Connect with us

ព័ត៌មានជាតិ

ដំណាំម្អមនៅតែមានទីផ្សារល្អ និងផ្ដល់ចំណូលបន្ថែមបានយ៉ាងល្អប្រសើរ ដល់កសិករក្នុងក្រុងសៀមរាប

បានផុស

នៅ

របរដាំដំណាំរួមផ្សំ ជាពិសេសដំណាំម្អម កំពុងក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់កសិករនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយសារបច្ចុប្បន្នដំណាំប្រភេទនេះមានទីផ្សារល្អ និងមានតម្រូវការខ្ពស់ជាប្រចាំពីសំណាក់អាជីវករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ជិន សារុំ កសិករដាំដំណាំម្អម រស់នៅក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប បានលើកឡើងថា ម្អម គឺជាប្រភេទដំណាំវិលជុំដែលងាយស្រួលដាំដុះ និងអាចប្រមូលផលបានគ្រប់រដូវកាល។ អ្នកស្រីបានបញ្ជាក់ថា របរនេះអាចផ្ដល់ប្រាក់ចំណូលបន្ថែមជូនគ្រួសារចន្លោះពី ៣០ម៉ឺន ទៅ ៥០ម៉ឺនរៀលក្នុងមួយខែ ខណៈដែលតម្លៃលើទីផ្សារក្នុងឆ្នាំនេះក៏មានសភាពសមរម្យផងដែរ។

អ្នកស្រី បានឲ្យដឹងទៀតថា មូលហេតុដែលអ្នកស្រីជ្រើសរើសដាំម្អម ព្រោះអ្នកស្រីមើលឃើញថា បច្ចុប្បន្នដំណាំនេះ កំពុងមានតម្រូវការខ្ពស់សម្រាប់យកទៅធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបខ្មែរ ហើយដំណាំនេះទៀតសោតងាយស្រួលថែទាំ មិនសូវរើសដី និងមិនត្រូវការបច្ចេកទេសស្មុគស្មាញដូចដំណាំដទៃ។ ការដាំនេះដែរ អ្នកស្រីក៏អាចដាំបន្ថែមលើដំណាំរួមផ្សំផ្សេងទៀតដូចជា ស្ពៃ, ត្រកួន, ខ្ទឹម និងជីគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងក្រុងសៀមរាបផងដែរ។

អ្នកស្រី ជិន សារុំ បានបញ្ចាក់ទៀតថា ក្នុងមួយថ្ងៃៗ អ្នកស្រីទទួលបានការកុម្ម៉ង់ពីអាជីវករតាមផ្សារនានា ចាប់ពី ១០០បាច់ ទៅ ៤០០បាច់ អាស្រ័យទៅតាមតម្រូវការជាក់ស្ដែង។ ទោះជាយ៉ាងណា ដោយសារតំបន់ដែលអ្នកស្រីរស់នៅប្រឈមនឹងការលិចទឹកក្នុងរដូវវស្សា ទើបខ្ញុំសម្រេចចិត្តដាំម្អមនេះតែក្នុងរដូវប្រាំងប៉ុណ្ណោះ។

កសិករគំរូរូបនេះក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរនៅជុំវិញផ្ទះ គួរងាកមកដាំដំណាំរួមផ្សំផ្សេងៗ ជាជាងការទូកដីឱ្យទំនេរចោល ព្រោះការធ្វើបែបនេះ មិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតជាប្រភពចំណូលបន្ថែម កាត់បន្ថយការនាំចូលបន្លែពីក្រៅ និងធានាបាននូវបន្លែសុវត្ថិភាពសម្រាប់បរិភោគទៀតផង៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម