Connect with us

ព័ត៌មានជាតិ

វិស័យអចលនទ្រព្យងើបឡើងសន្សឹមៗពឹងផ្អែកលើតម្រូវការក្នុងស្រុក និងលំនៅឋានតម្លៃសមរម្យ

បានផុស

នៅ

វិស័យសំណង់ និងអចលនទ្រព្យ បានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រកួតដែលបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថា នឹងបន្តមានភាពទន់ខ្សោយ។ នេះបើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញ មានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យ នៅក្នុងឆ្នាំ ២០២៤នេះ អាចនឹងមានកំណើនលើសពីឆ្នាំ ២០២៣ តិចតួច ហើយក៏ជាឱកាសដ៏ល្អសម្រាប់អ្នកទិញទុកចំណេញរយៈពេលវែង និងអ្នកមានលុយសុទ្ធក្នុងដៃ ឬអ្នកមានរំហូរ​សាច់ប្រាក់ពីអាជីវកម្មរឹងមាំ។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងថា បើទោះជាពេលនេះ ស្ថានភាពវិស័យអចលនទ្រព្យមានដំណើការមិនទាន់ប្រសើរយ៉ាងណាក្តី តែមានអ្នកវិនិយោគជាច្រើន បាននិង​កំពុងបន្តទិញ​អចលនទ្រព្យ, នោះក៏ព្រោះតែគេធ្លាប់បានចំណេញយ៉ាងច្រើនពីអចលនទ្រព្យនេះ។ លោកឧកញ៉ា មានសុទិដ្ឋិនិយមថា ការវិនិយោគអចលនទ្រព្យនៅពេលនេះ នឹងទទួលបានផល​ចំណេញ​នៅរយៈពេលមិនលើសពី៧ឆ្នាំក្រោយនោះទេ។

វិស័យអចលនទ្រព្យក្នុងឆ្នាំនេះ មានភាពប្រសើរតិចតួចប៉ុណ្ណោះ។ នេះជាការមើលឃើញរបស់លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា។

លោកលើកឡើងថា ស្ថានភាពអចលនទ្រព្យបច្ចុប្បន្ន ត្រូវរង់ចាំពេលវេលា ជាពិសេសផ្នែកផ្ទះល្វែង វិឡា ខុនដូ អគារពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប គឺត្រូវការពេល ១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ ដើម្បីស្រូបទាញទីផ្សារ ពោលគឺអាស្រ័យលើស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចកម្ពុជា និងសមត្ថភាពអ្នកពាក់ព័ន្ធ រួមមាន ពលរដ្ឋ អាជីវករ សហគ្រិន និងពាណិជ្ជកម្មធុនតូច និងមធ្យម ជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញអំពីបញ្ហាប្រឈមដែលបានកើត​ឡើងនៅក្នុងវិស័យអចលនទ្រព្យ មានដូចជា ​ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលបង្ក​ឱ្យមាន​ហានិភ័យដល់ប្រជាពលរដ្ឋអ្នកទិញ។ ការផ្គត់ផ្គង់លើសតម្រូវការ ការអភិវឌ្ឍគម្រោងច្រើនជាងតម្រូវការអ្នកទិញ (ទិញទុកលក់យកចំណេញ)ក៏ជាបញ្ហាផងដែរ។ លើសពីនេះទៀត លោកមើលឃើញថា ការអភិវឌ្ឍដីឡូតិ៍ កែប្រែពីដីក​សិកម្ម ទៅដីលំនៅឋាន ដែលមិនមានការត្រួតពិនិត្យច្បាស់លាស់ នាំឱ្យអ្នកទិញពិបាក​នឹងរកផលចំណេញមកវិញ។ ជាមួយគ្នានេះ វិបត្តិរំហូរសាច់ប្រាក់បរទេសបានធ្វើឱ្យចរន្តនៃការទិញលក់មានការថមថយ។

សម្រាប់ជាដំណោះស្រាយស្តារវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាល ត្រូវបង្កើតគោលនយោបាយដីធ្លី និងនគរូបនីយកម្មមួយ ឱ្យបានច្បាស់លាស់ ដែលនឹងក្លាយជាបន្ទាត់ ក្នុងការអនុវត្តរួម​របស់គ្រប់ក្រសួងស្ថាប័នអាជ្ញាធរ ងាយនឹងធ្វើការងារជាប្រព័ន្ធ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលត្រូវអន្តរាគមន៍​ប្រមូល​នូវព័ត៌មានទាំងអស់ ដែលប្រជាពលរដ្ឋជួបវិបត្តិ ដើម្បីរកដំណោះស្រាយមួយសមរម្យ សម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នក​ទិញ ធ្វើយ៉ាងណាកុំឱ្យមានវិបត្តិសង្គមកើតឡើងតទៅទៀត។ នេះជាការគូសបញ្ជាក់របស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម