ព័ត៌មានជាតិ
បណ្ឌិត២រូប ថា ក្មេងទំនើងកើនឡើងច្រើនដោយសារបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម និងលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងក្តីបារម្ភខ្លាំងចំពោះបញ្ហាក្មេងទំនើងដែលតែងបង្កអសន្តិសុខដល់សង្គម។ លោកបណ្ឌិតទាំង២ លើកឡើងថា បញ្ហាក្មេងទំនើងកើនឡើង គឺដោយសារគ្រឿងញៀន គ្រឿងស្រវឹង បណ្តាញសង្គម និងកត្តាគ្រួសារជាដើម។

ការលើកឡើងរបស់បណ្ឌិតទាំង២នេះ គឺបន្ទាប់ពីមួយរយៈចុងក្រោយនេះឃើញថា ក្មេងទំនើង ហាក់មានការកើនឡើង ដោយបានបង្កបញ្ហាជាច្រើនដូចជា ដេញវាយ ឬកាប់គ្នាតាមទីសាធារណៈ បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈផងដែរ។ បើទោះបីមានការធ្វើអន្តរាគមន៍ពីអាជ្ញាធរចំពោះករណីនេះក៏ដោយ ប៉ុន្តែ វានៅតែបង្កជាភាពភ័យខ្លាចដល់ពលរដ្ឋ ជាពិសេស គឺនៅពេលយប់តែម្តង។
ជុំវិញបញ្ហានេះ បណ្ឌិត ឈត ប៊ុនថង បានប្រាប់“កម្ពុជាថ្មី”ថា បើតាមលោកកត់សម្គាល់ កត្តាដែលនាំឱ្យកើតមានក្មេងទំនើង គឺកើតចេញពីកត្តារួមផ្សំជាច្រើន។ ក្មេងទំនើងមួយចំនួន អាចកើតចេញដោយសារមានអត្តចរិតទំនើង កោងកាចតាំងពីក្មេងមក។ រីឯ ខ្លះទៀត អាចកើតចេញតាមរយៈឥទ្ធិពលរបស់គ្រួសារ ដែលតែងតែមានការឈ្លោះគ្នាជាដើម ក៏ជាកត្តាធ្វើឱ្យក្មេងយកគម្រូតាមដែរ។ ឪពុកម្តាយ ក៏ជាចំណែករួមមួយ ព្រោះឪពុកម្តាយខ្លះ មិនបានអប់រំ តម្រង់ទិសកូន និងតាមដានសកម្មភាពរបស់កូនបានល្អឡើយ ឯខ្លះទៀត មិនបានខ្វល់ខ្វាយជាមួយកូនតែម្តង ទាល់តែកូនត្រូវបានហៅទៅសួរនាំ ឬចាប់ខ្លួនទើបភ្ញាក់ខ្លួន។ ចំណែក ឪពុកម្តាយមួយចំនួន រវល់ជាមួយនឹងការងាររបស់ខ្លួនពេក មិនបានមើលកូន ឬ ត្រូវធ្វើការឆ្ងាយផ្ទះ ឱ្យសិទ្ធិសេរីភាពដល់កូនពេក និងឱ្យលុយចាយច្រើនពេក ទើបកូនទៅជាទំនើងបែបនេះ។

បន្ថែមពីលើកត្តាឪពុកម្តាយ ឥទ្ធិពលសង្គម គ្រឿងញៀន គ្រឿងស្រវឹង និងបណ្តាញសង្គមធំទូលាយពេក បានរុញឱ្យកុមារខ្មែរមួយចំនួនក្លាយជាក្មេងទំនើងដោយឯកឯង។ បញ្ហាទាំងនេះ គឺជាចន្លោះប្រហោងរបស់អាជ្ញាធរមួយចំនួន ដែលមិនសូវបានតាមដាន និងយាមកាមគ្រប់ច្រកល្ហក់ ប្រសិនបើអាជ្ញាធរមិនបានគោរពតាមតួនាទីខ្លួនបានល្អទេ គឺច្បាស់ណាស់ ជាឱកាសសម្រាប់ក្មេងៗទាំងនោះបង្កអសន្តិសុខក្នុងសង្គម។ នេះ ជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត។

ចំណែក លោកបណ្ឌិត យង់ ពៅ វិញ តាមរយៈ«កម្ពុជាថ្មី»ដែរ បានអះអាងថា ការកើនឡើងរបស់ក្មេងទំនើង ដោយសារបញ្ហាគ្រឿងញៀន ទាំងការលក់ ទិញ និងប្រើប្រាស់ ដូចជាបារី ឬ បារីអេឡិចត្រូនិច គឺក្មេងៗមានការប្រើប្រាស់ច្រើន ទាំងក្នុងសាលារៀន ឬទីវត្តអារាម។ មួយទៀត គឺការជះឥទ្ធិពលពីមនុស្សពេញវ័យ តាមរយៈការប្រើប្រាស់គ្រឿងស្រវឹង ប្រើអំពើហិង្សាក្នុងផ្ទះ រហូតធ្វើឱ្យក្មេងៗយកគម្រូតាម។ ទីផ្សារលក់គ្រឿងស្រវឹង និងការផ្សព្វផ្សាយ ក៏មានភាពទូលំទូលាយទៀត។ កត្តាមួយទៀត គឺការលេងហ្គេមអនឡាញ ឬការថតរឿងអប់រំដែលខ្មែរភ្លេចខ្លួន បានធ្វើបង្ហាញតាមបណ្តាញសង្គមពីអំពើហិង្សាផ្សេងៗ ទាំងនេះហើយ សុទ្ធតែជាដើមហេតុនាំឱ្យជះឥទ្ធិពលដល់ក្មេងទាំងអស់នោះ។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ចំពោះចំណាត់ការវិញ គឺរាជរដ្ឋាភិបាល ត្រូវមានឆន្ទៈនយោបាយខ្លាំងក្លា និងអនុវត្តឱ្យបាន មិនអាចមានតែគោលនយោបាយ តែគ្មានការអនុវត្តឡើយ។ ជាពិសេស គឺបង្ក្រាបអ្នកនាំចូល អ្នកចែកចាយគ្រឿងញៀន និងគ្រឿងស្រវឹងឱ្យបានជាមុនសិន។ បន្ទាប់មក អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យបាននូវបញ្ហាទាំងអស់នេះគ្រប់ទីកន្លែង ហើយការអប់រំក៏សំខាន់ មិនថាតាមផ្ទះ តាមសាលា ត្រូវមានការបង្កើន និងកែប្រែការអប់រំឱ្យបានល្អ។ ពោល គឺធ្វើយ៉ាងណាឱ្យក្មេងទទួលបានការអប់រំឱ្យបានច្រើន ចំណាយពេលរៀននៅសាលាឱ្យបានច្រើន ទាំងគុណធម៌ សុជីវធម៌ក្នុងសង្គម។

រីឯ លោកបណ្ឌិត ឈត ប៊ុនថង វិញ បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយការចូលរួមធំបំផុត គឺឪពុកម្តាយតែម្តង។ ឪពុកម្តាយ ត្រូវបំពេញតួនាទីឱ្យបានល្អ អប់រំ និងតាមដានកូនឱ្យបានច្រើន ឆ្លៀតពេលសម្រាប់កូនឱ្យបានច្រើន។ លុបបំបាត់គ្រឿងញៀន កាត់បន្ថយគ្រឿងស្រវឹង ដូចជាការផ្សព្វផ្សាយ ឬកំណត់អាយុដែលអាចទទួលគ្រឿងស្រវឹងបាន ដែលជាការរួមចំណែកទប់ស្កាត់មួយដែរ។ ចំពោះបណ្តាញសង្គមក៏ដូចគ្នា ស្ថាប័នពាក់ព័ន្ធត្រូវតាមដានមើល កុំឱ្យលេចរូបភាពណាដែលប៉ះពាល់ដល់កុមារ ធ្វើឱ្យពួកគេយកតម្រាប់តាម។ បើអាច គួរលុបបំបាត់កម្មវិធីហ្គេមដែលមានហិង្សា ហើយអាជ្ញាធរត្រូវពង្រឹងចំណាត់ការឱ្យបានខ្លាំង បង្ក្រាប និងលុបបំបាត់អំពើពុករលួយ។ ចុងក្រោយ គឺពង្រឹងការអប់រំក្នុងគ្រួសារ និងនៅសាលារៀនឱ្យបានច្រើនបន្ថែមទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង