Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់២០០គ្រួសារ ទទួលអំណោយពីគណៈកម្មាធិការ​គ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ

បានផុស

នៅ

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ ចុះចែកគ្រឿងឧបភោគបរិភោគជួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងអាហារ ក្នុងអំឡុងពេលទឹកជំនន់ នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរ ឯកឧត្តមលើកឡើងថា ការផ្ដល់អំណោយនៅពេលនេះដោយសារបងប្អូនប្រជាពលរដ្ឋទាំងអស់បានជួបការលំបាកក្នុងធ្វើដំណើរមកទិញទំនិញផ្សេងៗ ចាប់តាំងពីភូមិឋានរបស់ពួកគាត់ទទួលរងផលប៉ះពាល់គ្រោះទឹកជំនន់។ ការផ្តល់ស្បៀងអាហារសង្រ្គោះបន្ទាន់នេះ មិនបានចែកជូនគ្រប់ក្រុមគ្រួសារនោះទេ គឺយើងចែកជូនអ្នកមានជីវភាពលំបាកជាងគេ ខ្វះខាតជាងគេ ក្នុងមូលដ្ឋាន។

ទន្ទឹមជាមួយការទទួលបានគ្រឿងឧបភោគបរិភោគនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពចំណីអាហារ និងហាមឃាត់ក្មេងតូចៗកុំឲ្យទៅលេងទឹក ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ នៅពេលរដូវទឹកសម្រកទៅវិញ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់សូមទៅមើល ស្រូវស្រែរៀងៗខ្លួន ដើម្បីទប់ទឹក កុំឲ្យក្រោយពីរដូវទឹកជំនន់បែរជាមានដំណឹងថាស្រូវគ្មានទឹកគ្រប់គ្រាន់ទៅវិញ។ ទាំងអស់នេះ គឺជាការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីចម្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បញ្ជាក់ផងដែរថា ស្ថានភាពទឹកជំនន់ក្នុងស្រុកប្រាសាទបល្ល័ង្ក កម្ពស់ទឹកចាប់ផ្ដើមហក់ឡើងចាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន៤រួមមាន ឃុំសាគ្រាម ឃុំដូង ឃុំផាន់ញើម និងឃុំក្រយា បង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ដោយឡែក ឃុំសាគ្រាម បានទទួល​រងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀនចំនួន០៦កន្លែង វត្តអារាមចំនួន០៣ មណ្ឌលសុខភាពចំនួន​០១កន្លែង ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន២៧៥ខ្នង លើភូមិចំនួន០៩ ទឹកលិចផ្លូវកៅស៊ូចំនួន៨,៤០០ ម៉ែត្រ ទឹកលិចផ្លូវលំចំនួន៩,០០០ម៉ែត្រ ទឹកលិចស្ពានចំនួន០៥ និងហូរដាច់ស្ពានចំនួន០១ ស្រូវដែលរងផលប៉ះពាល់ ចំនួន៨១៤ហិចតា​ ប៉ះពាល់ដល់ដំណាំស្រូវកណ្តាល៤៧២ហិចតា ដំណាំផ្សេងៗសរុបចំនួន៥៣៣ហិចតា និងដំឡូងមីចំនួន៥៣៣ហិចតាផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម