Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ពង្រីកសេវាលិខិតថ្កោលទោស ខណៈប្រព័ន្ធ Hotline សាកសួរព័ត៌មានដាក់ឱ្យប្រើជាផ្លូវការ

បានផុស

នៅ

ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធ Holine សម្រាប់ការសាកសួរព័ត៌មាននានាទាក់ទិននឹងសេវាព្រឹត្តិបត្រថ្កោលទោស។ ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ បន្ទាប់ពីកិច្ចកិច្ចប្រជុំពិនិត្យលើការងារពង្រឹងពង្រីកនូវសេវាព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំដឹកនាំដោយលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ដាក់ឱ្យដំណើរការនូវប្រព័ន្ធ Hotline មួយខ្សែ ដែលមានលេខទំនាក់ទំនង 014 511 111 ដែលក្រសួង បានអះអាងថា ប្រព័ន្ធនេះ នឹងបង្កលក្ខណៈងាយស្រួលក្នុងការសាកសួរព័ត៌មានពីសេវាព្រឹត្តិបត្រថ្កោលទោសឱ្យកាន់តែលម្អិត ឆាប់រហ័សប្រកបដោយមានប្រសិទ្ធភាពខ្ពស់។

ក្នុងការពង្រឹងពង្រីកសេវាព្រឹត្តិបត្រថ្កោលទោសនេះ កិច្ចប្រជុំក្រុមការងារជំនាញរបស់ក្រសួងយុត្តិធម៌ ក៏បានពិភាក្សា និងរៀបចំធ្វើបច្ចុប្បន្នភាពប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថលឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកនៅបរទេស។ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធទំនើបនេះ ត្រូវបានក្រសួង បញ្ជាក់ថា នឹងផ្តល់ការអនុញ្ញាតឱ្យអ្នកនៅបរទេសមានការស្នើសុំព្រឹត្តិបត្រថ្កោលទោស និងទូទាត់សេវាថ្កោលទោស ព្រមទាំងសេវាប្រៃសណីយ៍សម្រាប់ការផ្ញើទៅកាន់អាសយដ្ឋានរបស់ខ្លួន នៅបរទេសតាមរយៈ online តែម្តង។

គួរជម្រាបថា ការធ្វើព្រឹត្តិបត្រថ្កោលទោសនៅកម្ពុជា គឺក្នុង​គោលបំណង​​​បញ្ជាក់ភាពស្អាតស្អំ ឬគ្មានទោសរបស់សាមីជន ដែលចូលមកសុំព្រឹត្តិបត្រថ្កោលទោស ដើម្បី​យក​ទៅប្រើ​ប្រាស់តាមតម្រូវការ។ បុគ្គលដែលមានសិទ្ធិទទួលបានសេវានេះ គឺប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ និងនីតិបុគ្គលឯកជន។

លើកិច្ចការងារនេះ កន្លងមក ក្រសួង​យុត្តិធម៌ ​បាន​​ដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ដើម្បីបង្កើនភាពងាយស្រួល និង​ឆាប់​រហ័ស​បន្ថែម​ទៀត​ដល់​សាធារ​ណៈជន ដោយភ្ជាប់ឯកសារមួយចំនួនតាមអនឡាញ ព្រមទាំង​អាច​ទូទាត់​ប្រាក់​សេវា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ (E-payment)។

ជាក់ស្ដែង CR-MOJ គឺជា App ដែលត្រូវបានដាក់ឱ្យប្រើដោយក្រសួងយុត្តិធម៌ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរអាចស្នើសុំលិខិតថ្កោលទោសបានយ៉ាងងាយស្រួល ដោយពុំចាំបាច់ធ្វើដំណើរទៅស្នើសុំដោយផ្ទាល់ឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម