ព័ត៌មានជាតិ
អគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ចូលរួមសំខាន់លើកកម្ពស់សុខភាពពលរដ្ឋ
លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក-CRDB/CDC) បានអះអាងថា អគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យមើលអគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដែលជាជំនួយរបស់ កយកា-KOICA នៅព្រឹកថ្ងៃទី៤ ខែមករានេះ លោក ឈៀង យ៉ាណារ៉ា មានប្រសាសន៍បន្តថា អគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នេះគឺជាអគារមន្ទីរពេទ្យដ៏ល្អបំផុត នៃមន្ទីរពេទ្យជាតិក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅចំកណ្តាលទីក្រុង នឹងចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។

លោក ឈៀង យ៉ាណារ៉ា លើកឡើងថា គោលបំណង នៃការធ្វើទស្សនកិច្ចនេះគឺ ដើម្បីពិនិត្យមើលពីសមិទ្ធផលនានា ដូចជាដំណើរការនៃប្រតិបត្តិការរបស់ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ និងពិនិត្យមើលអគារថ្មី សម្ភារៈបរិក្ខារពេទ្យ និងសម្ភារៈការិយាល័យ ដោយសារ គ.ជ.នា/ក.អ.ក-CRDB/CDC ជា “សេវាច្រកចេញចូលតែមួយ” និង “ការិយាល័យកណ្តាល” របស់រាជរដ្ឋាភិបាល ដែលសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់ជំនួយអភិវឌ្ឍន៍។ លើសពីនេះទៀត គ.ជ.នា-CRDB ក៏មានតួនាទីជាចំណុចបង្គោលក្នុងទំនាក់ទំនងជាមួយស្ថាប័នរដ្ឋាភិបាល ដើម្បីគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល កយកា-KOICA សម្រេចបាន និងបានថ្លែងអំណរគុណចំពោះ កយកា-KOICA និងប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានាជាច្រើននៅក្នុងប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ លូ លីឃាង នាយក មន្ទីរពេទ្យព្រះអង្គឌួង និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីដើមឆ្នាំ២០២២កន្លងទៅ ត្រូវបានសាងសង់ដោយ កយកា-KOICA ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ ដែលមានតម្លៃសរុបក្នុងគម្រាងទាំងមូល ៨ លានដុល្លារអាមេរិក។ អគារថ្មីនេះមានកម្ពស់ ៥ជាន់ បំពាក់ដោយឧបករណ៍ទំនើបសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ ត្រូវបានសាងសង់នៅក្នុងបរិវេណ មន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជួយកែលម្អសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យនេះកាន់តែប្រសើរថែមទៀត ខណៈចប្ចុប្បន្ននេះគិតជាមធ្យមក្នុង ១ថ្ងៃមន្ទីរពេទ្យបានទទួលអ្នកជំងឺមកពិគ្រោះជំងឺក្រៅប្រមាណពី ១ ៣០០ ទៅ ១ ៥០០ នាក់ ដែលភាគច្រើនជាប្រជាពលរដ្ឋទូទៅ និងកម្មកររោងចក្រ និងវះកាត់ជាមធ្យមក្នុង ១ថ្ងៃ ចំនួន ១៣០ នាក់ ក្នុងនោះវះកាត់ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ប្រមាណ ១០០ នាក់។

លោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធាន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការជួយសាងសង់អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដល់មន្ទីរពេទ្យព្រះអង្គឌួង គឺដើម្បីជួយធ្វើឱ្យមន្ទីរពេទ្យនេះមានភាពប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកក៏មានភាពជឿនលឿន តាមរយៈការផ្តល់កម្មវិធីបណ្តុះបណ្តាលទៅលើការអនុវត្តសេវាជាក់ស្តែង និងការផ្ទេរចំណេះដឹងកម្រិតខ្ពស់ និងការចែករំលែកបទពិសោធន៍ជាមួយវេជ្ជបណ្ឌិតកូរ៉េ។

លោកបានបន្តថា បច្ចុប្បន្ននេះ កយកា-KOICA បានជួយសាងសង់អគារចំនួនពីរក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួងគឺ អគារ ចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ និងអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ