ព័ត៌មានជាតិ
តម្លៃសេវាអូសរថយន្តខូចនៅលើផ្លូវល្បឿនលឿន ត្រៀមបញ្ចុះតម្លៃ ខណៈមហាជនត្អូញត្អែរថា ថ្លៃ
ខណៈមហាជនមានការមិនពេញចិត្តចំពោះតម្លៃថ្លៃ ១០០ដុល្លារ ក្នុងការប្រើសេវារថយន្តស្ទួចរថយន្តខូចលើផ្លូវល្បឿនលឿន រួមទាំងថ្លៃសេវាគិតតាមចម្ងាយផ្លូវបន្ថែមទៀតនោះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ក្រសួងកំពុងពិភាក្សាជាមួយក្រុមហ៊ុន ក្នុងការបញ្ចុះតម្លៃសេវានេះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ពេលរថយន្តខូច ឬបែកកង់ មហាជនមានសិទ្ធិប្រើរយៈពេលកន្លះម៉ោងដើម្បីដូរកង់ ឬជួសជុល។ បើប្រើពេលយូរជាងនេះ គឺត្រូវឱ្យឡានស្ទូចមកអូសយកចេញ អត់អាចទុកលើផ្លូវល្បឿនលឿនទេ ព្រោះនាំបង្កឱ្យមានគ្រោះថ្នាក់។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍បញ្ជាក់ថា៖ “ដោយសារពេលគេបើកបររថយន្តក្នុងល្បឿន ១០០ ១២០ [គីឡូម៉ែត្រ] ហើយយើងឈរលើផ្លូវគឺញ័រ សឹងតែប៉ើង អ៊ីចឹងប្រយ័ត្នប្រយែង។ ពេលគ្រោះថ្នាក់ក៏មានកងអន្តរាគមន៍របស់ក្រុមហ៊ុន ទៅជួយដែរ គេដាក់គោលដែនការពារយើង ហើយគេយកឡានទៅស្ទូចឡានយើងទៅ។ ប្រជាពលរដ្ឋយើងថា តម្លៃហ្នឹងថ្លៃពេក អ៊ីចឹងក្រសួងក៏បានពិភាក្សាគ្នាជាមួយក្រុមហ៊ុនឱ្យពិចារណាលើតម្លៃអូសរថយន្តខូចលើផ្លូវល្បឿនលឿន”។

លោក ស៊ុន ចាន់ថុល បញ្ជាក់បន្ថែមថា នៅផ្លូវល្បឿនលឿន ក្រុមហ៊ុនមានកាមេរ៉ាថតវីដេអូពីដើមទី ដល់ចុងទី នៅពេលមានរថយន្តខូចនៅកន្លែងណាភ្លាម ភ្នាក់ងារនឹងបញ្ជូនឡានគេទៅជួយដល់កន្លែងភ្លាម។

រដ្ឋមន្ត្រីរូបនេះ លើកឡើងថា ករណីរថយន្តខូច ហើយប្រើសេវារថយន្តស្ទូចនៅភ្នំពេញ គឺដូចគ្នា ពោលតម្លៃមិនតិចជាង ១០០ដុល្លារទេ អាចថ្លៃជាងសេវានៅផ្លូវល្បឿនលឿនផង។ ប៉ុន្តែទោះយ៉ាងណា ក្រសួង កំពុងពិភាក្សាគ្នាជាមួយក្រុមហ៊ុន ឱ្យបញ្ចុះតម្លៃ។
គួរបញ្ជាក់ថា ក្នុងករណីរថយន្តខូចមានបញ្ហាពិបាកដោះស្រាយ លើសពី ៣០ នាទី នៅពេលយានយន្តខូច លើផ្លូវល្បឿនលឿននេះ អ្នកបើកបរត្រូវស្នើសុំជំនួយពីក្រុមហ៊ុនផ្លូវល្បឿនលឿនតាមលេខទូរសព្ទបន្ទាន់ ១៣៩៩។ កន្លងទៅធ្លាប់មានប្រតិកម្មមិនពេញចិត្តពីមហាជន ពិសេសអ្នកបើកបរមួយចំនួន ដែលបានជួបបញ្ហាខូចរថយន្តលើផ្លូវល្បឿនលឿន ហើយត្រូវការ សេវាជួយសង្គ្រោះដោយស្ទូច និងអូសរថយន្ត ដោយមានតម្លៃចាប់ពី ១០០ ដុល្លារអាមេរិក ហើយគិតសេវាបន្ថែមទៀត។

មន្ត្រីបម្រើសេវាលើផ្លូវល្បឿនលឿនតាមប្រព័ន្ធលេខ ១៣៩៩ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រុមហ៊ុនបានកំណត់ រាល់ការប្រើប្រាស់សេវាស្ទូចរថយន្តម្តង មានតម្លៃ ១០០ ដុល្លារ ចំពោះរថយន្ត ៥ តោន និងតម្លៃប្រើប្រាស់សេវាអូសរថយន្ត ពីកន្លែងរថយន្តខូចទៅដល់កន្លែងសុវត្ថិភាព ចម្ងាយ ១០ គីឡូម៉ែត្រ គឺតម្លៃ ៣ ដុល្លារ ឬ ១ គីឡូម៉ែត្រ តម្លៃ ០,៣ ដុល្លារ។

គួរបញ្ជាក់ថា “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” ត្រូវបានវិនិយោគដោយសាជីវកម្មផ្លូវថ្នល់ និងស្ពានប្រទេសចិន (CRBC) តាមរយៈក្រុមហ៊ុនផ្លូវល្បឿនលឿន PPSHV កម្ពុជា (Cambodian PPSHV Expressway Co., Ltd) ដោយមានតម្លៃ ១.៩ ពាន់លានដុល្លារ លាតសន្ធឹងប្រវែងជាង ១៩០ គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងកោះកុង ដោយអ្នកដំណើរអាចចំណាយពេលប្រមាណ ២ ម៉ោងពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។ ផ្លូវល្បឿនលឿននេះ បាន និងកំពុងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ដោយចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះទៅ តម្លៃក្នុងការប្រើប្រាស់ម្តង គឺក្នុងចន្លោះចាប់ពី ១២ ដុល្លារ ទៅដល់ ៦០ ដុល្លារ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


