ព័ត៌មានជាតិ
តើ ទីម័រខាងកើត អាចចូលជាសមាជិកចុងក្រោយអាស៊ាន ក្នុងឆ្នាំ២០២២នេះ បាន ឬទេ?
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ាន ថ្លែងថា ចំពោះការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ជាជំហររបស់កម្ពុជា គឺគាំទ្រពេញទំហឹង ខណៈថ្នាក់ដឹកនាំកម្ពុជាតែងលើកឡើងនូវភាពចាំបាច់ក្នុងការជួយទីម័រខាងកើត ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីចូលជាសមាជិកទី១១ របស់អាស៊ាន។

លោក គង់ ភោគ មានប្រសាសន៍ថា ដំណើរការឈ្វេងយល់ការពិតពីទីម័រខាងកើត ទី១ មើលសក្ដានុពល ទី២ មើលចំណុចខ្វះខាត គឺធ្វើឡើងតាំងពីឆ្នាំ២០១៩ ហើយសសរស្ដម្ភនយោបាយសន្តិសុខបានធ្វើរួចរាល់តាំងពីឆ្នាំ២០១៩ ខណៈសសរស្ដម្ភសង្គមវប្បធម៌ និងសេដ្ឋកិច្ច បានគ្រោងធ្វើនៅចុងឆ្នាំនោះដែរ ប៉ុន្តែដោយសារមានអាទិភាពផ្សេងទៀតដែលបង្ខំឱ្យសសរស្ដម្ភទាំង២ ធ្វើការទៅលើរឿងផ្សេង និងត្រូវរង់ចាំធ្វើនៅឆ្នាំ២០២០ ប៉ុន្តែក៏ជួបវិបត្តិកូវីដ-១៩ ក៏ធ្វើឱ្យយឺតយ៉ាវនូវការវាយតម្លៃជារួម ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ ទីម័រខាងកើត។

លោក គង់ ភោគ មានប្រសាសន៍បន្តថា៖ “នៅពេលកម្ពុជាជាប្រធានអាស៊ាន បានយករណីទីម័រជាអាទិភាព គឺយើងជំរុញឱ្យសសរស្ដម្ភទាំង២ បញ្ចប់ការឈ្វេងយល់ការពិតរបស់ទីម័រខាងកើតឱ្យបញ្ចប់នៅឆ្នាំនេះ ហើយអាចវាយតម្លៃទាន់ពេលក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះការវាយតម្លៃស្ថានភាពទីម័រខាងកើត ឃើញមានភាពវិជ្ជមានច្រើន ពាក់ព័ន្ធសមត្ថភាព លទ្ធភាព និងការព្យាយាមធ្វើកំណែទម្រង់ ពិសេសផ្នែកច្បាប់ និងកាតព្វកិច្ចផ្នែកសេដ្ឋកិច្ចរបស់គាត់ ជាមួយគ្នានេះ យើងបានឃើញចំណុចខ្វះខាតរបស់គាត់មួយចំនួនដែរ”។

អ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ាន រូបនេះលើកឡើងថា ជារួម អាស៊ានគាំទ្រការចូលជាសមាជិករបស់ទីម័រខាងកើត ហើយនឹងព្យាយាមធ្វើយ៉ាងណាស្វែងរកមធ្យោបាយជួយទីម័រខាងកើត បំពេញបន្ថែមកន្លែងខ្វះខាត។ សមាជិកអាស៊ានទាំងអស់សុទ្ធតែសង្ឃឹមថា ទីម័រខាងកើតអាចចូលជាសមាជិកអាស៊ានកាន់តែឆាប់តាមតែអាចធ្វើទៅបាន។ សម្រាប់ កម្ពុជា ចង់ឱ្យទីម័រខាងកើតចូលជាសមាជិកអាស៊ាននៅឆ្នាំនេះផង ប៉ុន្តែជាមួយគ្នានេះយើងត្រូវមានភាពប្រាកដប្រជាពាក់ព័ន្ធដំណើរការនៃការពង្រឹងសមត្ថភាពរបស់គាត់។

លោក គង់ ភោគ លើកឡើងថា នៅពេលប្រជុំថ្នាក់ដឹកនាំកំពូលរួចហើយនៅថ្ងៃទី១១ ខែវិច្ឆិកានេះ យើងនឹងមានព័ត៌មានបន្ថែមទៀត ដោយសាររាល់ឯកសារ ការសម្រេចទាំងអស់ នឹងធ្វើការកត់សម្គាល់ និងការសម្រេចដោយថ្នាក់ដឹកនាំកំពូលលើកទី៤០ ទី៤១នេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


