Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញដល់អ្នកពាក់ព័ន្ធ បន្តចូលរួមសហការគាំទ្រ​ការងារផ្សេងៗ ក្នុងវិស័យកសិកម្ម

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួងកសិកម្ម ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត និង​បណ្ដា​ដៃគូ​ពាក់ព័ន្ធ​នានា បន្ត​ជួយ​ណែនាំ​កសិករ​ក្នុង​ការ​រៀបចំ​ដីស្រែ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​ពន្យល់​ណែនាំ​ពួកគាត់​ជ្រើសរើស​ប្រភេទ​ពូជស្រូវ​សុទ្ធ​ល្អ​ដែល​ផ្ដល់​ទិន្នផល​ខ្ពស់ សមស្រប​នឹង​ក្សេត្រ​បរិស្ថាន ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ឆ្លើយតប​តម្រូវការ​ទីផ្សារ និង​មាន​តម្លៃ​ខ្ពស់ ពិសេស​ត្រូវ​ផ្តល់​ការ​លើក​ទឹក​ចិត្ត និង​ពង្រឹង​សមត្ថភាព​សហគមន៍​កសិកម្ម ដើម្បី​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​អនុវត្ត​យន្តការ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ដោយ​ស្មោះត្រង់​រវាង​អ្នក​ផលិត និង​អ្នក​ប្រមូល​ទិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បិទ​អង្គ​សិក្ខា​សាលា​បូកសរុប​លទ្ធផល​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប ឆ្នាំ ២០២៥ និង​ទិសដៅ​បន្ត នៅ​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២៦ លោក ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម បាន​ជំរុញ​ឲ្យ​មន្ទីរ ត្រូវ​បន្ត​លើក​កម្ពស់​ការ​តាមដាន​ចរន្ត​សត្វ អនាម័យ​សត្វ និង​ភូតគាម​អនាម័យ ព្រមទាំង​ពង្រីក និង​ពង្រឹង​សមត្ថកិច្ច​ត្រួតពិនិត្យ​អនាម័យ​សាច់​តាម​ទី​សត្តឃាតដ្ឋាន ការ​ចាក់​វ៉ាក់សាំង​សត្វ ដើម្បី​សុវត្ថិភាព សុខភាព​សាធារណៈ។ ពង្រឹង​ការ​អភិរក្ស​ធនធាន​ជលផល តាមរយៈ​ការ​អភិវឌ្ឍ​វារីវប្បកម្ម ដោយ​លើកទឹកចិត្ត​ឲ្យ​ចិញ្ចឹម​ត្រី​តាម​ស្រះ ក្នុង​បែរ ក្នុង​តង់ និង​ក្នុង​ស្រែ តាម​ស្ថានភាព​ជាក់ស្ដែង ព្រមទាំង​លែង​ពូជ​ត្រី​ក្នុង​បឹង​ធម្មជាតិ ដើម្បី​បង្កើន​ផល​ស្តុក​ក្នុង​បឹង​ធម្មជាតិ​សម្រាប់​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា ចំពោះ​ព្រៃឈើ ត្រូវ​សហការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ អន្តរាគមន៍​ឲ្យ​ទាន់​ពេលវេលា​នូវ​ភ្លើង​ឆេះ​ព្រៃ។ លោក​ក៏បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​សៀមរាប មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ សូម​បន្ត​ចូលរួម​គាំទ្រ​ការងារ​ផ្សេងៗ ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សហការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ឬ​សំណូមពរ​នានា​ជូន​ប្រជាកសិករ។

ជាមួយ​នេះ លោក អ៊ឹង គឹមលាង អភិបាល​រង​ខេត្ត ក៏បាន​ជំរុញ​ដល់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​តាម​ផ្នែក តាម​វិស័យ នៃ​មន្ទីរ​កសិកម្ម​ខេត្ត បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ទប់ស្កាត់ បង្ក្រាប​បទ​ល្មើស ការ​ចរាចរ​សត្វ ព្រៃឈើ និង​ជលផល​គ្រប់​ប្រភេទ និង​ជំរុញ​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ព្រៃឈើ ឲ្យ​មាន​ប្រសិទ្ធភាព ព្រមទាំង​បន្ត​ផ្សព្វផ្សាយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នានា​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ។

លោក​អភិបាល​រង​ខេត្ត ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​កសិកម្ម​គ្រប់​លំដាប់​ថ្នាក់ ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ ណែនាំ​ដល់​កសិករ​ក្នុង​ការ​រៀបចំ​ដីស្រែ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ជាពិសេស​ជំរុញ​ការ​ផ្លាស់ប្ដូរ​ទម្លាប់​របស់​កសិករ​ពី​ការ​ប្រើប្រាស់​ពូជ​ប្រពៃណី មក​ជ្រើសរើស​ប្រភេទ​ពូជ​ស្រូវ​សុទ្ធ​ល្អ និង​ផ្សព្វ​ផ្សាយ​ឲ្យ​ពួកគាត់​ពី​របៀប​ប្រើប្រាស់​ថ្នាំ​កសិកម្ម ដើម្បី​បំផ្លាញ​សមាសភាព​ចង្រៃ និង​ជំងឺ​ឆ្លង​សត្វ ដែល​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ពោល​គឺ​ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស និង​គោល​ការណ៍​សុវត្ថិភាព​ឲ្យ​បាន​ម៉ឺងម៉ាត់។ បន្ថែម​ពី​នេះ ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ទប់ស្កាត់ បង្ក្រាប​បទ​ល្មើស ចរាចរ​សត្វ ព្រៃឈើ និង​ជលផល​គ្រប់​ប្រភេទ និង​ជំរុញ​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ៕

អត្ថបទ ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម