សេដ្ឋកិច្ច
វិស័យឯកជនសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលអំពីព្យួរពន្ធលើប្រាក់ចំណេញក្នុងវិស័យកសិកម្ម
ពាក់ព័ន្ធទៅនឹងការព្យួរទុកការបង់ពន្ធដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ វិស័យឯកជនបានសាទរចំពោះកម្មវិធីនេះ និងបានមើលឃើញពីសញ្ញាវិជ្ជមានខ្លាំងសម្រាប់សហគ្រាស អ្នកផលិត ក៏ដូចជាអ្នកកែច្នៃនៅក្នុងវិស័យកសិកម្ម ដែលអាចមានឱកាសខ្ពស់នៅក្នុងការប្រកួតប្រជែងលើទីផ្សារនាំចេញទៅបរទេស។

អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោក លន់ យ៉េង បានគូសបញ្ជាក់ថា ការលើកលែងនេះ គឺពិតជាមានភាពល្អប្រសើរដល់បណ្តាសហគ្រាសប្រកបអាជីវកម្មផលិត និងសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកនានា។
លោកថា កម្មវិធីនៃការព្យួរទុកពន្ធនេះ មិនមែនជាកម្មវិធីថ្មីនោះទេ ព្រោះរដ្ឋនឹងបន្តលើកលែងការព្យួរពន្ធបន្តទៀត ដោយសារកម្មវិធីលើកលែងកាលពីឆ្នាំចាស់នឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដូច្នេះការលើកលែងនេះ គឺជាការបន្ថែមការលើកលែង ២ ឆ្នាំបន្ថែមទៀត។

ទន្ទឹមនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងដែរថា ការព្យួរពន្ធ និងការលើកលែងពន្ធដែលបានចែងដូចក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជារឿងល្អមួយ ពីព្រោះថាវិស័យកសិកម្មនៅកម្ពុជាការកែច្នៃនៅមានកម្រិតដោយសារថ្លៃដើមនៃផលិតកម្មនៅមានកម្រិតខ្ពស់នៅឡើយ។
«ដូច្នេះប្រសិនបើអាចបន្ធូរបន្ថយពន្ធ ឬព្យួរពន្ធមួយចំនួននៅក្នុងវិស័យនេះ លោកយល់ថា តាមរយៈនេះនឹងអាចផ្តល់នូវការប្រកួតប្រជែងខ្លះនៅលើទីផ្សារអន្តរជាតិ មានន័យថា គឺអាចប៉ះប៉ូវជាមួយនឹងថ្លៃដើមផលិតរបស់យើងដែលកំពុងតែខ្ពស់ខ្លាំង។ ពីព្រោះ យើងបានដឹងហើយថា កម្ពុជាអាចនាំចេញភាគច្រើនជាវត្ថុធាតុដើមទៅក្រៅប្រទេស ដូច្នេះប្រសិនបើរាជរដ្ឋាភិបាលជួយបន្ធូរបន្ថយពន្ធ និងព្យួរពន្ធមួយចំនួននេះ គឺជារឿងមួយដែលវិជ្ជមានខ្លាំងសម្រាប់ការកែច្នៃនៅក្នុងស្រុក»។ លោក អួន ស៊ីឡុត គូសបញ្ជាក់យ៉ាងដូច្នេះ។

លោកប្រធានក៏បានបន្ថែមដែរថា ពេលនេះការកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុកដែលបានមកពីផលិតផលកសិកម្ម ឬការកែច្នៃផលិតផលកសិកម្មនៅក្នុងស្រុកនៅមានកម្រិតទាបនៅឡើយ ដូច្នេះលោកសង្ឃឹមថា នៅពេលដែលរាជរដ្ឋាភិបាលផ្តល់ជាការអនុគ្រោះពន្ធ និងការព្យួរពន្ធនឹងលើកទឹកចិត្តជាច្រើនទៅដល់សហគ្រិន និងសហគ្រាសជាច្រើនឱ្យបន្តការកែច្នៃរបស់ខ្លួន។
លោកប្រធានសមាគមក៏បានបញ្ជាក់ដែរថា «អ្វីដែលយើងព្រួយបារម្ភមួយទៀតនោះ គឺទៅលើកម្ចីផ្នែកកសិកម្មពីធនាគារដែលហាក់បីដូចជានៅមានតិចតួចនៅឡើយ និយាយរួមការខ្ចីពីធនាគារពាណិជ្ជ យើងឮតែការអនុគ្រោះ ប៉ុន្តែធាតុពិតគឺសហគ្រាសពិបាកទទួលយកនូវកម្ចីដែលនិយាយថាអនុគ្រោះនេះណាស់»។

ជាមួយគ្នានេះដែរ លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) បានឱ្យ«កម្ពុជាថ្មី» ដែរថា ការយោគយល់ពន្ធរបស់រាជរដ្ឋាភិបាលនាពេលនេះ គឺជារឿងមួយដែលត្រឹមត្រូវក្នុងបរិបទនាពេលបច្ចុប្បន្ន ដែលនេះជាដំណឹងល្អសម្រាប់អ្នកផលិត ក៏ដូចជាអ្នកនាំចេញ និងកែច្នៃមានឱកាសខ្ពស់នៅក្នុងការប្រកួតប្រជែង ដើម្បីចាប់យកចំណែកទីផ្សារណាមួយក្នុងការនាំចូលទៅកាន់បណ្តាប្រទេសផ្សេងៗ ក៏ដូចជាលក់នៅក្នុងស្រុកមិនថាតែសម្រាប់វិស័យម្រេចនោះទេ គឺសម្រាប់វិស័យកសិកម្មទាំងមូល។

តាមរយៈការព្យួរពន្ធខាងលើនេះ លោកសង្ឃឹមថា នឹងមានអ្នករកស៊ីផ្សេងៗក្រៅពីវិស័យកសិកម្មនឹងនាំគ្នាចូលមកជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែច្រើនជាងមុនបន្ថែមទៀតដើម្បីបង្កើតសហគ្រាស រោងចក្រ ឬសិប្បកម្មកែច្នៃកសិផលកសិកម្មដើម្បីនាំចេញទៅក្រៅប្រទេស ពីព្រោះថានាពេលបច្ចុប្បន្នជាទូទៅកម្ពុជាលក់តែវត្ថុធាតុដើមទៅក្រៅប្រទេស។
លោកក៏រំពឹងទៀតថា មិនត្រឹមតែអ្នកវិនិយោគក្នុងស្រុកទេដែលមើលឃើញពីឱកាសនេះ អ្នកវិនិយោគទុនក្រៅស្រុកផ្សេងទៀតក៏នឹងមើលឃើញឱកាសល្អនេះ ហើយចូលមកបណ្តាក់ទុននៅក្នុងវិស័យកសិកម្មឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឱ្យរឹតតែប្រសើរឡើងទៅថ្ងៃអនាគត។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ រដ្ឋាភិបាលបានសម្រេចការព្យួរទុកការបង់ពន្ធលើប្រាក់ចំណូលរបស់សហគ្រាសប្រកបអាជីវកម្មផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្មមួយចំនួន មានដូចជា ស្រូវ អង្ករ ពោត សណ្ដែកម្រេច ដំឡូងមី ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។ ការប្រកាសព្យូរនេះ មានគោលបំណងដាក់ចេញនូវវិធានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


