Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីទីម័រខាងកើត នាំជោគជ័យធំធេងនិងមោទនភាពជូនជាតិ ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ាន

បានផុស

នៅ

ប្រជាជនទីម័រខាងកើតនាំគ្នាសាទរនិងអបអរយ៉ាងគគ្រឹកគគ្រេង ក្រោយពេលប្រទេសបានក្លាយជាសមាជិកទី១១របស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាកូនពៅអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីទីម័រខាងកើតលោក Xanana Gusmão (រូបថត៖ Reuters)

គេមិនភ្លេចឡើយ! មោទនភាពនិងជោគជ័យដ៏ធំធេងនេះ គឺជាការខិតខំដុតដៃដុតជើង របស់លោកនាយករដ្ឋមន្ត្រី Xanana Gusmão ហើយក៏មានការជួយជ្រោមជ្រែងខ្លាំងផងដែរពីសំណាក់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជានិងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា។

នៅថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ ប្រទេសទីម័រខាងកើត បានក្លាយជាសមាជិកទី១១របស់អាស៊ាន។ ការទទួលស្គាល់សមាជិកកូនពៅនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤៧ ដែលប្រព្រឹត្តទៅនៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយនេះជាលើកដំបូងក្នុងរយៈពេល២៦ឆ្នាំ ដែលអាស៊ានពង្រីកខ្លួន។

នាយករដ្ឋមន្ត្រីទីម័រខាងកើតលោក Xanana Gusmão (រូបថត៖ Reuters)

ក្រោយមក ពេលវិលទៅមាតុភូមិវិញ លោក Gusmão បានរំលឹកអំពីប្រវត្តិតស៊ូរបស់ខ្លួន ដែលប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិ ដោយត្រូវរង់ចាំរហូតដល់ទៅជាងមួយទសវត្សរ៍ ឈានសម្រេចគោលដៅក្លាយជាសមាជិកអាស៊ាន។

ដោយត្រូវបានគេកោតសរសើរក្នុងនាមជា «វីរបុរសឯករាជ្យ» លោក Gusmão បានហៅការចូលជាសមាជិកអាស៊ាននេះថាជា «ក្តីស្រមៃដែលបានក្លាយជាការពិតសម្រាប់ប្រជាជនទីម័រខាងកើត។ ការចូលជាសមាជិករបស់យើង គឺជាសក្ខីភាពមួយនៃស្មារតីរបស់ប្រជាជនយើង ដែលជាលទ្ធិប្រជាធិបតេយ្យវ័យក្មេង កើតចេញពីការតស៊ូរបស់យើង»។

តួនាទីសំខាន់របស់លោក Gusmão ក្នុងការនាំទីម័រឲ្យក្លាយជាសមាជិកអាស៊ាន៖ លោក Gusmão បានចាត់ទុកការចូលជាសមាជិកអាស៊ានជា «គោលដៅប្រវត្តិសាស្ត្រ» សម្រាប់ជាតិ និងជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រការបរទេសរបស់ប្រទេស។ ការប្តេជ្ញាចិត្តនេះនៅតែបន្តស្ថិតស្ថិរទោះបីជាមានការពន្យារពេលរាប់ឆ្នាំ និងក្តីព្រួយបារម្ភពីសមាជិកអាស៊ានផ្សេងៗក៏ដោយ ហើយទីបំផុត ទីម័រខាងកើតបានដាក់ពាក្យស្នើសុំជាផ្លូវការនៅឆ្នាំ ២០១១។

(រូបថត៖ Reuters)

ក្នុងឋានៈជានាយករដ្ឋមន្ត្រី លោក Gusmão បានប្រើប្រាស់ឥទ្ធិពលនិងទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក ដើម្បីចរចា និងបញ្ចុះបញ្ចូលមេដឹកនាំអាស៊ានដទៃទៀត។ លោកបានដឹកនាំគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំទ្វេភាគីជាច្រើន ដើម្បីផ្តល់ការធានាដល់សមាជិកអាស៊ានអំពីការត្រៀមលក្ខណៈរបស់ទីម័រខាងកើតក្នុងការបំពេញកាតព្វកិច្ចក្រោមសសរស្តម្ភសហគមន៍ទាំងបី (នយោបាយ-សន្តិសុខ សេដ្ឋកិច្ចនិងសង្គម-វប្បធម៌)។

ចុងក្រោយ លោកបានតំណាងឲ្យទីម័រខាងកើត ក្នុងការចុះហត្ថលេខាលើ សេចក្តីប្រកាសស្តីពីការទទួលយកទីម័រខាងកើតចូលជាសមាជិកអាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។ ពេលនោះហើយ ដែលលោក Gusmão រំភើបដល់ស្រក់ទឹកភ្នែក ហើយជាទឹកភ្នែកនៃភាពជោគជ័យ ក្រោយការតស៊ូច្រើនឆ្នាំសម្រាប់ប្រទេសនិងប្រជាជនទីម័រគ្រប់រូប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើ ទីម័រខាងកើត ទទួលបានប្រយោជន៍អ្វីខ្លះ ពេលក្លាយជាសមាជិកអាស៊ាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម