ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត នៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់
នៅក្នុងឆ្នាំ ២០២៥ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត នៅប្រទេសកម្ពុជា មានចំនួន ២០៨ ដុល្លារ ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ ដែលនឹងជួយធ្វើឱ្យជីវភាពរស់នៅរបស់កម្មករ-និយោជិត បានកាន់តែប្រសើរបន្ថែមទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៨ មករា នេះថា ដើម្បីចូលរួមលើកកម្ពស់សុខភាព និងជីវភាពរស់នៅឱ្យបានកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងគិតគូរដល់កម្មករ-និយោជិត តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់ ដែលបានកើនពី ៤០ ដុល្លារអាមេរិក នៅឆ្នាំ ១៩៩៧ ដល់ ២០៨ ដុល្លារអាមេរិក នៅឆ្នាំ ២០២៥ ជាមួយការផ្តល់ប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗ ជាច្រើនទៀតដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ៧ ដុល្លារ ក្នុង ១ ខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ ដុល្លារ ក្នុង ១ ខែ ,ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត ២ ពាន់រៀល ក្នុង ១ ថ្ងៃ ឬ ទទួលបានបាយ ១ ពេល ដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារពីឆ្នាំទី ២ ដល់ឆ្នាំទី ១១ ចន្លោះពី ២ ទៅ ១១ ដុល្លារ ក្នុង ១ ខែ។ ដូចនេះជារួមជាមធ្យមកម្មករ-និយោជិត ម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចាប់ពី ២៣០ ដុល្លារ ទៅ ៣០០ ដុល្លារ ក្នុងមួយខែៗ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស ឡើយ។

លោក កត្តា អ៊ន បានបន្តថា ប្រាក់ឈ្នួលអប្បបរមា ២០៨ ដុល្លារ នេះ បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមាតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ឃើញថា ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាខ្ពស់ជាងដូចជាប្រទេសវៀតណាមមានចំនួនចន្លោះពី ១៤៣ ដុល្លារ ១៨២ ដុល្លារ ទៅ ២០៥ ដុល្លារ ,ឡាវមានប្រាក់ឈ្នួល ៧៤ ដុល្លារ មីយ៉ាន់ម៉ាមានប្រាក់ឈ្នួល ៨៤ ដុល្លារ ស្រីលង្កា មានប្រាក់ឈ្នួល ៥៨ ដុល្លារ ប៉ាគីស្ថានមានប្រាក់ឈ្នួល ១៣២ ដុល្លារ ឥណ្ឌាមានប្រាក់ឈ្នួលពី ១៤០ ទៅ ២០៤ ដុល្លារ, បង់ក្លាដែសមានប្រាក់ឈ្នួល ១០៨ ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែទាបជាងប្រទេសហ្វីលីពីនមានប្រាក់ឈ្នួលចន្លោះពី ១៥៣ ដុល្លារ ទៅ ២៩៣ ដុល្លារ ថៃមានប្រាក់ឈ្នួល ២៤៨ ដុល្លារ ទៅ ២៩៤ ដុល្លារ និងម៉ាឡេស៊ីមានប្រាក់ឈ្នួល ៣២៨ ដុល្លារ ខណៈប្រទេសចិនមានប្រាក់ឈ្នួលចន្លោះពី ២១៦ ទៅ ៣៧៧ ដុល្លារ។

គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបឆ្នាំ ២០២៥ ចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ គឺជាលទ្ធផលបានមកពីការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៥ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១ សំឡេង បានគាំទ្រតួលេខ ២០៦ ដុល្លារ ហើយរាជរដ្ឋាភិបាលបន្ថែម ២ ដុល្លារបន្ថែមទៀត ធ្វើឱ្យប្រាក់ឈ្នួលក្នុងឆ្នាំ ២០២៥ មានចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ។ ការចរចាប្រាក់ឈ្នួលអប្បបរមានេះផ្អែកទៅលើលក្ខណវិនិច្ឆ័យទាំង ៧ រួមមាន វិនិច្ឆ័យតាមបែបសង្គម ដូចជា ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចដូចជាផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


