ព័ត៌មានជាតិ
អាមេរិក ផ្តល់ជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប
សហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយដល់គម្រោងជួសជុលប្រាសាទភ្នំបាខែងរបស់អង្គការ World Monument Fund។ កាលពីថ្ងៃទី១ ខែធ្នូ ម្សិលមិញនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និង លោកស្រី Genovra Boatto តំណាងអង្គការWorld Monument Fund បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែងនេះ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា សហរដ្ឋអាមេរិកមិនត្រឹមតែផ្ដល់ជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដទៃទៀត ក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ គឺកន្លងមក អាមេរិកក៏បានជួយជាច្រើនដូចជា គម្រោងជួសជុលជណ្ដើរខាងជើងរបស់ប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណរបស់ខ្មែរមួយចំនួនឲ្យវិលត្រឡប់មកមាតុភូមិវិញផងដែរ។ លោកស្រី ភឿង សកុណា បានលើកឡើងទៀតថា កិច្ចសហប្រតិបត្តិការនៃជំនួយរបស់អាមេរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងជាពិសេស មិនត្រឹមតែបានជួយជ្រោមជ្រែងលើការជួសជុលប្រាង្គប្រាសាទទេ តែថែមទាំងបានជួយសម្របសម្រួលក្នុងការនាំយកមកវិញនូវវត្ថុសិល្បៈដែលកម្ពុជាបានបាត់បង់ជាយូរឆ្នាំកន្លងមកផងដែរ ។

ចំណែក លោក Patrick W. Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអះអាងថា មូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែង ដែលបានចុះកិច្ចព្រមព្រៀងនាពេលនេះ គឺជាគម្រោងមួយប្រកប ដោយលទ្ធផលល្អប្រសើរនាពេលកន្លងមក។ លោកបានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ដែលបានជួយជ្រោមជ្រែងដល់កិច្ចសហប្រតិបត្តិការជំរុញឲ្យគម្រោងនេះដំណើរការមានប្រសិទ្ធិភាពខ្ពស់ ហើយមានលទ្ធផលជាផ្លែផ្កាគួរឲ្យជាទីមោទន។ ការជួយជំរុញបន្តលើគម្រោងនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាប្រជាជនអាមេរិកមកលើការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

គួរជម្រាបជូនថា ប្រាសាទភ្នំបាខែង ត្រូវបានកសាងឡើងតាំងពីឆ្នាំ៩០៧នៃគ.សក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះ ស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។ បច្ចុប្បន្ន ប្រាសាទនេះ កំពុងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍យ៉ាងខ្លាំង ឡើងទៅទស្សនាទេសភាពនាថ្ងៃរៀបលិច និងជាទីកន្លែងដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋឡើងទៅហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ៕
ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


