ព័ត៌មានជាតិ
លក្ខខណ្ឌមួយចំនួនដែលអាចក្លាយជាមន្រី្តជំនាញកសិកម្មឃុំ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានឲ្យដឹងថា មន្រី្តជំនាញកសិកម្មឃុំ ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាល ចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រកសិកម្ម ឬក៏អ្នកដែលមានបទពិសោធន៍ខាងកសិកម្ម។

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា គោលនយោបាយកសិកម្មរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី ៧ គឺនឹងដាក់ពង្រាយមន្រ្តីជំនាញកសិកម្មឲ្យបានគ្រប់ឃុំ ដើម្បីបម្រើកសិករ និងលើកស្ទួយនិរន្តរភាពកសិកម្ម។

លោកបណ្ឌិត យ៉ង សាំងកុមារ បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន «កម្ពុជាថ្មី» ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី ៧ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការរៀបចំមន្រី្តជំនាញកសិកម្មឃុំនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។ លោកថា កន្លងមកមានតែមន្រ្តីជំនាញកសិកម្ម ទៅតាមសាលាស្រុក ឬការិយាល័យស្រុក តែប៉ុណ្ណោះ។

លោកបណ្ឌិត បានឲ្យដឹងបន្តថា យោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន និងលោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម គឺជំហានដំបូងក្រសួងបានរៀបចំមន្រ្តីសម្របសម្រួលកសិកម្ម នៅតាមស្រុកជើងព្រៃ ចំនួន ១០ឃុំជាគំរូ និងទុកជាបទពិសោធន៍ ឬមេរៀន ដើម្បីឈានទៅដល់ការពង្រើកមន្រី្ដជំនាញកសិកម្ម ដាក់ទៅតាមភូមិ ឃុំដទៃទៀតឲ្យបានទូទាំងប្រទេស ក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបន្ថែមថា «និស្សិតស្ម័គ្រចិត្ត និងមន្រ្តីជំនាញកសិកម្ម ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយមន្រ្តីទាំងនោះ ត្រូវតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រ ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្ម (ព្រែកលៀប) និងសាកលវិទ្យាល័យកសិកម្មកំពង់ចាម ឬជ្រើសរើសអ្នកដែលមានបទពិសោធន៍ខាងកសិកម្ម នៅតាមមូលដ្ឋានស្រាប់»។ ចំណែកប្រាក់ឧបត្ថម្ភគាំទ្រ សម្រាប់មន្រ្តីទាំងនោះ គឺរៀបចំដូចទៅនឹង ប្រាក់បៀវត្សរបស់គ្រូបង្រៀននៅតាមស្ថាប័នរដ្ឋ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ដែរថា មន្រ្តីជំនាញកសិកម្មទាំងអស់ បន្ទាប់ពីឆ្លងការបណ្ដុះបណ្ដាលរួចរាល់ហើយ ត្រូវបញ្ជូនឲ្យទៅបម្រើការតាមមូលដ្ឋានឃុំនៅទូទាំងប្រទេស។ ចំពោះការងាររបស់មន្រ្តីជំនាញកសិកម្ម គឺត្រូវចេះជួយសម្រួលដល់ការងារប្រជាពលរដ្ឋ ដូចជា៖ ផ្នែកបច្ចេកទេស កសិកម្ម ការប្រើប្រាស់ជី និងការកែឆ្នៃជីធម្មជាតិ ជៀសវាងការនាំចូលជីគីមីពីប្រទេសជិតខាង។
ម្យ៉ាងទៀត នៅពេលប្រជាកសិករជួបបញ្ហាតម្លៃទិន្នផលកសិកម្មធ្លាក់ចុះ គឺមន្រ្តីជំនាញកសិកម្មឃុំ ត្រូវមានតួនាទីបង្រៀន និងពន្យល់ប្រជាកសិករឲ្យចេះប្រមូលផ្ដុំគ្នាជាសមាគម ឬបង្កើតជាក្រុមមួយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាមួយគ្នា។
សូមជម្រាបថា ការដាក់មន្ត្រីជំនាញកសិកម្មឃុំចំនួន ១០ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម គឺជាដំណើរការសាកល្បង និងជាគំរូមួយ ដើម្បីឈានទៅដល់ការពង្រើកបន្ថែមនៅឃុំផ្សេងៗទៀត និងឲ្យបានទូទាំងប្រទេស៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


