ព័ត៌មានជាតិ
ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានជាង ៥,៨ពាន់លានដុល្លារ កើនឡើង ៦,៦ភាគរយ
វៀតណាមជាប់លំដាប់លេខរៀងទី៣ ក្នុងការដោះដូរទំនិញជាមួយកម្ពុជា បន្ទាប់ពីចិន និងអាមេរិក។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានជាង ៥,៨ពាន់លានដុល្លារ កើនឡើង ៦,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៥,៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមប្រភពដដែលបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា ទៅវៀតណាម ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ មានទំហំជាង ២,៦១ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនទឹកប្រាក់ជាង ៣,២ពាន់លានដុល្លារ។ ក្នុងនោះ ទំនិញដែលកម្ពុជានាំចេញសំខាន់ៗភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី និងកៅស៊ូជាដើម ខណៈការនាំចូលវិញមានដែកថែប ប្រេងឥន្ធនៈ និងផលិតផលវាយនភណ្ឌ។
ទន្ទឹមនឹងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី ១១ ខែ ធ្នូ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
តាមរយៈជំនួបទ្វេភាគី នៅថ្ងៃទី១១ ធ្នូ លោកនាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាវាកម្ពុជានឹងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាទៅមុខបន្ថែមទៀត សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ជាក់ជាមិនខាន។
ភាគីទាំងពីរ ក៏បានពិភាក្សាលើការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ ជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន ជាដើម។
នាដំណើរទស្សនកិច្ចនេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម គោលបំណងដើម្បីជួយជំរុញ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា ដូចជា ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច ទស្សនកិច្ចធុរកិច្ច និងសិក្ខាសាលា ជាដើម។

ភាគីទាំងពីរ រំពឹងថា នឹងសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លារ នៅឆ្នាំបន្ទាប់តាមរយៈការពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរ ជំរុញពាណិជ្ជកម្មទ្វេភាគី ជាពិសេសពាណិជ្ជកម្មតាមព្រំដែន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនជាដើម៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


