ព័ត៌មានជាតិ
តំបន់ទេសចរណ៍ភ្នំទឹកធំក្នុងស្រុកកំពង់ត្រាចបានទាក់ទាញទេសចរច្រើនជាងមុន បន្ទាប់ពីបានរៀបកែលម្អបានស្អាត
កំពត ៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះនៅនៅវត្តភ្នំរាបជាតំបន់ភ្នំទឹក ស្ថិតនៅជាប់ខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច មានភាពទាក់ទាញទេសចរជាងមុន បន្ទាប់ពីមានគំនិតផ្តួចផ្តើមរៀបជាតំបន់ទេសចរណ៍ ធម្មជាតិ ផ្សារភ្ជាប់នឹងទេសចរណ៍សាសនា ពីព្រះចៅអធិការវត្តភ្នំរាបមក។

ប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានគាំទ្រនិងចូលរួមគំនិតផ្តួចផ្តើមក្នុងបំណងអភិរក្ស និងបម្រើប្រយោជន៍សាធារណៈ។

ព្រះចៅអធិការវត្តភ្នំរាប ព្រះភិក្ខុ សុត ដាវី បានឲ្យដឹងថា ដោយមើលឃើញអំពីសក្តានុពលតំបន់ភ្នំទឹកដែលជាតំបន់ជាប់ខ្សែបន្ទាត់ព្រំដែន និងដើម្បីរួមចំណែកជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ព្រះអង្គមានគំនិតផ្តួចផ្តើមច្នៃប្រឌិត រៀបចំតំបន់ភ្នំទឹក ឲ្យក្លាយទៅជាតំបន់ធម្មជាតិមួយ ដែលអាចទាក់ទាញទេសចរឲ្យមកលេង ដើម្បីបង្កើតឱកាសការងារនៅក្នុងមូលដ្ឋានផង និងដើម្បីអភិរក្សភ្នំទឹកដ៏កម្រនេះផង។

ព្រះអង្គបានបង្កើតស្ពានឫស្សីដើរជុំវិញភ្នំទឹកសម្រាប់ថតរូបអនុស្សាវរីយ៍ ជិះទូកដោយឥតគិតថ្លៃក្នុងល្អាងភ្នំ និងតំបន់ជុំវិញ និងសាងកាំជណ្តើរសម្រាប់ដើរទស្សនានៅក្នុងរូងភ្នំជាដើម។

ពលរដ្ឋលក់ដូរចំណីអាហារនៅតំបន់ភ្នំទឹកបានប្រាប់ឲ្យដឹងថា ចាប់តាំងពីព្រះចៅអធិការវត្តបានមកជួយរៀបចំភ្នំទឹកធំ និងតូច រយៈពេលប្រមាណជា៦ខែមកនេះ បានទាក់ទាញទេសចរជាច្រើនមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេស ឲ្យមកកម្សាន្ត ហើយពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារ អាចមកលក់ដូរនៅទីនេះ។

ភ្ញៀវទេសចរណ៍មកពីខេត្តតាកែវ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ដោយមើលឃើញគំនិតផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តល្អ ជួយគាំទ្រដល់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋាន ពិសេសរក្សាបាននូវកេរដំណែលធម្មជាតិដ៏កម្រផងនោះ ពួកគាត់បាននាំគ្នាមកធ្វើបុណ្យនៅភ្នំរាបផង និងមកដើរកម្សាន្តនៅភ្នំទឹកនេះផង ដើម្បីជួយគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ព្រះអង្គ។

ប្រធានមន្ទីរទេសចរណ៍ខេត្តលោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា លោកគាំទ្រចំពោះគំនិតច្នៃប្រឌិតតំបន់ភ្នំទឹក ជាកន្លែងទេសចរណ៍ធម្មជាតិ និងបានទាក់ទាញទេសចរឲ្យមកកម្សាន្តច្រើន ប៉ុន្តែប្រសិនបើព្រះចៅអធិការវត្តមានចក្ខុវិស័យ ចង់ប្រែក្លាយតំបន់ភ្នំទឹកឲ្យទៅជាតំបន់ទេសចរណ៍សាសនា គឺត្រូវមានការស្នើសុំ និងការចុះពិនិត្យ និងវាយតម្លៃទៅលើទិដ្ឋភាពច្បាប់ពាក់ព័ន្ធផ្សេងៗជាមុន។

លោកចៅអធិការវត្តភ្នំរាបបានបញ្ជាក់ផងដែរថា ការច្នៃប្រឌិតបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិក្នុងសហគមន៍ ក្នុងន័យអភិរក្ស គឺរឿងល្អបំផុត ហើយមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពតតែងតែយកចិត្តទុកដាក់ នឹងចូលរួមគាំទ្រជានិច្ច ពិសេសភ្នំទឹកដែលជាភ្នំកម្រមួយរបស់កម្ពុជា ដែលមានប្រភពទឹកចេញ ជាប់ជាប្រចាំ មិនដែលរីងស្ងួន តាំងពីបុរមបូរាណ មកដល់បច្ចុប្បន្ននេះ៕
ដោយ ៖ សឹង រ៉ាត់










-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


