ព័ត៌មានជាតិ
ពិធីបុណ្យអុំទូក ៣ថ្ងៃ ខេត្តកោះកុងស្វាគមន៍ភ្ញៀវទេសចរជាង ៧ម៉ឺន ៨ពាន់នាក់មកលេងកម្សាន្ត
ខេត្តកោះកុង បានទទួលស្វាគមន៍ភ្ញៀវទេសចរសរុប ៧៨.៥២១នាក់ ដែលពួកគេបានចាប់អារម្មណ៍មកស្នាក់នៅ និងដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ។

ស្របពេលស្ថានភាពបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ បានធូរស្រាល ជាឱកាសដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរដើរលេងលម្ហែតាមរមណីយដ្ឋាននានា ជាក់ស្តែងខេត្តកោះកុងមានមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៧៨.៥២១នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន ៨៣៧ នាក់ បានមកស្នាក់នៅ និងលេងកម្សាន្តយ៉ាងសប្បាយរីករាយសុវត្ថិភាព។

លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរខេត្តកោះកុង បានឱ្យ កម្ពុជាថ្មី ដឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ភ្ញៀវជាតិមានចំនួន ៧៧,៦៨៤ នាក់ កើនឡើង៤៦,៨៦២នាក់ ស្មើនឹង១៥២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ភ្ញៀវបរទេសចំនួន ៨៣៧ នាក់ កើនចំនួន ២៤១ នាក់ ស្មើនឹង ៤០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

លោក សាគុណ ភក្តី អះអាងទៀតថា មូលហេតុដែលនាំឱ្យមានភ្ញៀវទេសចរមកលេងកម្សាន្ត និងស្នាក់នៅច្រើន ព្រោះតែស្ថានភាពបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ បានធូរស្រាល ក្រោមការចុះកិច្ចព្រមព្រៀងសន្តិភាពរបស់រាជរដ្ឋាភិបាលប្រទេសទាំង២នៅប្រទេសម៉ាឡេស៊ី។ អាកាសធាតុអំណោយផលល្អ មានតំបន់ទេសចរណ៍ថ្មីៗច្រើន កំណាត់ផ្លូវជាតិលេខ១០ និងលេខ៤៨ ស្ថាបនារួចរាល់ងាយស្រួលក្នុងការធ្វើដំណើរលំហូរភ្ញៀវទេសចរធ្វើដំណើរពីបណ្តារាជធានី-ខេត្ត ពិសេសខេត្តពោធិសាត់ ប៉ៃលិន បាត់ដំបង។

ទាក់ទិននឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ លោកកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងនគរបាលខេត្តកោះកុង គូសបញ្ជាក់ថា អំឡុងពិធីបុណ្យអុំទូក៣ថ្ងៃនេះ សមត្ថកិច្ចនគរបាលរបស់លោកបានដាក់ពង្រាយកម្លាំងជំនាញគ្រប់គោលដៅរមណីយដ្ឋានទេសចរណ៍ ដើម្បីត្រៀមការពារថែរក្សាសុវត្ថិភាពជូនអ្នកទេសចរ និងប្រជាពលរដ្ឋ។ លោកស្នងការរងខេត្តកោះកុង បន្តទៀតថា ស្ថានភាពការការពារសុខសណ្តាប់ធ្នាប់គ្រប់គោលដៅ គឺប្រព្រឹត្តបានដោយរលូន និងជោគជ័យពុំមានបញ្ហាធំដុំអ្វីកើតមានឡើងនោះទេ ពោលគឺគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើរ។

គួរជម្រាបថា គោលដៅទេសចរសំខាន់ៗរបស់អ្នកទេសចរ គឺរមណីយដ្ឋានឆ្នេរសមុទ្រនេសាទ អេកូទេសចរធម្មជាតិឃុំជីផាត់ កោះស្តេច ចេតិយឃុនឆាងឃុនផែន ទីរួមខេត្ត ឆ្នេរសមុទ្រប៉ាក់ខ្លង និងអេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោបជាដើម។ ភ្ញៀវទេសចរសម្រុកមកលេងកម្សាន្តក្នុងខេត្តកោះកុង សេវាកម្មស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះលម្ហែ ជួបប្រទះខ្វះខាតការផ្តល់កន្លែងស្នាក់នៅជូនអ្នកទេសចរ ដោយរដ្ឋបាលខេត្តកោះកុង ជូនដំណឹងដល់ភ្ញៀវទេសចរដែលខ្វះខាតកន្លែងស្នាក់នៅ អាចអញ្ជើញមកស្នាក់នៅសាលមហោស្រពខេត្ត មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត សាខាកាកបាទក្រហមខេត្ត និងទីស្នាក់ការគណបក្សប្រជាជនខេត្ត៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


