Connect with us

ព័ត៌មានជាតិ

តើលំដាប់ថ្នាក់ឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជាមានប៉ុន្មានថ្នាក់?

បានផុស

នៅ

រយៈពេលចុងក្រោយនេះ នគរបាលជាតិមួយចំនួន បានរងការដាក់វិន័យជាបន្តបន្ទាប់ ក្រោមរូបភាពដកចេញពីតំណែង បន្ថយឋានន្តរស័ក្តិ និងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន និងប្រព្រឹត្តល្មើសវិន័យកងកម្លាំង។ ជុំវិញការបន្ថយឋានន្តរស័ក្តិ ឬការលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលនេះ តើត្រូវសម្រេចតាមរយៈអ្វី? ហើយលំដាប់ថ្នាក់ឋានន្តរស័ក្តិនគរបាលជាតិកម្ពុជាមានប៉ុន្មានថ្នាក់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឋានានុក្រមរបស់មន្ត្រីនគរបាលជាតិកម្ពុជាមាន៤ប្រភេទ គឺ​៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នាយនគរបាលជាន់ខ្ពស់ នាយនគរបាល និងនាយនគរបាលរង។ បើតាមលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ឆ្នាំ២០០១ លំដាប់ថ្នាក់ឋានន្តរស័ក្តិនគរបាលជាតិកម្ពុជា រួមមាន៖ ១) ឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ គឺមាន ថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយបួន) ឧត្តមសេនីយ៍ឯក (ផ្កាយបី) ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) និងឧត្តមសេនីយ៍ត្រី (ផ្កាយមួយ)។ ២) ឋានន្តរស័ក្តិនាយនគរបាលជាន់ខ្ពស់ គឺ ថ្នាក់វរសេនីយ៍ឯក (ស័ក្តិប្រាំ) វរសេនីយ៍ទោ (ស័ក្តិបួនកន្លះ) និងវរសេនីយ៍ត្រី (ស័ក្តិបួន)។ ៣) ឋានន្តរស័ក្តិនាយនគរបាល មានអនុសេនីយ៍ឯក (ស័ក្តិបី) អនុសេនីយ៍ទោ (ស័ក្តិពីរ) អនុសេនីយ៍ត្រី (ស័ក្តិមួយ) និងនាយចំណង់។ ៤) ឋានន្តរស័ក្តិនាយនគបាលរង រួមមាន ថ្នាក់ព្រិន្ទបាលឯក ព្រិន្ទបាលទោ ពលបាលឯក ពលបាលទោ និងពលបាលត្រី។

លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បានបញ្ញត្តិថា ការតែងតាំង តម្លើងថ្នាក់ តម្លើងឋានន្តរស័ក្តិ ការផ្លាស់ប្ដូរ រួមទាំងការដកមុខតំណែង បន្ថយឋានន្តរស័ក្តិ និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា គឺត្រូវសម្រេចដោយព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស។ បទប្បញ្ញត្តិដដែលនេះ បានកំណត់យ៉ាងច្បាស់ថា ការតែងតាំង តម្លើង ដក ឬបន្ថយឋានន្តរស័ក្តិ ត្រូវសម្រេចដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ សម្រាប់ថ្នាក់ឧត្តមសេនីយ៍ ហើយអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី សម្រាប់តែថ្នាក់វរសេនីយ៍ឯកប៉ុណ្ណោះ និងដោយឡែក នគរបាលជាតិថ្នាក់វរសេនីយ៍ទោ ចុះ គឺត្រូវសម្រេចដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធនឹងការតម្លើងឋានន្តរស័ក្តិរបស់មន្ត្រីនគរបាលជាតិកម្ពុជា គឺត្រូវគិតទៅលើលក្ខណៈសម្បត្តិ និងអតីតភាពការងារកន្លងមករបស់មន្ត្រីនគរបាលជាតិ។ លក្ខណៈសម្បត្តិសម្រាប់ពិនិត្យក្នុងការស្នើសុំតម្លើងឋានន្តរស័ក្តិ ត្រូវផ្អែកលើព្រឹត្តិបត្រពិន្ទុរបស់មន្ត្រីនគរបាលជាតិ ដែលមានចំណុចសំខាន់ៗ ជាអាទិ៍៖ ការគោរពវិន័យ ការចាត់តាំង កិរិយាមាយាទ សីលធម៌ សមត្ថភាពបំពេញភារកិច្ច ទំនាក់ទំនងការងារ សុខភាព​ និងភាសាបរទេស ជាដើម។

ចំណែក មាត្រា៣៤ នៃលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីនគរបាលជាតិកម្ពុជាទាំងពីរភេទ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ លុះត្រាតែដល់អាយុ៥៥ឆ្នាំ​ ចំពោះមន្ត្រីនគរបាលជាតិមានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ចុះ។ រីឯ មន្ត្រីនគរបាលជាតិ​ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក ឡើង អនុញ្ញាតដល់អាយុ៦០ឆ្នាំ ទើបដាក់ឱ្យចូលនិវត្តន៍ ។

ក្នុងករណីមានកំហុស មន្ត្រីនគរបាលជាតិ ត្រូវទទួលរងទណ្ឌកម្មតាមបទវិន័យរបស់កម្លាំងនគរបាលជាតិ ហើយទណ្ឌកម្ម ដែលត្រូវបានអនុវត្តចំពោះមន្ត្រីនគរបាលជាតិកម្ពុជា រួមមាន៖ ការលុបចេញពីតារាងតម្លើងឋានន្តរស័ក្តិ ការដកមុខតំណែង ដាក់ឱ្យទំនេរមិនមានបៀវត្សរ៍ (មិនឱ្យលើសពីមួយឆ្នាំ) បន្ថយឋានន្តរស័ក្តិ ឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់ ដាក់ឱ្យចូលនិវត្តន៍មុនកំណត់ និងលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ អញ្ជើញ​បើក​វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង÷ដើម្បីឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដាច់ខាតត្រូវទប់ស្កាត់ក្រុមអមិត្ត ដែលចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

វត្តភ្នំ​ខ្លែង​ក្រៅពី​កន្លែង​កម្សាន្ត​បែប​វប្បធម៌ ក៏​ជាទី​សក្ការៈ​ផងដែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ដល់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន ត្រូវ​បន្ត​ស្រាវជ្រាវ​រក​ប្រជាពលរដ្ឋ ជា​ជនពិការ​ក្រីក្រ​ពិតប្រាកដ ដើម្បី​ទទួល​បាន​ប្រាក់​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វង្ស ពិសេន រម្លឹកអាជ្ញាធរឱ្យបន្តពង្រឹងការងារសន្តិសុខ ទប់ស្កាត់ និងបង្ក្រាបបទល្មើស

Sokha Hotels

ព័ត៌មានពេញនិយម