Connect with us

ព័ត៌មានអន្ដរជាតិ

រឿង៥យ៉ាង ពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន លើកនេះ

បានផុស

នៅ

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ទូទាំងពិភពលោក។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Reuters កាលពីថ្ងៃទី២៤ខែតុលា, ឆ្នាំនេះ ប្រទេសម៉ាឡេស៊ី គឺជាប្រធានអាស៊ាន ខណៈកិច្ចប្រជុំនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួក្រោមមូលបទ «បរិយាបន្ននិងចីរភាព»។

មិនខុសពីរាល់ដង កិច្ចប្រជុំលើកនេះ ក៏នៅតែជាព្រឹត្តិការណ៍សំខាន់ក្នុងការដោះស្រាយបញ្ហាតំបន់ ក៏ដូចជាការប្រឈមជាសកល រាប់ចាប់ពីវិស័យពាណិជ្ជកម្មដល់ជម្លោះ។

(រូបថត៖ Reuters)

ខាងក្រោមនេះ គឺជារឿងសំខាន់៥យ៉ាង ដែលពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់កិច្ចប្រជុំលើកនេះ៖

១. វត្តមាន ត្រាំ និងមេដឹកនាំពិភពលោកផ្សេងទៀត

(រូបថត៖ Reuters)

លោក Trump ក៏នឹង​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ានដែរ បន្ទាប់មកត្រូវ​បន្ត​ដំណើរ​ទៅ​ប្រទេស​ជប៉ុន  រួចទៅ​កូរ៉េខាងត្បូងទៀត សម្រាប់​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ចាប់ពី​ថ្ងៃទី ៣១ ខែ​តុលា ដល់​ថ្ងៃទី ១ ខែ​វិច្ឆិកា។

លោក ត្រាំ ធ្លាប់​ចូលរួម​កិច្ចប្រជុំ​អាស៊ានម្តង​នៅ​ឆ្នាំ២០១៧ ហើយលើកនេះ លោកនឹងត្រូវដមដំណើរមក​ជាមួយ​មន្ត្រី​ជាន់ខ្ពស់ផ្សេងទៀតរួមមាន រដ្ឋមន្ត្រី​ការបរទេស Marco Rubio, រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Scott Bessent និងតំណាង​ពាណិជ្ជកម្ម Jamieson Greer។

ថ្នាក់ដឹកនាំ​ផ្សេងទៀតដែលចូលរួមប្រជុំអាស៊ានមានដូចជា៖ នាយករដ្ឋមន្ត្រី​ចិន Li Qiang, នាយករដ្ឋមន្ត្រី​កាណាដា Mark Carney, ប្រធានាធិបតី​ប្រេស៊ីល Luiz Inacio Lula da Silva, ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង Cyril Ramaphosa, នាយករដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese, និង នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន Sanae Takaichi ក៏ដូចជា​មន្ត្រី​ជាន់ខ្ពស់​មកពី​កូរ៉េខាងត្បូង និង​រុស្ស៊ី, និង​មេដឹកនាំ​នៃ​ប្រទេសកម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ វៀតណាម ឡាវ ប្រ៊ុយណេ និង​មីយ៉ាន់ម៉ា។

២. កិច្ចចរចា​ពាណិជ្ជកម្ម​អាមេរិក-ចិន

(រូបថត៖ Reuters)

លោក Bessent និង​លោក Greer នឹងមក​ម៉ាឡេស៊ី មុន​​លោក ត្រាំ ដើម្បី​ជួប​ជាមួយ​មន្ត្រី​ចិន និង​បន្ធូរ​បន្ថយ​ភាព​តានតឹង ជុំវិញ​ការ​រឹតបន្តឹង​ការ​នាំចេញ​រ៉ែ​កម្ររបស់​ទីក្រុង​ប៉េកាំង ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​ត្រៀម​ដាក់​វិធានការ​ពាណិជ្ជកម្ម​ថ្មី បើ​សិន​ជា​កិច្ចព្រមព្រៀង​មួយ​មិន​អាច​សម្រេចបាន​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី​ He Lifeng ដែល​ជា​មន្ត្រី​សេដ្ឋកិច្ច​កំពូល​របស់​ទីក្រុង​ប៉េកាំង នឹងធ្វើ​កិច្ចចរចា​ពាណិជ្ជកម្ម ជាមួយ​លោក Bessent និង​លោក Greer នៅ​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី ២៤ ដល់ ២៧ ខែ​តុលា។

៣. កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

(រូបថត៖ Reuters)

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ប្រទេស​កម្ពុជានិងថៃ ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដ៏ធំ ដើម្បីនាំមកនូវសន្តិភាព បញ្ចប់ជម្លោះព្រំដែន។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោក ត្រាំ បាន​ជួយ​សម្រុះសម្រួល​បទ​ឈប់​បាញ់​បឋម កាលពី​ថ្ងៃទី ២៨ ខែ​កក្កដា។ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​​ថ្លែងថា លោក ត្រាំ ទន្ទឹង​រង់ចាំ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន​នេះ។

៤. កិច្ចប្រជុំ​កំពូល RCEP

(រូបថត៖ Reuters)

​ម៉ាឡេស៊ី ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ​ជា​លើកដំបូង​សម្រាប់​ប្លុក​នេះ ​ចាប់តាំងពី​ខ្លួន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំបូង​ក្នុង​ឆ្នាំ ២០២០។ ​ក្នុងនោះ ​ក្រុម​ប្រទេសទាំង​នេះ​នឹង​ពិចារណា​បន្ថែម​សមាជិក​ថ្មី និង​ពិភាក្សា​អំពី​មធ្យោបាយ​ដើម្បី​បង្កើន​លំហូរ​ពាណិជ្ជកម្ម។

RCEP ដែល​រួមបញ្ចូល​សមាជិក​អាស៊ាន​ទាំង១០ បូកជាមួយ​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់ គឺជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​គ្របដណ្តប់​ស្ទើរតែ​មួយ​ភាគ​បី​នៃ​ប្រជាជន​ពិភពលោក និង​ប្រហែល ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ពិភពលោក។

ប្លុក​នេះ​ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​មើល​ឃើញថា​ ជា​របាំង​ការពារ​ដ៏​មាន​សក្តានុពល​ប្រឆាំង​នឹង​ពន្ធគយដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក ទោះបីជា​បទប្បញ្ញត្តិ​របស់​ខ្លួន​ត្រូវ​បាន​គេ​ចាត់ទុកថា​ខ្សោយ​ជាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ផ្សេងទៀត​ដោយសារ​ផលប្រយោជន៍​ប្រកួតប្រជែង​ក្នុងចំណោម​សមាជិក​របស់​ខ្លួន​ក៏ដោយ។

៥. ការ​ចូល​ជា​សមាជិក​របស់ប្រទេស​ទីម័រ​ខាងកើត

(រូបថត៖ Reuters)

អាស៊ាន​នឹង​ទទួលស្គាល់​ទីម័រ​ខាងកើត​​ជា​សមាជិក​ទី ១១ផ្លូវការ នៅ​ថ្ងៃទី២៦ ខែ​តុលា ដែល​សម្រេច​ដំណើរការ​ចូល​ជា​សមាជិក​ដែល​ចាប់ផ្តើម​ កាលពីជាង​មួយ​ទសវត្សរ៍​មុន។

ទីម័រ​ខាងកើត ដែល​ជា​ប្រទេសមាន​ប្រជាជន​ប្រមាណ ១.៤ លាន​នាក់ បាន​ដាក់សំណើ​ក្លាយជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ២០១១ ហើយ​ត្រូវ​បាន​ផ្តល់​ឋានៈ​ជា​អ្នកសង្កេតការណ៍​នៅ​ឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំណុចសំខាន់ៗ អំពីកិច្ចប្រជុំកំពូលអាស៊ាននៅ ម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម