Connect with us

ព័ត៌មានជាតិ

អភិបាលរងរាជធានី ៖ ស្មៀនសង្កាត់ទាំង ១០៥ សូមចូលរួមថែរក្សាសមិទ្ធផល សន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស

បានផុស

នៅ

លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ​បាន​សូមឱ្យ​ស្មៀន​សង្កាត់​ទាំង ​១០៥ ចូលរួម​ថែរក្សា​សមិទ្ធផល​ដែល​រកបាន​មក​ដោយ​លំបាក​របស់ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​មក​ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី នោះ​គឺ​សន្តិភាព​នៅ​កម្ពុជា។ សន្តិភាព​នេះ​ហើយ បានធ្វើឱ្យ​យើង​មាន​ឱកាស​ធ្វើ​អ្វីៗ ​គ្រប់យ៉ាង ​រហូតមកដល់​សព្វថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើសុំ​បែបនេះ​របស់ លោក កើត ឆែ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​ ១៦ ខែ​មិថុនា ​ឆ្នាំ​ ២០២៥ ខណៈ​លោក​បាន​អញ្ជើញ​ជា​តំណាង​ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​រំលឹក​ឡើងវិញ​ស្តីពី «​កិច្ចការ​ស្មៀន​» នៅ​សាលា​រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នោះដែរ លោក កើត ឆែ ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ដែល​កន្លងមក តែងតែ​បាន​ធ្វើការ​បណ្ដុះបណ្ដាល​បុគ្គលិក​-​មន្ត្រីរាជការ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

លោក កើត ឆែ មានប្រសាសន៍​បន្ត​ថា ស្មៀន​ បាន​ដើរ​តួនាទី​ចម្បង​ចំនួន​ ០២ ជា​អ្នក​សម្របសម្រួល​ការងារ​រដ្ឋបាល​ផ្ទៃក្នុង នៃ​រដ្ឋបាល​សង្កាត់​ផង និង​ជា​អ្នកសម្របសម្រួលប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​។ ការបង្កើត​នូវ​យន្តការ​ច្រកចេញ​ចូល​តែមួយ​នៅ​ថ្នាក់​សង្កាត់ កាលពី​ឆ្នាំ​ ២០២២ បានធ្វើឱ្យ​ទំហំ​ការងារ​របស់​ស្មៀន កាន់តែ​ច្រើន​ឡើង​ទ្វេដង ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្មៀន ​ក៏​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​លើ​ការងារ​ឌីជីថល ​, ការងារ​របៀប និង​គ្រប់គ្រង​ឯកសារ​រដ្ឋបាល និង​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​ទន់ រួមមាន «​ការ​អភិវឌ្ឍ​ផ្នត់គំនិត ​, Mindset » និង «​ភាពជា​ថ្នាក់ដឹកនាំ​ , Leadership»​ ផង​ដែរ។

លោក កើត ឆែ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា វគ្គ​បណ្តុះបណ្តាល​ក្នុងថ្ងៃនេះ នឹង​ផ្តោតលើ​ទិដ្ឋភាព​សំខាន់ ០២ នោះ​ គឺ ទី០១.តួនាទី ភារកិច្ច របៀបរបប​ការងារ​របស់​ស្មៀន និង​កិច្ចការ​រដ្ឋបាល​ឃុំ សង្កាត់ និង​ទី០២.ការ​រំលឹក​ឡើងវិញ​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​ការងារ និង​ឥរិយាបថ​មន្ត្រីរាជការ ដែល​ស្មៀន​ត្រូវ​ប្រកាន់​ខ្ជាប់។

លោក សូ មុនី​រក្សា នាយក​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​លើក​ឡើង​ថា ស្មៀន​សង្កាត់​នៅ​ភ្នំពេញ គឺ​សុទ្ធតែ​មនុស្ស​មាន​ចំណេះដឹង​ខ្ពស់ ពោល​គឺ​ស្ទើរ​តែ​ ៨០​ ភាគរយ​ ទៅ​ហើយ ជា​ស្មៀន​ដែល​មាន​សញ្ញាបត្រ​បរិញ្ញា​ឡើង​ទៅ។ ការបណ្តុះបណ្តាល​ស្មៀន​នា​ពេលនេះ ដើម្បីឱ្យ​ស្មៀន​ទទួលបាន​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន ចេះ​ពី​កិច្ច​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ក្រមសីលធម៌ វិជ្ជាជីវៈ​ការងារ និង​កិច្ច​ការងារ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម