ព័ត៌មានអន្ដរជាតិ
លោក Lee Jae-myung ផ្ដើមពីកម្មកររោងចក្រក្លាយទៅជាប្រធានាធិបតីកូរ៉េខាងត្បូង
ដំណើរដ៏គួរឱ្យកត់សម្គាល់របស់លោក Lee Jae-myung ពីការចាប់ផ្តើមនៅក្នុងភាពក្រីក្ររហូតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទី២១ ឆ្លុះបញ្ចាំងមិនត្រឹមតែភាពធន់ផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្លាស់ប្តូររបស់ប្រទេសពីប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកទៅជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេមួយផងដែរ។

កើតនៅឆ្នាំ១៩៦៣ ក្នុងគ្រួសារក្រីក្រខ្លាំង ជីវិតដំបូងរបស់លោក Lee ត្រូវរស់នៅក្នុងភាពលំបាក។ ថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់លោកនៅតែមិនច្បាស់លាស់ដោយសារតែការចុះឈ្មោះយឺតយ៉ាវនៅក្នុងយុគសម័យដែលមានទារកស្លាប់ខ្ពស់។ ធំឡើងជាកូនទីប្រាំក្នុងចំណោមកូនប្រាំពីរនាក់ លោក Lee បានឈប់រៀននៅវ័យជំទង់ ដើម្បីផ្គត់ផ្គង់គ្រួសារដោយធ្វើការនៅក្នុងរោងចក្រផលិតស្រោមដៃកីឡាបាល់ទះ។
ទើបតែអាយុ ១៥ឆ្នាំ លោក Lee បានជួបគ្រោះថ្នាក់នៅកន្លែងធ្វើការធ្វើឱ្យដៃឆ្វេងរបស់គាត់មិនអាចដាក់ត្រង់បាន។ ទោះបីជាការអប់រំផ្លូវការមានកម្រិតក៏ដោយលោក Lee បានបញ្ចប់ការប្រឡងថ្នាក់វិទ្យាល័យ ហើយទីបំផុតបានចូលរៀននៅសាកលវិទ្យាល័យ Chung-Ang ផ្នែកច្បាប់។ លោកបានប្រឡងជាប់ក្លាយជាមេធាវីនៅឆ្នាំ ១៩៨៦ ហើយបានចាប់ផ្តើមអាជីពក្នុងការតស៊ូមតិសម្រាប់កម្មករ ជនរងគ្រោះនៃគ្រោះថ្នាក់ឧស្សាហកម្ម និងប្រជាជនដែលមានប្រាក់ចំណូលទាបដែលត្រូវបានផ្លាស់ទីលំនៅដោយគម្រោងអភិវឌ្ឍន៍ឡើងវិញ។
លោក Lee បានចាប់ផ្តើមអាជីពនយោបាយក្នុងឆ្នាំ ២០០៦ ប៉ុន្តែការព្យាយាមដំបូងរបស់លោកក្នុងការក្លាយជាអភិបាលក្រុង Seongnam មិនបានជោគជ័យទេ។ លោក ក៏បានបរាជ័យក្នុងការឈ្នះអាសនៈក្នុងសភាក្នុងឆ្នាំ ២០០៨ថែមទៀត។ ទោះយ៉ាងណាក៏ដោយ លោកមិនបានចុះចាញ់ឡើយដោយក្នុងឆ្នាំ ២០១០ លោកត្រូវបានជ្រើសរើសជាអភិបាលក្រុង Seongnam ហើយត្រូវបានជាប់ឆ្នោតឡើងវិញនៅក្នុងឆ្នាំ ២០១៤។
ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ លោក Lee បានបម្រើការជាអភិបាលខេត្ត Gyeonggi ដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលលោកបានពង្រីកទម្រង់នយោបាយរបស់លោកទូទាំងប្រទេស។
នៅឆ្នាំ ២០២២ លោក Lee បានចាញ់ការប្រជែងតំណែងប្រធានាធិបតីជាលើកដំបូងទៅលោក Yoon Suk-yeol ដោយទទួលបានសម្លេងត្រឹមតែ ០.៧៣% ប៉ុណ្ណោះ ជាចំនួនតិចបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។

ក្រោយមកលោកមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មចំនួន ៥ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីការរំលោភច្បាប់បោះឆ្នោត និងអំពើពុករលួយ។ ទោះបីជាមានបញ្ហាផ្លូវច្បាប់ដែលកំពុងបន្ត លោក Lee នៅតែជាបុគ្គលលេចធ្លោម្នាក់។ ការបង្ហាញភាពដ៏រឹងមាំរបស់គណបក្សប្រជាធិបតេយ្យរបស់លោកនៅក្នុងការបោះឆ្នោតសភាឆ្នាំ ២០២៤បានពង្រឹងជំហររបស់លោក ដែលទីបំផុតនាំឱ្យលោកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៥ បន្ទាប់ពីលោក Yoon ត្រូវបានចោទប្រកាន់ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស។
លោក Lee ជាធម្មតាត្រូវបានគេហៅថា «អ្នកអនុវត្តជាក់ស្តែងដ៏ជឿនលឿន» ដែលមានន័យថាគាត់គាំទ្រគំនិតឆ្វេងនិយម ប៉ុន្តែក៏អាចបត់បែនបាន និងធ្វើជាក់ស្តែងផងដែរ។ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោកបានបន្ទន់សារវឌ្ឍនភាពរបស់លោកដើម្បីទាក់ទាញអ្នកបោះឆ្នោតបន្ថែមទៀតដូចជា ផែនការជាក់ស្តែងរួមមាន ការវិនិយោគបន្ថែមលើបញ្ញាសិប្បនិម្មិត(AI) កាត់បន្ថយថ្ងៃធ្វើការមកត្រឹម ៤.៥ ថ្ងៃក្នុងមួយសប្ដាហ៍ និងផ្តល់ការសម្រាលពន្ធដល់គ្រួសារដោយផ្អែកលើចំនួនកូនដែលពួកគេមាន។

ចំពោះគោលនយោបាយការបរទេស លោកតស៊ូមតិសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ខណៈពេលដែលរក្សាសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក និងមានបំណងរក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយចិន និងរុស្ស៊ី។
ទោះយ៉ាងណាលោក Lee កំពុងក្លាយជាប្រធានាធិបតីក្នុងពេលដ៏លំបាកមួយ។ ប្រជាជននៅកូរ៉េខាងត្បូងមានការបែកបាក់គ្នាយ៉ាងខ្លាំង ហើយពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរដូចជាសង្រ្គាមនៅក្នុងតំបន់ផ្សេងទៀត សេដ្ឋកិច្ចពិភពលោកដ៏រង្គោះរង្គើ និងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកឥឡូវនេះក្រោមការដឹកនាំរបស់លោក Donald Trump។
ទោះបីជាលោក Lee ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងផ្លូវច្បាប់មួយចំនួនក៏ដោយ ប៉ុន្តែលោកនឹងមិនត្រូវប្រឈមមុខនឹងការកាត់ក្តីក្នុងពេលលោកជាប្រធានាធិបតីនោះទេ។ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងនឹងការពារប្រធានាធិបតីដែលកំពុងអង្គុយកាន់តំណែងពីការកាត់ទោស។
សូមបញ្ជាក់ថាដំណើររបស់លោក Lee Jae-myung ដើម្បីក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក ជំនាញនយោបាយដ៏ឆ្លាតវៃ និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការជួយអ្នកដទៃដែលប្រឈមមុខនឹងការលំបាកដូចគ្នាទៅនឹងអ្វីដែលលោកធ្លាប់ជួបប្រទះ។
យ៉ាងណាតំណែងប្រធានាធិបតីរបស់លោកនឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ទាំងផលប៉ះពាល់ក្នុងស្រុក និងពីរបៀបដែលលោកជ្រៀតចូលឆាកអន្តរជាតិដែលកំពុងមានការប្រែប្រួល៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ