ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង លោក ឃួន ផុនរតនៈ មានប្រវត្តិបែបណា?
រយៈពេលប្រមាណ៤ខែ ក្នុងមុខតំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង លោក ឃួន ផុនរតនៈ បាននិងកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្ម ហើយភ្ជាប់នឹងការប្រាស្រ័យទាក់ទងដ៏មមាញឹក និងជិតស្និទ្ធជាមួយសិស្ស និស្សិត ពលករ ពលការិនី ក៏ដូចជាសហគមន៍ខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោក ឃួន ផុនរតនៈ ដែលជារដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជំនួសលោកស្រី ជ្រឹង បុទុមរង្សី ដែលផុតអាណត្តិ តាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ហើយបានចាប់ផ្ដើមបេសកកម្មការងារ នៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៥។ ខណៈសារតាំងត្រូវបានប្រគល់ជូនលោក លី ជេម្យ៉ង់ ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែធ្នូ ឆ្នាំ២០២៥។

តាមជីវប្រវត្តិ ដែលចេញដោយក្រសួងការបរទេសកម្ពុជា លោក ឃួន ផុនរតនៈ គឺជាអ្នកការទូតដែលបានវិវត្តខ្លួនចេញពីការងារជាគ្រូបង្រៀនកម្រិតឧត្តមសិក្សា ដោយលោក គឺជាសាស្ត្រាចារ្យដែលបានបង្រៀននៅតាមសាកលវិទ្យាល័យធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជា សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យអន្តរជាតិ ជាដើម។
មុនក្លាយជាគ្រូបង្រៀន លោក ឃួន ផុនរតនៈ ធ្វើជាជំនួយការរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកាលណោះ ក្នុងឋានៈសម្ដេចក្រុមព្រះ ជាប្រធានរដ្ឋសភាជាតិ នៅចន្លោះឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៦ ទើបមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មី ដោយសម្ដេចចក្រី ហេង សំរិន ត្រូវឡើងកាន់ជាប្រធានរដ្ឋសភាថ្មី។

ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៥ ឆ្នាំ២០១៣ លោក ឃួន ផុនរតនៈ បានផ្ដើមឈានជើងចូលបម្រើកិច្ចការក្នុងជួររាជរដ្ឋាភិបាល ដោយទទួលបានការតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការរបស់ក្រសួងការបរទេស ហើយក្រោយមក លោក ក៏ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្មនៅឯក្រៅប្រទេសជាលើកដំបូង ក្នុងតួនាទីជាឯកអគ្គរាជទូតប្រចាំនៅអារ៉ាប់ អេហ្ស៊ីប អាល់ហ្សេរី ម៉ារ៉ុក អេត្យូពី អារ៉ាប៊ីសាអូឌីត និងសហភាពអាហ្វ្រិក។
បេសកកក្មការទូត រយៈពេល៤ឆ្នាំ ត្រូវបានបញ្ចប់ លោក ឃួន ផុនរតនៈ បានវិលមកកាន់មុខតំណែងចាស់របស់លោក ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ហើយមិនបានមួយឆ្នាំផង គឺនៅក្នុងឆ្នាំ២០២៣ លោក ក៏ត្រូវបានដំឡើងជារដ្ឋលេខាធិការ មុនពេលលោកចេញទៅកាន់តួនាទីជាឯកអក្គរាជទូតជាថ្មីម្ដងទៀតពេលនេះ។

ទាំងនេះជាបទពិសោធកាងាររបស់លោក ឃួន ផុនរតនៈ លើកិច្ចការងារការទូត និងសហប្រតិបត្តិការអន្តរជាតិ ហើយបើនិយាយដល់ការសិក្សា កូនអ្នកខេត្តបាត់ដំបងរូបនេះ ទទួលបានការសិក្សារៀនសូត្រ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅឯក្រៅប្រទេស ជាអាទិ៍ ថ្នាក់បរិញ្ញាបត្រអក្សរអង់គ្លេស នៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចអប់រំ និងគ្រប់គ្រងអប់រំ នៃ Northeast normal university ប្រទេសចិន រួមទាំងទទួលបានវិញ្ញាបនបត្រអន្តរជាតិមួយចំនួនទៀតពីសាកលវិទ្យាល័យក្នុងប្រទេសសិង្ហបុរី និងនូវែលហ្សេឡង់ ជាដើម។ ខណៈភាសាបរទេស គឺ លោកអាចប្រើប្រាស់បាននូវភាសាអង់គ្លេស និងភាសាចិន៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


