ព័ត៌មានជាតិ
អ្នកភូមិក្នុងខេត្តបាត់ដំបង បន្តធ្វើនំក្រឡានលក់ដើម្បីបន្តថែរក្សាអាហារប្រពៃណីដូនតា
បច្ចុប្បន្នក្នុងខេត្តបាត់ដំបង គេសង្កេតឃើញមានលក់នំក្រឡានស្ទើរគ្រប់កន្លែងដូចជា នៅតាមទីផ្សារ ដងផ្លូវ ចំណតឡាន នៅតាមរមណីយដ្ឋាន និងទីប្រជុំជនផ្សេងៗជាដើម។ នំក្រឡានត្រូវបានគេចាត់ទុកជាអាហារប្រពៃណី និងជាផលិតផលទេសចរណ៍ដ៏សំខាន់មួយសម្រាប់ខេត្តបាត់ដំបង។
អ្នកភូមិសំរោងក្នុង ភូមិនរា និង ភូមិតាគោម ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅតែបន្តធ្វើនំក្រឡានតជំនាន់ពីដូនតារហូតមកដល់ពេលបច្ចុប្បន្ននេះ។

កំពុងអង្គុយដុតនំក្រឡាន អ្នកស្រី រុំ ផារី រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំបានឲ្យដឹងថា ជិត ៣០ ឆ្នាំមកហើយដែលអ្នកស្រីប្រកបមុខរបរដុតក្រឡាន។
មុខរបរនេះមិនងាយស្រួលប៉ុន្មាននោះទេ តែអ្នកស្រីមិនចង់ឲ្យបាត់បង់ទើបចេះតែបន្តជំនាន់រហូតដល់បច្ចុប្បន្ន។ បើតាមអ្នកស្រី រុំ ផារី ទម្រាំបានក្រឡានលក់ចំណាយពេលដុតប្រហែលជាង ២ ម៉ោង ទៅតាមទំហំបំពង់ឫស្សី នេះមិនទាន់គិតពីផលលំបាកដូចជារកដើមឬស្សីផង។
អ្នកស្រី រុំ ផារី អះអាងថា ក្រឡានមានក្លិនឈ្ងុយឆ្ងាញ់ក៏អាស្រ័យលើការបុិនប្រសប់ក្នុងការលាយគ្រឿងផងដែរស្របជាមួយរសជាតិ។ ក្នុងនោះមានដូចជា អង្ករដំណើប ដូង សណ្តែក ស្ករ ជាដើម ពេលលាយគ្រឿងផ្សំទាំងនេះចូល គ្នារួចហើយ ទើបច្រកក្នុងបំពង់ឬស្សី ហើយដុតរយៈពេលជាង ២ម៉ោង ទើបឆ្អិត។
បើតាមអ្នកស្រី រុំ ផារី ជារៀងរាល់ព្រឹកមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានមកទស្សនាឈ្វេងយល់និងទិញនំក្រឡាន ជាហូហែរក្រោយពីពួកគេត្រឡប់ពីទស្សនាវត្តសំរោងក្នុងវិញ។ ពួកគេលើកឡើងថា នំក្រឡានឆ្ងាញ់និងចូលចិត្តទៀតផង តែចំពោះប្រវត្តនំក្រឡានអ្នកស្រីមិនបានដឹងច្បាស់នោះទេ។


លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញឲ្យដឹងអំពីដើមកំណើតនំក្រឡានបែបនេះថា នំក្រឡានមានប្រភពចេញពីជនជាតិភាគតិច (កូឡា) របស់ប្រទេសភូមា ដែលបានរត់ភៀសខ្លួននិងបានមករស់នៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។
ជនជាតិដើមភាគតិច (កូឡា) តែងបរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា)។ ជនជាតិ(កូឡា) ពីសម័យមុនប្រកបរបរដោយការរករ៉ែ (ត្បូង.មាស.ពេជ្រ.បរបាញ់សត្វ កាប់ឈើ) ជាដើម។ នៅពេលដែលពួកគេទៅព្រៃម្តងៗពួកគេមិនយកឆ្នាំង ឬក្អម ទៅជាមួយនោះទេ ព្រោះរបស់ទាំងនេះវាធ្ងន់ផុយស្រួយងាយបាក់បែក ដោយសម័យនោះគេធ្វើពីដីឥដ្ឋ ទើបពួកគេមិនយកតាម។ ដើម្បីចម្អិនអាហារពួកគេដើររកកាប់ដើមឫស្សីណាដែលមានប្រហោងធំៗយកមកដាំស្លរ ដោយដាក់បំពង់ឫស្សីបញ្ឈររួច ដុតភ្លើងជាការស្រេច។
ចំណែកឯជនជាតិខ្មែរយើង ដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡានាសម័យនោះក៍យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឬស្សីមានរសជាតិឆ្ងាញ់ខុសពីបាយដំណើបដែលចម្អិនក្នុងឆ្នាំងធម្មតា ទើបនៅពេលដែលពួកគេត្រឡប់ពីព្រៃវិញ ពួកគេបានផ្សព្វផ្សាយពីវិធីចម្អិនអង្ករដំណើបក្នុងបំពង់ឫស្សីដល់អ្នកភូមិ។ ចាប់ពីពេលនោះមកខ្មែរយើង បានហៅឈ្មោះនំនេះថា (នំក្រឡាន) ឲ្យស្រដៀងនិងឈ្មោះជនជាតិភាគតិច(កូឡា)។
លោកបន្តថាពីជំនាន់មួយទៅជំនាន់ នំក្រឡានមានការវិវត្តន៍បន្ថែមគ្រឿងផ្សំឲ្យមានរសជាតិឆ្ងុយឆ្ងាញ់ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំ របស់វាមានដូចជា អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិល បន្តិចបន្ទួច រួចដាក់ចូលក្នុងបំពង់ឫស្សី ហើយយក ស្លឹក ចេក រឺស្រកីដូង ធ្វើច្នុកទើបដុតក្នុងចង្ក្រានធ្វើពីរបាដែកតែម្តងជាការស្រេច៕

អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


