ព័ត៌មានជាតិ
លោក អ៊ាង សុផល្លែត ៖ កម្ពុជា ប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១,៧% នៅត្រឹម ឆ្នាំ២០៣០
ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះពិភពលោក។ កម្ពុជា បានប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១,៧% នៅត្រឹម ឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលបានចាត់វិធានការ និងយុទ្ធសាស្ត្រជាច្រើនក្នុងការកសាងក្របខ័ណ្ឌយុទ្ធសាស្រ្ត ការប្រែប្រួលអាកាសធាតុ រួមទាំងការអនុម័តក្រមបរិស្ថាន ធនធានធម្មជាតិ និងការដាក់ឱ្យដំណើរការនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលដំណាក់កាលទី៧។ នេះជាការលើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) នៅក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះ លោកបានប្រកាសអំពីយុទ្ធសាស្រ្តចក្រាបរិស្ថានថ្មី ២០២៣-២០២៨ ដែលនឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោករដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា «យើងត្រូវតែផ្តោតការយកចិត្តទុកដាក់មិនត្រឹមតែលើការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការសកម្មភាពជាក់ស្តែងផងដែរ ដើម្បីគាំទ្រដល់តម្រូវការរបស់ពលរដ្ឋដែលរងផលប៉ះពាល់ដោយ ការប្រែប្រួលអាកាសធាតុ។ យើងត្រូវធ្វើការរួមគ្នាដើម្បីការពារបរិស្ថានរបស់យើង និងធានាអនាគតប្រកប ដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់»។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ CCCS23 បានទទួលការឧបត្ថម្ភពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំ គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ជាមួយ ដៃគូសហការរួមមានទីភ្នាក់ងារជំនួយអាមេរិក USAID ផងដែរ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក ចាស្ទីន វ៉ាយអាត បានលើកឡើងថា ការប្រែប្រួលអាកាស ធាតុគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ ដែលយើងកំពុងប្រឈម។ កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយដើម្បី ពិភាក្សាអំពីសកម្មភាពជាក់ស្តែង ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និង សម្រេចបាននូវអាព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០។
លោកបានបន្ថែមថា អូស្ត្រាលី កំពុងបង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពលើបញ្ហាបម្រែបម្រួលអាកាស ធាតុនៅក្នុងប្រទេសកម្ពុជា។ តាមរយៈ កម្មវិធី CAPRED នឹងតភ្ជាប់ភ្លើងអគ្គិសនីស្អាតទៅកាន់ភូមិដែល មិនមានថាមពលអគ្គិសនីប្រើប្រាស់ បង្កើនសុវត្ថិភាពទឹកតាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាតនៅ តាមជនបទនៃប្រទេសកម្ពុជា និងគាំទ្រគំរូអាជីវកម្មគ្មានកាកសំណល់ក្នុងវិស័យកសិកម្មផងដែរ។

ទន្ទឹមនឹងនេះលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍នេះ នៅពេលដែលកម្ពុជា និងពិភពលោកកំពុងរៀបចំសម្រាប់សន្និសីទអាកាសធាតុពិភពលោក COP លើក ទី២៨ នៅទីក្រុងឌូបៃ។
លោកបានបន្ថែមដូច្នេះថា «យើងធ្វើការរួមគ្នាដើម្បីធ្វើឱ្យប្រសើរឡើងលើកិច្ចការសម្របសម្រួលរបស់យើង និងកិច្ចសហប្រតិបត្តិការក្នុង ការគាំទ្រយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន»។
លោកឯកអគ្គរដ្ឋទូត Murphy បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារ នៃជំនួយអន្តរជាតិ ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការសម្របសម្រួលការលក់ឥណទានកាបូនជាង ៤០លានដុល្លារទៅឱ្យក្រុមហ៊ុនអាមេរិកដូចជា ក្រុមហ៊ុន Disney និង Delta។
ការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ គឺមិនអាចកាត់ផ្តាច់ពីការគិតគូពីអនាគតរបស់មនុស្សជំនាន់ក្រោយ ប្រទេសជាតិ និងពិភពលោកបានទេ។ នេះជាការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សានៃអង្គការ MFI អ្នកឧកញ៉ា សៀ រិទ្ធី។
អ្នកឧកញ៉ា បានបន្តថា អង្គការ MFI បានពិនិត្យមើលលើបញ្ហាទាំងនេះ ហើយបានរកឃើញថា ការប្រែប្រួលអាកាសធាតុ គឺពិតជាបញ្ហាដ៏សំខាន់បំផុត ជាពិសេសសម្រាប់អ្នកដែលងាយរងគ្រោះបំផុត។
សូមបញ្ជាក់ថា វេទិកាគោលនយោបាយអន្តរជាតិ ត្រូវបានធ្វើឡើងដោយមានការរួមគ្នាជាមួយតំណាងមកពីក្រសួងបរិស្ថាន អង្គការ MFI ភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស ស្ថានទូត អង់គ្លេស ស្ថានទូតបារាំង អង្គការ EnergyLab Cambodia និង អង្គការ FAO។ វេទិកានេះក៏បានពិនិត្យលើ តួនាទីសំខាន់នៃគោលនយោបាយអន្តរជាតិ ក្នុងការបង្កើតយុទ្ធសាស្ត្រទប់ទល់នឹងផលប៉ះពាល់នៃបម្រែ បម្រួលអាកាសធាតុនៅកម្ពុជា។
កិច្ចប្រជុំនេះបានធ្វើការស្វែងយល់បន្ថែមពីហិរញ្ញវត្ថុអាកាសធាតុ និរន្តភាពនៃកសិកម្ម និងសាក វប្បកម្ម សហគ្រិនភាពថាមពល ទេសចរណ៍ប្រកបដោយនិរន្តរភាព សុវត្ថិភាពទឹក ទីផ្សារកាបូន ក៏ដូចជា ផែនការសេដ្ឋកិច្ច និងបរិស្ថានជាតិរបស់ប្រទេសកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


