ព័ត៌មានជាតិ
លោក ទូច សុខៈ ថា ពុំមានការបន្ថយសក្តិមន្ត្រីនគរបាលឡើយ បើទោះមានការកំណត់ថ្មីអំពីឋានន្តរសក្តិក៏ដោយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍តាមសំណើរបស់ក្រសួងមហាផ្ទៃ ក្នុងការកំណត់ឡើងវិញអំពីឋានន្តរសក្តិចំពោះមន្ត្រីនគរបាលជាតិបន្តវេនឱ្យស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ ការកំណត់ថ្មីអំពីឋានន្តរសក្តិនេះ ត្រូវបានអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បញ្ជាក់ថា ពុំតម្រូវឱ្យមានការបន្ថយសក្តិមន្ត្រីនគរបាលជាតិនោះឡើយ។

ការកំណត់ថ្មីនេះ បានកំណត់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផ្កាយបួន សម្រាប់តែមុខតំណែងអគ្គស្នងការនគរបាលជាតិប៉ុណ្ណោះ ខណៈអគ្គស្នងការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក (ផ្កាយបី)។
អគ្គនាយករង ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋានកណ្តាល កំណត់ត្រឹមឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ហើយឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) សម្រាប់តំណែងអនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាល និងប្រធាននាយកដ្ឋាន។

សម្រាប់ស្នងការនគរបាលរាជធានីខេត្ត ក៏ត្រូវបានកំណត់ត្រឹមផ្កាយមួយដូចគ្នានេះដែរ ខណៈបច្ចុប្បន្នភាគច្រើន ស្នងការនគរបាលខេត្តពាក់ផ្កាយពីរ។ ស្នងការរងនគរបាលរាជធានីខេត្ត និងអនុប្រធាននាយកដ្ឋាន ឋានន្តរសក្តិ វរសេនីយ៍ឯក។ នាយការិយាល័យ អធិការក្រុង ស្រុក ខណ្ឌ មានឋានន្តរសក្តិ វរសេនីយ៍ទោ ខណៈដែលនាយរងការិយាល័យ អធិការរង ឋានន្តរសក្តិ ជាវរសេនីយ៍ត្រី។ ដោយឡែក នាយផ្នែក មេប៉ុស្តិ៍តាមឃុំសង្កាត់ មានឋានន្តរសក្តិ អនុសេនីយ៍ឯក។

ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃសុក្រ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់ថា ការកំណត់ថ្មីអំពីឋានន្តរសក្តិចំពោះមន្ត្រីនគរបាលជាតិ ឱ្យស្របទៅតាមមុខតំណែងនីមួយៗ គឺមិនធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់មន្ត្រីនគរបាលជាតិ ដែលកំពុងស្ថិតក្នុងមុខតំណែង ក៏ដូចជាពាក់ឋានន្តរស័ក្តិក្នុងពេលបច្ចុប្បន្ននេះឡើយ។
លោក បាននិយាយថា «មិនមានការរុះរើ ឬរៀបឡើងវិញ ឬក៏បន្ថយឋានន្តរស័ក្តិនោះទេ»។ បើតាមអ្នកនាំពាក្យរងរូបនេះ ការកំណត់ថ្មីនេះ សំដៅដល់ការអនុវត្តទៅលើអ្នកបន្តវេន ពោលគឺមន្ត្រីនគរបាលជាតិ ដែលនឹងត្រូវឡើងមកកាន់តាមមុខតំណែងនីមួយៗពេលខាងមុខ ដោយមន្ត្រីនគរបាលជាតិនោះ មិនត្រូវមានឋានន្តរសក្តិលើសពីការកំណត់នេះដាច់ខាត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


