ព័ត៌មានជាតិ
រដ្ឋបាលរាជធានី មិនយកថ្លៃក្នុងការតាំងលក់ផលិតផលខ្មែរ នាបុណ្យអុំទូក ២០២៣
លោក កើត ឆែ អភិបាលរង រាជធានី បានលើកឡើងថា ច្បាប់បង្កើតឡើងមិនមែនការពារមនុស្សអាក្រក់នោះទេ ច្បាប់បង្កើតឡើងដើម្បីការពារមនុស្សល្អ ច្បាប់មិនលើកលែងដាច់ខាតចំពោះអ្នកប្រព្រឹត្តមិនល្អ គៀបសង្កត់ អ្នករកស៊ី ហើយនៅបុណ្យអុំទូកឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនយកលុយមួយរៀលឡើយចំពោះការតាំងលក់ផលិតផលរបស់ខ្មែរ។

ការលើកឡើងនេះ ធ្វើឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងសិក្ខាសាលា ស្តីអំពី ការអភិវឌ្ឍអាជីវកម្មក្រោយបរិបទជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក្រោមវត្តមាន លោក កើត ឆែ តំណាង លោក ឃួង ស្រេង អភិបាលរាជធានី និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហ គ្រាសធុនតូច និងមធ្យមកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម ព្រមទាំងមានការចូលរួមពីលោក លោកស្រី ដែលជាម្ចាស់សិប្បកម្មធុនតូច និងមធ្យម ជាច្រើនរូប។

លោក កើត ឆែ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើតច្បាប់ ហើយការបង្កើតច្បាប់នេះ មិនមែនការពារមនុស្សអាក្រក់នោះទេ ច្បាប់បង្កើតឡើងដើម្បីការពារមនុស្សល្អ។ ច្បាប់មិនលើកលែងដាច់ខាតចំពោះអ្នកប្រព្រឹត្តអំពើមិនល្អ។ បើសិនយកច្បាប់ទៅប្រើប្រាស់ដោយធ្វើបាបមនុស្សល្អ មានន័យថា យើងប្រាស់ចាកពីច្បាប់ហើយ។ ច្បាប់មិនលើកលែងដាច់ខាតចំពោះអ្នកប្រព្រឹត្តមិនល្អ គៀបសង្កត់អ្នករកស៊ី។ នេះជាកត្តាខាងក្រៅ តែយើងក៏ត្រូវគិតពីកត្តាខាងក្នុងដែរ ដែលទាមទារឱ្យមានតម្លាភាពជាមួយអថិតិជន។ ពេលបុណ្យអុំទូកឆ្នាំនេះ លោកសូមឱ្ យលោកឧកញ៉ា លោក លោកស្រី ធ្វើលិខិតមកររដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលនឹងមិនយកលុយមួយរៀលទេសម្រាប់ការតាំងលក់ទំនិញរបស់បងប្អូន ដើម្បីលើកកម្ពស់ផលិតផលរបស់ខ្មែរយើង។

លោក កើត ឆែ មានប្រសាសន៍បន្តថា វគ្គសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ រដ្ឋបាលរាជធានីភ្នំពេញ និងខិតខំសុំឱ្យមានកន្លែងសម្រាប់លក់ដូរផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្ហាញពីផលិតផលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលរបស់ខ្មែរ ប៉ុន្តែក៏ទាមទារឱ្យមានស្តង់ដាអនាម័យខ្ពស់ និងតម្លៃក៏អាចទទួលយកបាន។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហ គ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ដោយមើលឃើញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានច្រើនដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ការជំរុញទីផ្សារក្នុងស្រុក និងការជំរុញទីផ្សារទៅក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់គាត់។

លោកឧកញ៉ា តែ តាំងប៉ បានបន្តថា គោលបំណងសំខាន់មួយទៀត គឺប្រមូលបញ្ហាប្រឈមនានាក្នុងអាជីវកម្ម ទាក់ទងនឹងការលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងដំណើរការនាំចេញផងដែរ។ សម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងរៀបចំសិក្ខាសាលានេះនៅ ២៥រាជធានី-ខេត្ត ដោយមិនយកថវិកានោះឡើយ។

គួររម្លឹកថា ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ និយោជិតមកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នៅចុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល នឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបលើកទី៧០ឆ្នាំ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក លក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការអាក់ខានកាលពីឆ្នាំកន្លងទៅ ដោយសារកម្ពុជាជាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មិនមែនរាជរដ្ឋាភិបាលខ្វះថវិកាដើម្បីរៀបចំនោះទេ។

គួរបញ្ជាក់ថា ពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៧០ឆ្នាំ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ