ព័ត៌មានជាតិ
កំណើនវិស័យកសិកម្ម ជួយជំរុញសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រប្រជាជន
កំណើនវិស័យកសិកម្ម មានការប្រែប្រួលជាមធ្យម ក្នុងចន្លោះពី ០,៣% ទៅ ១,១% ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ (គិតជាតម្លៃថេរ) ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ នៅចន្លោះឆ្នាំ ២០២០-២០២៣ វិស័យកសិកម្ម នៅតែរក្សាបាននូវកំណើនវិជ្ជមានក្នុងរង្វង់ ០,៦% ទៅ ០,៩៩%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

ប្រភពដដែល បានបញ្ជាក់ថា វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណ ២២,១%(គិតជាតម្លៃបច្ចុប្បន្ន) នៃផលិតផលសរុបក្នុងស្រុក ក្នុងឆ្នាំ ២០២៣។ គិតជាតម្លៃថេរ វិស័យនេះ បានចូលរួមចំណែកប្រមាណ ១៥,៥% នៃផលិតផលសរុបក្នុងស្រុក។ បើទោះជាការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពីមួយឆ្នាំ ទៅមួយឆ្នាំយ៉ាងណាក្តី តែតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម មានការកើនឡើងជារៀងរាល់ឆ្នាំពី ១៩ ៤៧០ពាន់លានរៀល នៅឆ្នាំ ២០១៤ ដល់ ២២ ៧៨៦ ពាន់លានរៀល នៅឆ្នាំ ២០១៩ និងដល់ ២៨ ២០៧ ពាន់លានរៀល នៅឆ្នាំ ២០២៣។
ជាមួយគ្នានេះ ការចូលរួមចំណែករបស់អនុវិស័យនានា ក្នុងវិស័យកសិកម្ម រួមមាន ផ្នែកដំណាំបានចូលរួមចំណែកប្រមាណ ៥៧,១% ផ្នែកផលិតកម្មសត្វ ១១,២% ផ្នែកជលផល ២៤,៨% និងផ្នែកព្រៃឈើ ចំនួន ៧%។ ជាការកត់សម្គាល់ផ្នែកដំណាំ និងជលផល គឺជាកម្លាំងចលករនាំមុខ និងចូលរួមចំណែកច្រើនជាងផ្នែកផ្សេងៗ ក្នុងវិស័យកសិកម្ម ខណៈដែលផលិតកម្មសត្វ ដើរតួនាទីផ្គត់ផ្គង់តម្រូវការសាច់ក្នុងស្រុក និងបម្រើឱ្យការនាំចេញ ដែលត្រូវបន្តជំរុញអភិវឌ្ឍឱ្យបានខ្លាំងក្លាបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា រយៈពេល១២ ខែឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលចំនួន ៨ ៤៤៩ ៤១៤,៣៦តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះការនាំចេញអង្ករមានចំនួន ៦៥៦ ៣២៣,០០តោន កើនឡើង៣ភាគរយ និងស្រូវ ២ ៧៣០ ៨២៥,០០តោន កើនឡើង ២៤ភាគរយ។ ដ្បិតការនាំចេញស្រូវអង្ករមានការកើនឡើង ប៉ុន្តែការនាំចេញកសិផលជារួម ថយចុះជិត២ភាគរយ។
សម្រាប់ឆ្នាំ២០២៤ កញ្ចប់ថវិកាដែលរដ្ឋាភិបាលត្រៀមចំណាយលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន ៣១៦ ៣៥៣លានរៀល(ប្រមាណ៧៧លានដុល្លារអាម៉េរិក)។ នេះជាចំណាយចរន្ត ដោយក្នុងនោះ មាន៥៥,៥លានដុល្លារ ជាចំណាយផ្តោតលើការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៤។
សូមបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ មានគោលដៅយុទ្ធសាស្រ្ត ប្រមូលផ្តុំ និងអភិវឌ្ឍបណ្តាញផលិតកម្មឱ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក លើកកម្ពស់ផលិតកម្ម និងការកែច្នៃសម្រាប់នាំចេញ ជាពិសេស គាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជននៅទីជនបទ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


