ​ចិត្ត ដោយ​ពុំ​មាន​របស់​ក្រៅ​ស្រុក​ហូរ​ចូល។

យោងតាមធនាគារ ARDB តម្លៃកសិផលតាមទីផ្សារនៅរាជធានីភ្នំពេញនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ មិនមានការឡើងថ្លៃនោះទេ សាច់គោមួយគីឡូតម្លៃ ៣ ៧០០០ រៀល សាច់ជ្រូក ១ ៥០០០ រៀល ក្នុងមួយគីឡូក្រាម សាច់មាន់ ១ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងស្ពៃចង្កឹះ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អង្ករផ្កាខ្ចី ៣០០០ រៀល និងអង្ករ​សែនក្រអូប ៣ ៥០០ រៀល ក្នុងមួយគីឡូក្រាម៕

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម