Connect with us

ព័ត៌មានជាតិ

តំណាងសហជីព ពន្យល់មូលហេតុទាមទារឲ្យមានការតម្លើងប្រាក់ឈ្នួលបន្ថែម សម្រាប់ឆ្នាំ ២០២៤

បានផុស

នៅ

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ភាគី​សហជីព​ទាមទារ​ឲ្យ​មាន​ការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ ២០២៤ ដើម្បី​ចូលរួម​លើក​ស្ទួយ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ ដោយសារ​បច្ចុប្បន្ន​ប្រាក់ចំណូល​ពួកគាត់​ទាប​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​កិច្ចប្រជុំ​ប្រាក់​ឈ្នួល កាលពី​ថ្ងៃ​ទី ២៨ សីហា ថា បច្ចុប្បន្ន​នេះ​ការ​ចំណាយ​ទៅ​លើ​ការ​រស់នៅ​របស់​កម្មករ​និយោជិត​ច្រើនជាង​មុន ដោយសារ​អតិផរណា​ខ្ពស់​ជាង​មុន ពិសេស​លើ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ស្បៀងអាហារ​ខ្ពស់ បើ​ធៀប​មុនៗ ទោះបីជា​អតិផរណា​ទូទៅ​មាន​ត្រឹម ២,៥% ក៏ដោយ ខណៈ​ប្រាក់ចំណូល​របស់​ពួកគាត់​ទាប​ជាង​មុន។

លោក​បាន​បន្ត​ថា ប្រាក់​ចំណូល​ទាប​ជាង​មុន​នេះ ទាំង​ភាគី​និយោជក និង​រដ្ឋាភិបាល ក៏បាន​ទទួល​ស្គាល់​ដែរ។ លោក​បាន​ស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល គួរ​ពិនិត្យ​លើ​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ពិសេស​ទំនិញ​ជា​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ដូចជា អាហារ ឬ ត្រី សាច់ និង​ជួយ​ពិនិត្យ​ផ្ទះ​ជួល​ដែល​កម្មករ​ស្នាក់នៅ ត​ទឹក និង​ភ្លើង​រដ្ឋ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​កម្មករ។

លោក​បញ្ជាក់​ថា ដោយសារ​កម្មករ​ចំណាយ​ច្រើន​ចំណូល​ទាប​ជាង​មុន ទើប​សហជីព​ស្នើ​ឲ្យ​និយោជក​ជួយ​តម្លើង​ប្រាក់​ឈ្នួល​បន្ថែម ដើម្បី​អាច​ឲ្យ​កម្មករ​រស់នៅ​បាន​សមរម្យ។

លោក​បាន​បន្ថែម​ថា «បញ្ហា​ប្រាក់​ឈ្នួល រដ្ឋាភិបាល​សម្រេច​ថា នឹង​ឡើង​ហើយ តែ​ខាង​ភាគី​និយោជក​ថា នៅ​រក្សា​ដដែល ដោយ​គាត់​សំអាង​ថា ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ និង​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ខ្ពស់ ដូចនេះ​គាត់​មិន​មាន​លទ្ធភាព​តម្លើង​ទេ​»។

យ៉ាងណាក៏ដោយ លោក​បាន​ឲ្យ​ដឹង​ថា សម្រាប់​សហជីព​នៅតែ​បន្ត​ទាមទារ​ឲ្យ​តម្លើង​ដដែល ប៉ុន្តែ​កម្រិត​ការ​ឡើង​ខ្ពស់ ឬ ទាប អាស្រ័យ​លើ​ការ​ជជែក​គ្នា​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត។

បើ​តាម លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​កាលពី​ម្សិលមិញ​ថា ភាគី​និយោជក និង​ភាគី​សហជីព មាន​ការ​យោគយល់​គ្នា​ច្រើន ដោយ​ភាគី​និយោជក​ទទួល​ស្គាល់​ពី​ការ​ធ្លាក់​ចុះ​ប្រាក់ចំណូល​ចុងក្រោយ​របស់​កម្មករ​និយោជិត​មាន​តិច​ជាង​មុន ដែល​តម្រូវ​ឲ្យ​មាន​ការ​បន្ថែម​ម៉ោង។ ចំណែក​ភាគី​សហជីព​ក៏​ទទួល​ស្គាល់​ថា ការ​នាំ​ចេញ​សម្លៀកបំពាក់​ស្បែកជើង និង​កាបូប ធ្លាក់​ចុះ​ដែរ។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា អ្វី​ដែល​ភាគី​ទាំងពីរ​នៅ​មិនទាន់​ឯកភាព​គ្នា​ត្រង់​ថា បើ​មាន​ការ​ថយ​ចុះ ឬ ស្ថានភាព​តម្រូវការ​ថយ​ចុះ និង​ក្តី​រំពឹង​ការ​កើនឡើង​វិញ​នៅ​ឆមាស​ទី ២ ឆ្នាំ ២០២៤ ក៏ដោយ ក៏​ភាគី​និយោជក​មិនទាន់​ឯកភាព​ថា តើ​គួរ​រក្សា​គោលជំហរ​ដដែល ឬ បង្កើន​យ៉ាងណា​នោះ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង ២០២៣ នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប គឺ​មាន​ចំនួន ២០០ ដុល្លារ ក្នុង​មួយ​ខែ ប្រសិនបើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​បន្ថែម កម្មករ​និយោជិត​ម្នាក់ អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី ២១៧ ទៅ ២២៨ ដុល្លារ ក្នុង​មួយ​ខែ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម