ព័ត៌មានជាតិ
សហមេធាវីការពារក្តីព្រមានអ្នកយកឈ្មោះលោក កឹម សុខា ភ្ជាប់ជាមួយក្រុម ដែលមានបំណងបង្កើតគណបក្សថ្មី
តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា បានព្រមានបុគ្គល ឬក្រុមណាមួយដែលមានបំណងបង្កើតបង្កើតគណបក្សនយោបាយថ្មី ឬចលនានយោបាយណាមួយ មិនឱ្យយកឈ្មោះលោក កឹម សុខា ភ្ជាប់ជាមួយនោះទេ ហើយថា ត្រូវមានសេចក្តីក្លាហានទទួលខុសត្រូវដោយខ្លួនឯង។
ទាក់ទងនឹងការព្រមានរបស់សហមេធាវីការពារក្តីឲ្យលោក កឹម សុខា នេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តតាកែវ ហើយដែលពេលនេះកំពុងស្វះស្វែងរកច្រក ដើម្បីបង្កើតគណបក្សថ្មីមួយដែរនោះ បានថ្លែងប្រាប់កម្ពុជាថ្មីនាថ្ងៃនេះថា លោកគាំទ្រខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍របស់សហមេធាវីលោក កឹម សុខា ពីព្រោះលោកយល់ថា លោក កឹម សុខា មិនមានសិទ្ធិធ្វើនយោបាយទេ ដោយមានការហាមប្រាមតាមរយៈសាលក្រមរបស់តុលាការកំពូល។ ជាមួយគ្នានោះ លោក កឹម សុខា កំពុងតែប្រឈមចំពោះនីតិវិធីច្បាប់ ក្នុងសំណុំរឿងពាក់ព័ន្ធជាមួយបរទេស ហើយសវនាការនៅមិនទាន់ចប់សព្វគ្រប់នៅឡើយ។

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា “ខ្ញុំមិនដឹងថា មានអស់លោកណាយកឈ្មោះលោកទៅប្រើទេ តែសម្រាប់ខ្ញុំ ខ្ញុំបានបញ្ជាក់ជូនសាធារណជន ក៏ដូចជាអ្នកសារព័ត៌មានច្រើនហើយ ការបង្កើតគណបក្សថ្មីនេះមិនពាក់ព័ន្ធជាមួយលោកប្រធាន កឹម សុខា នោះទេ លោកមិនហ៊ានជជែករឿងនយោបាយ ឬធ្វើសកម្មភាពនយោបាយទេ ហើយលោកក៏មិនដែលជជែកអ្វីជាមួយខ្ញុំ ទាក់ទងទៅនឹងការបង្កើតគណបក្សដែរ ប៉ុន្តែអ្វីដែលខ្ញុំបានលើកឡើង ក្រែងលោសារព័ត៌មានខ្លះយកទៅបកស្រាយខុសខុស ដែលខ្ញុំធ្លាប់បានលើកឡើងថា ក្នុងករណី មិនមែនតែលោកប្រធាន កឹម សុខា ទេ ក្នុងករណីបុគ្គលណា ឬសមាសភាពណា ក៏ដោយ អ្នកនយោបាយណាក៏ដោយ ដែលជាអតីតគណបក្សប្រឆាំង អាចមានលទ្ធភាពមកដឹកនាំនយោបាយវិញ មានសក្តានុពលនយោបាយ អាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន យើងនឹងផ្អាកសកម្មភាពនយោបាយ ឬសកម្មភាពគណបក្សថ្មីនេះតែម្ដង។ យើងមិនបន្តប្រកួតប្រជែងគ្នាឯងទេ ដើម្បីទុកឱកាសឲ្យថ្នាក់ដឹកនាំណាមួយ ដែលមានសក្តានុពល ឬមានប្រជាប្រិយភាពអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាននោះ”។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន លោកបានបញ្ជាក់ច្រើនលើករួចមកហើយ លោកមិនពាក់ព័ន្ធជាមួយលោកកឹម សុខា ទេ ជាគោលការណ៍ ឬជាការសម្រេចចិត្តក្រុមរបស់លោក គឺប្រសិនបើមានបុគ្គលអតីតបក្សប្រឆាំងណា ដែលមានសក្តានុពល អាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន លោកអនុញ្ញាតិឲ្យធ្វើ ហើយក្រុមលោកមិនធ្វើសកម្មភាពប្រគួតប្រជែងគ្នាឯងទេ ហើយការធ្វើនេះ គឺដើម្បីជាតិទាំងអស់គ្នា។
កម្ពុជាថ្មីមិនអាចសុំការបញ្ជាក់ពីមេធាវីការពារក្តីលោក កឹម សុខា បានទេនៅរសៀលនេះ ប៉ុន្តែលោក ចាន់ ចេន ជាមេធាវីមួយរូប ក្នុងចំណោមសហមេធាវីការពារក្តីលោក កឹម សុខា បាន ប្រាប់អ្នកសារព័ត៌មានថា ថ្មីៗនេះមានអ្នកនយោបាយខ្លះយកឈ្មោះលោក កឹម សុខា ទៅភ្ជាប់ជាមួយសកម្មភាពរបស់ខ្លួន ឬចលនាផ្សេងៗ ជាពិសេសបានយកទៅភ្នាល់គ្នាក្នុងរឿងនយោបាយជាដើម ហើយក៏មានអ្នកនយោបាយខ្លះ ដែលបានបង្កើតគណបក្សថ្មី ក៏បានយកឈ្មោះលោក កឹម សុខា ទៅកៀងគរកម្លាំង និងធ្វើសារនយោបាយ ដើម្បីប្រជាប្រិយភាពនយោបាយទៀតផង។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ យោងតាមក្រមព្រហ្មទណ្ឌបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ អាចជាប់ពន្ធនាគារពី១៥ ឆ្នាំដល់៣០ឆ្នាំ បើរកឃើញការពិតដូចការចោទប្រកាន់នោះមែន៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


