ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំដាក់ចេញ យុទ្ធនាការពន្លឿនការដោះស្រាយរឿងក្តី និងត្រួតពិនិត្យភាពមិនប្រក្រតី នៅតាមតុលាការ
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំដាក់ចេញយុទ្ធនាការសំខាន់ៗមួយចំនួន ដូចជាយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, យុទ្ធនាការសម្រុះ សម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ។

ការបញ្ជាក់នេះ នៅពេលដែលលោក កើត រិទ្ធ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួសលោក ជឺ សុខ ដែលត្រូវបានផ្ទេរភារកិច្ច ទៅជាប្រធានសាលាដំបូងខេត្តកណ្តាលវិញ។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធទាំងអស់ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព។
ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ បានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី ១ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី ១ ដដែលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ចេញ នូវវិធានការគន្លឹះជាអាទិភាពចំនួន ៥ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខដោយសម្រេចឲ្យបានជាលទ្ធផលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ដោយក្នុងនោះ “ការពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌” គឺ ជាការងារអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង ៥នេះ។
បន្ថែមពីលើនេះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចប្រគល់ភារកិច្ចនេះ ជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឲ្យបាននូវកិច្ចការអាទិភាពសំខាន់ៗចំនួន ៣ ដែលក្នុងនោះរួមមាន៖ ទី១. ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះ សម្រួលដោះស្រាយវិវាទ ឲ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, ទី២. ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការ ឲ្យបានឆាប់រហ័ស និង ទី៣. ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ទៀតថា ផ្អែកលើទិសដៅជាអាទិភាពខាងលើនេះ ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំដាក់ចេញនូវយុទ្ធនាការសំខាន់ៗចំនួន ៣ សម្រាប់សម្រេចឲ្យបាននូវកិច្ចការអាទិភាពទាំង ៣ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ គឺ៖ ទី១. យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, ទី២. យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងទី៣. យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


