ព័ត៌មានជាតិ
ស្ទើរពេញមួយជីវិត លោកស្រី ម៉ិញ កុសនី បានលះបង់សម្រាប់សិល្បៈវប្បធម៌ខ្មែរ
នៅព្រឹកថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ជាក្ដីសោកស្ដាយសម្រាប់មរតកមនុស្សរស់កម្ពុជា ដែលនាដការីរបាំព្រះរាជទ្រព្យ លោកស្រី ម៉ិញ កុសនី បានទទួលមរណភាព ដោយរោគាពាធ។ លោកស្រី ម៉ិញ កុសនី បានលះបង់ទាំងកម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី សម្រាប់របាំបុរាណខ្មែរ និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារបម្រើវិស័យវប្បធម៌ និងសិល្បៈជាតិខ្មែរ។

បើតាមជីវប្រវត្តិដែលចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងវប្បធម៌ លោកស្រី ម៉ិញ កុសនី កើតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៤៩ ដែលមានទីកន្លែងកំណើតនៅឃុំកំពង់ធំ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកស្រី ម៉ិញ កុសនី មានកម្រិតវប្បធម៌សញ្ញាបត្រមធ្យមសិក្សាភាគ១ វិញ្ញាបនបត្រនៃមហាវិទ្យាល័យគរុកោសល្យរាជធានីភ្នំពេញ និងវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា។
សម្រាប់បទពិសោធការងារវិញ គឺដំបូងឡើយ លោកស្រី ធ្វើជាគ្រូបង្ហាត់សិល្បៈ នៅការិយាល័យរបាំព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំង នាឆ្នាំ១៩៦៨ ខណៈនៅឆ្នាំ១៩៧០ លោកស្រី ម៉ិញ កុសនី បានក្លាយជានាដការីឯករបាំព្រះរាជទ្រព្យ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ នាដការីរូបនេះ បានធ្វើជាប្រធានផ្នែករបាំក្បាច់បុរាណ ជាសមាជិករណសិរ្ស និងជាសមាជិកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ នៃក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន។

លុះឆ្នាំ១៩៨០ លោកស្រី ម៉ិញ កុសនី បានបន្តកាន់តួនាទីជាប្រធានផ្នែករបាំបុរាណ នៃក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន ខណៈនៅឆ្នាំ១៩៩០ លោកស្រី ក៏ធ្វើជាសាស្ត្រាចារ្យមហាវិទ្យាល័យនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ជាបន្តបន្ទាប់ ក្រោយការបោះឆ្នោតជាតិ អាណត្តិទី២ ឆ្នាំ១៩៩៨ លោកស្រី ម៉ិញ កុសនី ត្រូវបានរដ្ឋាភិបាលតែងតាំងជាជំនួយការរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងតួនាទីជាជំនួយការរដ្ឋមន្ត្រី បានតែរយៈពេល១ឆ្នាំ ពោលគឺនៅឆ្នាំ១៩៩៩ លោកស្រី ត្រូវបានតម្លើងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដោយផ្អែកគុណសម្បត្តិ ស្នាដៃ និងការលះបង់ជាច្រើនសម្រាប់វិស័យវប្បធម៌ខ្មែរ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៤ ឆ្នាំ២០០៨ ក៏បានតែងតាំងលោកស្រី ម៉ិញ កុសនី ឱ្យកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតដល់ថ្ងៃដែលលោកស្រីទទួលមរណភាព នៅថ្ងៃនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
–
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


