ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ស្នើ គ.ជ.អ.ប ត្រូវបន្តពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
លោក ស សុខា បង្ហាញលទ្ធផលលេចធ្លោនៃកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលសម្រេចបានក្នុងដើមអាណត្តិទី៧នេះ។ តែ លោក បានស្នើដល់ គ.ជ.អ.ប និងក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងក្រោមជាតិ ត្រូវបន្តពង្រឹងកិច្ចសហការគ្នាក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់ល្អថែមទៀត។

ក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានថ្លែងថា មិនត្រឹមតែបានបន្តនិរន្តរភាពការងាររបស់ខ្លួនយ៉ាងល្អប្រសើរពីរាជរដ្ឋាភិបាល អាណត្តិចាស់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងរយៈពេល៤ខែកន្លងមក នៃរាជរដ្ឋាភិបាល អាណត្តិទី៧នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក ស សុខា បានរំលេចអំពីលទ្ធផលនៃការរៀបចំកិច្ចការនានា ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមអនុវត្តមុខងារដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្ទេរឱ្យនូវសិទ្ធិគ្រប់គ្រង ចាត់ចែងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ។ លោក គូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌវិមជ្ឈការវិស័យអប់រំនេះ គ.ជ.អ.ប. បានសម្របសម្រួលការការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក និងការរៀបចំសេចក្តីណែនាំបច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។
ទន្ទឹមនេះលទ្ធផលដែលសម្រេចបាននៅដើមអាណត្តិថ្មីដូចគ្នានេះ គឺយន្តការច្រកចេញចូលតែមួយ ដែលបានដាក់ឱ្យដំណើរការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានបន្តពង្រឹងការផ្តល់សេវាក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗលើសេវាប្រមាណជាង ៨០០ប្រភេទឱ្យកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព ដោយទទួលបានអបអរសាទរ និងពេញចិត្តទាំងពីប្រជាពលរដ្ឋ ពីសង្គមស៊ីវិល និងពីបណ្ដាប្រទេសជាដៃគូ។ នេះជាការអះអាងបន្ថែមពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា។

លោកឧបនាយករដ្ឋមន្ត្រី ថា គ.ជ.អ.ប. ក៏បានលើកឡើងអំពីការរៀបចំដោយរលូននូវការងារកែសម្រួលសមាសភាពនៃ គ.ជ.អ.ប និងគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួងស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ជាការងារអាទិភាព ដែលសម្រេចបានក្នុងរយៈពេល៤ខែ នៃរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ក្នុងនាមប្រធាន គ.ជ.អ.ប. លោក ស សុខា បានស្នើសុំសមាជិក សមាជិកា គ.ជ.អ.ប. និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញ និងពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមុតស្រួច ស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត និងទទួលបានលទ្ធផលតាមការគ្រោងទុក៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


