Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ អនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ឱ្យមានគុណភាព ប្រសិទ្ធភាព និងតម្លាភាព

បានផុស

នៅ

លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ​ស្រុក​ ខណ្ឌ អនុវត្ត​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ឱ្យ​មាន​គុណភាព ប្រសិទ្ធភាព និង​តម្លាភាព​ គណនេយ្យ​ភាព​បរិ​យាប​ន្ន និង​សមធម៌​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​សៀវភៅ​ណែនាំ ស្តីពី​គោលការណ៍ បែបបទ និង​នីតិវិធី​អនុវត្ត​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ កាលពី​រសៀល​ថ្ងៃ​ទី ៩ កុម្ភៈ លោក​ឧបនាយករដ្ឋមន្ត្រី ដែល​ជា​ប្រធាន​ក្រុម​ការងារ​កំណែទម្រង់​វិមជ្ឈការ និង វិសហ​មជ្ឈការ​ប្រចាំ​ក្រសួង​អប់រំ យុវជន និង កីឡា និង​ជា​អនុប្រធាន គ​.​ជ​.​អ​.​ប ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទេរ​មុខងារ​អប់រំ យុវជន និង​កីឡា ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គឺជា​ការ​បែងចែក​ឡើង​វិញ​ឱ្យ​បាន​ច្បាស់លាស់​នូវ​តួនាទី និង​ការ​ទទួល​ខុសត្រូវ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែល​ជា​រដ្ឋបាល​មូលដ្ឋាន​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ក្នុង​ការ​គ្រប់គ្រង ការចាត់ចែង និង​ការ​ផ្តល់​សេវា​អប់រំ យុវជន និង​កីឡា ជូន​ប្រជាជន​នៅ​ក្នុង ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព​បរិយាបន្ន និង​សមធម៌​សង្គម។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា​ មុខងារ​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គឺជា​មុខងារ​ជា​កាតព្វកិច្ច អាស្រ័យហេតុនេះ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​នីមួយៗ ចាំបាច់​ត្រូវមាន​កាតព្វកិច្ច​ដោយ​ខានមិនបាន​ក្នុងការ​ដឹកនាំ គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ទាំងនេះ ដើម្បី​ធានា​ដល់​ការផ្តល់សេវា​អប់រំ យុវជន និង​កីឡា ជូន​ប្រជាជន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​សម្រេច​យ៉ាងហោច​ត្រឹម​កម្រិត​ស្តង់ដារ​អប្បបរមា​ដែល​បាន​កំណត់ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុងករណី​មាន​បញ្ហា​ប្រឈម​ណាមួយ​ដែល​ក្រុង ស្រុក ខណ្ឌ​នីមួយៗ មិន​អាច​សម្របសម្រួល​ដោះស្រាយ ត្រូវ​ពិគ្រោះ​យោបល់ ឬ សុំ​យោបល់​ពី​មន្ទីរអប់រំ យុវជន និង​កីឡា ឬ មន្ទីរ​ពាក់ព័ន្ធ​នានា ឬ​មក​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់ជាតិ​ដើម្បី​ជួយ​គាំទ្រ និង​ផ្តល់​មតិយោបល់។

ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​មុខងារ​ក្នុង​វិស័យ​អប់រំ​បានល្អ​ប្រសើរ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់ ថ្នាក់ដឹកនាំ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទាំងអស់​ ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និង​ការអនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា​ ដែល​បាន​ផ្ទេរ​ឱ្យ​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​គោលនយោបាយ គោលការណ៍ បែបបទ នីតិវិធី និង​ស្តង់ដារ​ដែល​បាន​កំណត់​។

ចំណែក​អភិបាលក្រុង ស្រុក ខណ្ឌ​ទាំងអស់ ត្រូវផ្តោត​ការយកចិត្តទុកដាក់​ឱ្យ​បាន​ហ្មត់ចត់​ក្នុងការ​គ្រប់គ្រង​បុគ្គលិក​អប់រំ​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ ស្របតាម​គោលការណ៍ នីតិវិធី និង​ស្តង់ដារ ​នៃ​ការប្រើប្រាស់​បុគ្គលិក​អប់រំ​ដែល​បានកំណត់​។ ចំពោះ​ការតែងតាំង​នាយក នាយករង​សាលា​ម​ត្តេ​យ្យ​សិក្សា និង​នាយក នាយករង​សាលាបឋមសិក្សា លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប​. បាន​និង​កំពុង​សម្រប​សម្រួល​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​មុខងារ​សាធារណៈ​ក្នុង​ការ​រៀបចំសេចក្ដី ណែនាំ​លម្អិត​បន្ថែម​មួយ ដើម្បី​ធានា​ដល់​ការជ្រើសរើស​បាន​នូវ​មន្ត្រី​អប់រំ​ដែល​មាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​ខ្ពស់​សមស្រប​សម្រាប់​ការតែងតាំង​មុខតំណែង​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងនេះ​។

ចំពោះ​ការរៀបចំ​សេចក្ដីណែនាំ​ថ្មី​លើ​ការតែងតាំង​គណៈ​គ្រប់គ្រង​សាលារៀន សុំឱ្យ​ក្រុមការងារ​បច្ចេកទេស​ ត្រូវ​រៀបចំ​ដោយ​យក​លក្ខណៈ​វិនិច្ឆ័យ​ នៃ​ការតែងតាំង​នាយក​សាលា​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​ ធ្លាប់បាន​ដាក់ចេញ​ជា​គោល និង​សូម​ស្នើ​សុំឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ពិនិត្យ​នីត្យានុកូលភាព​ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត​ជាមុន​។

ចំពោះ​ការជ្រើសរើស​គ្រូបង្រៀន​ជាប់កិច្ចសន្យា​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​ធ្វើ​ការរៀបចំ​ជ្រើសរើស​ស្របតាម​សេចក្តីណែនាំ​លេខ​១១៦៨ ស្តីពី​ការជ្រើសរើស​គ្រូ​ជាប់កិច្ចសន្យា ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​ បានដាក់​ចេញ​។

រីឯ​អភិបាលក្រុង ស្រុក ខណ្ឌ ក៏ត្រូវ​ពង្រឹង​ចំណេះដឹង​លើ​ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​ដែល​បាន​ផ្ទេរ​សម្រាប់​ការអនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា ​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព ស្របតាម​គោលការណ៍ និង​នីតិវិធី​ដែល​បាន​កំណត់​។ ហើយ​ថវិកា​ដំណើរការ​របស់​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា​សាធារណៈ គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​នឹង​នៅតែ​បន្ត​ផ្ទេរ​ត្រង់​ទៅ​ឱ្យ​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា​សាធារណៈ គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍។

រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​នីមួយៗ​ ត្រូវ​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ អំពី​គោល​ការណ៍ បែបបទ និង​នីតិវិធី​ នៃ​ការអនុវត្ត​មុខងារ និង​ការទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា​ ដែល​បាន​ផ្ទេរ​ឱ្យ​ទាំងនេះ ដើម្បី​ឱ្យបាន​ជ្រួតជ្រាប​ជូន​ដល់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការ​គ្រប់គ្រង​សាលា មន្ត្រី​ពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​នានា​។

រដ្ឋបាល​រាជធានី ខេត្ត ជាពិសេស​មន្ទីរអប់រំ យុវជន និង​កីឡា និង​មន្ទីរ​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​ផ្ដល់​ការគាំទ្រ​ទាំង​សមត្ថភាព បច្ចេកទេស និង​ការ​គាំទ្រ​ផ្សេងៗ ​ទៀត ព្រម​ទាំង​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ និង​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ជួយ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ ក្នុង​ការ​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ទាំងនេះ​ឱ្យ​បាន​ទាន់​ពេលវេលា និង​លទ្ធផល​ល្អ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក

Sokha Hotels

ព័ត៌មានពេញនិយម