ព័ត៌មានជាតិ
ច្បាប់បង្ក្រាបល្បែងស៊ីសង នឹងធ្វើវិសោធនកម្មថ្មី ខណៈកំពុងស្ថិតក្នុងដៃក្រសួងមហាផ្ទៃពិនិត្យ
ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដែលដាក់ឱ្យប្រើតាំងពីឆ្នាំ១៩៩៦ នឹងធ្វើវិសោធនកម្មឡើងវិញ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គម ដែលតម្រូវឱ្យមានច្បាប់នៃការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយគ្រប់ជ្រុងជ្រោយ។ ក្រសួងមហាផ្ទៃ កំពុងពិនិត្យសិក្សាការងារបច្ចេកទេសលើការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់នៃការបង្ក្រាបល្បែងស៊ីសងនេះ។

កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី២៦ របស់ក្រុមការងារបច្ចេកទេស ហើយមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសសម្រេចបានការងាររៀបចំលើឯកសារទស្សនាទាន និងគោលគំនិតសំខាន់ៗសម្រាប់កសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនេះចប់ទាំងស្រុងហើយ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ទ្រី សុខហេង លើកឡើងថា ក្រោយពីក្រុមការងារបច្ចេកទេស បានសិក្សា និងពិនិត្យពិចារណាយ៉ាងដិតដល់លើឯកសារគតិយុត្តផ្សេងៗរួចមក ក្រុមការងារបានពិនិត្យឃើញថា ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៦ ត្រូវរៀបចំកសាងខ្លឹមសារថ្មីទាំងស្រុងឡើងវិញ។

បើតាមលោក ទ្រី សុខហេង ខ្លឹមសារនៃមាត្រារបស់ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ បានចែងជាលក្ខណៈរួមទូទៅ មិនបានកំណត់ឱ្យច្បាស់អំពីអំពើល្មើសលេងល្បែងស៊ីសងខុសច្បាប់ និងប្រភេទល្បែងស៊ីសង ដែលត្រូវបង្ក្រាបនោះឡើយ ហើយម្យ៉ាងទៀត ច្បាប់នេះកើតមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលមាត្រាមួយចំនួនមានខ្លឹមសារផ្ទុយនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ លោក គូសបញ្ជាក់ថា ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ មិនអាចយកមកប្រើប្រាស់ ដើម្បីប្រឆាំងនឹងបទល្មើសល្បែងស៊ីសងខុសច្បាប់បានទេ ជាពិសេសការលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា ល្បែងអនឡាញ និងបទល្មើសពាក់ពន្ធ័ ដូចជា ការលាងលុយកខ្វក់ និងជួញដូរមនុស្សខុសច្បាប់ នៃស្ថានភាពរីកចម្រើនបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
លោកអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជា ដែលតម្រូវឱ្យមានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ សំដៅប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងបទល្មើសការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសការលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ឬល្បែងអនឡាញ ក៏ដូចជាបទល្មើសពាក់ពន្ធ័ការលាងលុយកខ្វក់ និងជួញដូរមនុស្សខុសច្បាប់។

គោលបំណងនៃការរៀបចំជាច្បាប់ថ្មីនេះ គឺដើម្បីកំណត់ឱ្យបានច្បាស់អំពីវិធានបទល្មើសលេងល្បែងស៊ីសងខុសច្បាប់ និងប្រភេទល្បែងស៊ីសងដែលត្រូវបង្ក្រាប ការទទួលខុសត្រូវចំពោះមុខច្បាប់របស់ប្រតិបត្តិករ អ្នកលេងល្បែងល្មើសច្បាប់ និងធានាធ្វើឱ្យវិធាននៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ មានសង្គតិភាព ភាពរលូន និងមានភាពប្រទាក់ក្រឡា ជាមួយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងអាចបំពេញបន្ថែមនូវភាពខ្វះចន្លោះនៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេស៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


