Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា នឹងបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូង នៅវៀតណាម

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នឹងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ តាមការបញ្ជាក់ឱ្យដឹងរបស់ លោក រ៉េន រតនៈ អ្នកនាំពាក្យរបស់លោក ស សុខា នេះជាដំណើរទស្សនកិច្ចជាលើកដំបូងបង្អស់ បន្ទាប់ពីលោក ស សុខា ចូលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចរបស់លោក ស សុខា នាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងដើម្បី បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងបី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលចុះថ្ងៃទី២៦ ខែមីនា។

តាមសេចក្ដីប្រកាសព័ត៌មានដដែល ដំណើរទស្សនកិច្ចការងាររបស់ លោក ស សុខា​ ទៅកាន់ទីក្រុងដាណាំង នៃប្រទេសវៀតណាម គឺតបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការត្រីភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអនុវត្ត ០៣លើក រួចមកហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម