ព័ត៌មានជាតិ
សិក្ខាសាលា ពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យកាន់តែប្រសើរឡើង
ដើម្បីធានាបានថា រដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យកាន់តែមានសមត្ថភាព ដែលអាចឆ្លើយតបទៅនឹងតម្រូវការ នៃការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានី បានរៀបចំឱ្យមានសិក្ខាសាលា ផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្ដូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ។

អង្គសិក្ខាសាលានេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានវត្តមានលោក មាស ពេជ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈជាគ្រូឧទ្ទេស ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការរដ្ឋបាលរាជធានី ,រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត។

លោក កើត ឆែ បានមានប្រសាសន៍ថា សិក្ខាសាលានេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីខ្លឹមសារ «អនុក្រឹត្យស្ដីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្ដូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ» ដែលជាលិខិតបទដ្ឋានគតិយុត្តិមួយថ្មី សម្រាប់គ្រប់គ្រងមុខតំណែង នាយក នៃគ្រឹះស្ថានមត្តេយសិក្សា និងបឋមសិក្សា ដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ត្រូវបានរៀបចំឡើងជាលើកទី ២ បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយលើកទី ១ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដោយបន្តផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូល នៃយុទ្ធសាស្ត្រ ព្រមទាំងបានកំណត់ជាអាទិភាពគន្លឹះចំនួន ០៥ ក្នុងនោះ អាទិភាពគន្លឹះទី ១ គឺ «ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ»។ លើមូលដ្ឋាន នៃការអនុវត្តវិធានការគន្លឹះនេះ ក្របខណ្ឌកំណែទម្រង់រដ្ឋបាលសាធារណៈបានបន្តពង្រឹងការគ្រប់គ្រងបុគ្គលិកជាមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការផ្ទេរមុខងារ ដោយផ្សារភ្ជាប់មកជាមួយនូវធនធាន (មនុស្ស និងហិរញ្ញវត្ថុ) កាន់តែច្រើនឡើងៗ ដើម្បីធានាបានថា រដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យកាន់តែមានសមត្ថភាព ដែលអាចឆ្លើយតបទៅនឹងតម្រូវការ នៃការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក កើត ឆែ បានធ្វើការផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ ដើម្បីទទួលបានចំណេះដឹងយកទៅអនុវត្តក្នុងការងារគ្រប់គ្រងបុគ្គលិក អប់រំខណ្ឌ ធានាបាននូវអត្ថប្រយោជន៍ លក្ខខណ្ឌការងារ និងការវិវត្តន៍អាជីពរបស់ខ្លួន។

លោក កើត ឆែ នាឱកាសនោះ ក៏បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ ដែល កន្លងមក តែងតែបានណែនាំ តម្រង់ទិស និងផ្តល់ការគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពក្រោមឱវាទ ពិសេសលើការបណ្ដុះបណ្ដាលជំនាញសមត្ថភាព ដើម្បីលើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិកនៅថ្នាក់ក្រោមជាតិ៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


