ព័ត៌មានជាតិ
លោក កើត ឆែ ៖ ការអនុវត្ត ថវិកាកម្មវិធី ត្រូវផ្សារភ្ជាប់លទ្ធផលសម្រេចបាន «ចាយឱ្យចំគោលដៅ ចាយឱ្យទទួលបានលទ្ធផល»
រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឋានៈជាអង្គភាពថវិកា បាននិងកំពុងអនុវត្តនូវ «ថវិកាកម្មវិធី» ដែលត្រូវបានរៀបចំឡើង ដោយផ្អែកលើកម្មវិធី ច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ដែលមានចែងក្នុងវិស័យនីមួយៗ។ ថវិកាកម្មវិធី គឺ ត្រូវផ្សារភ្ជាប់ទៅនឹងលទ្ធផល ឬសមិទ្ធកម្ម (ផលដែលសម្រេចបាន) ឬនិយាយម្យ៉ាងទៀត «ចាយឱ្យចំគោលដៅ, ចាយឱ្យទទួលបានលទ្ធផល»។

នេះជាប្រសាសន៍លើកឡើងរបស់ លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក សាវឿន សុកុល អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អញ្ជើញក្នុងពិធីបើក «វគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២៦-២០២៨ ការរៀបចំគម្រោងថវិកាឆ្នាំ ២០២៦ និងការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពចំណេះដឹងពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តិថ្មីៗ ដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកការងារហិរញ្ញវត្ថុ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ពាក់ព័ន្ធនឹងនីតិវិធីហិរញ្ញវត្ថុ។

លោកបន្តទៀតថា «វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងជាទៀងទាត់នៅក្នុងដំណើរការ នៃការរៀបចំផែនការថវិកា សម្រាប់ឆ្នាំបន្ទាប់ N+1 ស្របតាមអភិក្រមដូចមានកំណត់ក្នុងសារាចរណែនាំ លេខ ០១១ ចុះថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្ត ឆ្នាំ ២០២៦- ២០២៨ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៦។

លោកបានបន្ថែមថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកា ឱ្យចំទិសដៅ និង ទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក ជាដំណាក់កាលៗ នៃសសរស្ដម្ភកំណែទម្រង់នោះគឺ «ភាពជឿទុកចិត្ត នៃថវិកា», «គណនេយ្យភាពហិរញ្ញវត្ថុ», «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» និង «ថវិកាសមិទ្ធកម្ម»។ សម្រាប់ការរៀបចំគម្រោងថវិកាឆ្នាំ ២០២៦, រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំផែនការចំណូល- ចំណាយ និងកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានីភ្នំពេញ (២០២៦-២០២៨) នាពេលកន្លងមក ហើយនឹងធ្វើការពិនិត្យលម្អិតចុងក្រោយ មុននឹងដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នាពេលខាងមុខនេះ ឱ្យស្របតាមនីតិវិធីផងដែរ។ ការរៀបចំផែនការគម្រោងចំណាយរបស់រដ្ឋបាលខណ្ឌ-សង្កាត់ លោកស្នើឱ្យរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំងអស់ ត្រូវធ្វើការប្រជុំពិនិត្យមើលលើគម្រោងអាទិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានម៉ត់ចត់ ដូចជា គម្រោងអភិវឌ្ឍន៍នៅតាមបណ្តាខណ្ឌ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ គម្រោងអភិវឌ្ឍន៍នៅតាមបណ្តាខណ្ឌជាយរាជធានីភ្នំពេញ ដោយត្រូវគិតគូរបញ្ចូលនូវសំណើ-សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ។ លើសពីនេះ រដ្ឋបាលខណ្ឌ-សង្កាត់ ក៏ត្រូវយកចិត្តទុកដាក់លើមុខសញ្ញាចំណាយថវិកាសេវាសង្គម និង អនាម័យបរិស្ថាន ផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


