Connect with us

ព័ត៌មានជាតិ

វត្តមាន​សហគ្រាស​ចិនបង្កើតការងារជាង ១ លានកន្លែងដល់​ពលរដ្ឋកម្ពុជា

បានផុស

នៅ

ខណៈ​ដែល​ចិន​ជា​ប្រភពទុន​វិនិយោគ​ដ៏​ធំ​ វិនិយោគិន​ចិន​ក៏​បាន​រួម​ចំណែក​បង្កើត​ការងារ​ប្រមាណ ១ លានកន្លែង​ដល់​ពលរដ្ឋ​កម្ពុជា​ តាម​រយៈ​​វត្តមាន​រោងចក្រ​សហគ្រាស​រាប់​ពាន់មូលដ្ឋាន​ ដែល​កំពុង​ប្រតិបត្តិការ​​នៅក្នុង​ប្រទេស​កម្ពុជា។

នៅក្នុង​វេទិកា​កិច្ចសន្ទនាលើកទី ១ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន ក្រោម​វត្តមាន​ លោក ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានលើកឡើង​ថា តាមរយៈវត្តមាន​សហគ្រាស​ចិន​ជាច្រើនបានបង្កើតការងារជាង ១ លានកន្លែងដល់ពលរដ្ឋកម្ពុជា​ និង​​​បាន​រួមចំណែកជំរុញ​កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងគោលដៅរួមពិនិត្យ និងពិភាក្សាអំពីការចូលរួមកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏​បាន​ទាញ​ការ​​ចាប់អារម្មណ៍​ពាក់ព័ន្ធ​កិច្ចសហការ​​រៀបចំ​កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន ដែលនឹងជួយ​ពង្រឹងនិងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត​។

លោក ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានគូស​បញ្ជាក់​ថា ប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​មើលឃើញ​ការ​រៀបចំ​​​វេទិកា​កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន មានសារៈ​សំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា និងធ្វើឱ្យប្រសើរឡើង​បរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។

​«ការ​រៀបចំ​កិច្ចសន្ទនានេះក៏​ដើម្បីបង្ហាញ​ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយ​សម​ស្រប សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន»។ លោក ស៊ុន ចាន់ថុល​ បញ្ជាក់បន្ថែម។

បន្ថែមពីនេះ បើតាមលោក​ឧបនាយករដ្ឋមន្រ្តី កិច្ចសន្ទនានេះនឹងត្រូវធ្វើ​ជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម​ ដោយស្មារតីស្វែងរកដំណោះស្រាយឈ្នះឈ្នះ ដើម្បីធានាបរិយាកាសវិនិយោគដែលមានភាពសុខដុមរមនា និងមានទំនុកចិត្តសម្រាប់វិនិយោគិនចិន។

គិត​ពីទសវត្សឆ្នាំ១៩៩០ ទុន​វិនិយោគ​ពី​ប្រទេស​ចិន​នៅ​កម្ពុជា មានប្រមាណ ៣៦ ពាន់​លាន​​ដុល្លារ។ វិនិយោគិន​​ចិន​បាន​ឈរ​លំដាប់​ទី ១​ សម្រាប់​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជាជាច្រើនឆ្នាំ​ជាប់គ្នា ខណៈប៉ុន្មាន​ឆ្នាំចុងក្រោយ​ទំនាក់ទំនង​នៃ​​ប្រទេស​ទាំង​ពីរ​​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ តាមរយៈ​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ ការតភ្ជាប់ទាំង​ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

ថ្លែង​ក្នុងវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» នៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានគូសបញ្ជាក់ថា ក្រោមកិច្ចសហការទ្វេភាគីរវាងកម្ពុជា-ចិន បានជំរុញដល់ការរីកចម្រើន​យ៉ាងខ្លាំងលើ​ការ​វិនិយោគឯកជន ដែលនាំមកនូវផ្លែផ្កាជាផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុង​នោះ​ទុនវិនិយោគរបស់ចិននៅកម្ពុជា បើគិតចាប់ពីទសវត្សឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ ២០២៥ មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាម៉េរិក ខណៈ​ក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយ (២០២១-២០២៥) ប្រភពទុនវិនិយោគចិនបានឈរនៅលំដាប់លេខ ១ ឬ ២ សម្រាប់​ការ​វិនិយោគឯកជននៅកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការអភិវឌ្ឍ ក៏បានផ្តល់នូវផ្លែផ្កាដ៏មហាសាលដល់កម្ពុជា។ បើយោងតាមប្រព័ន្ធទិន្នន័យ ( ODA Database) របស់គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥ រដ្ឋាភិបាល​ចិនបានផ្តល់ជំនួយ​អភិវឌ្ឍន៍ផ្លូវការ​មកកម្ពុជាសរុបប្រមាណជិត ៦ ពាន់លានដុល្លារអាម៉េរិក សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងអគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និងប្រព័ន្ធធារាសាស្ត្រជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម