ព័ត៌មានជាតិ
ពុទ្ធបដិមានៅភ្នំសំពៅ ទាក់ទាញទេសចរបរទេសទៅទស្សនាស្វែងយល់មិនក្រោម ៥០ នាក់ក្នុងមួយថ្ងៃ
រមណីយដ្ឋានទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅនៅក្នុងស្រុកបាណន់ កំពុងប្រែក្លាយជាមេដែកជាពិសេសរូបចម្លាក់ពុទ្ធបដិមាដែលបានឆក់ចិត្តភ្ញៀវទេសចរបរទេសចង់ដឹងចង់ស្គាល់មកទស្សនា ។

យុវជន ចាន់ ប៊ុនធីន មានទីលំនៅក្នុងស្រុកថ្មគោលបានប្រាប់កម្ពុជាថ្មីកាលពីចុងសប្តាហ៍មុនថា រាល់ចុងសប្តាហ៍រូបគេនិងមិត្តភ័ក្ដិចូលចិត្តឌុបគ្នាមកទស្សនានៅរមណីយដ្ឋានភ្នំសំពៅមិនដែលខាននោះទេ ដោយសារពេញចិត្តចង់ឃើញផ្ទាំងពុទ្ធបដិមា ៣ ផ្ទាំងដែលឆ្លាក់ជាប់ជញ្ជាំងថ្មភ្នំគួរឲ្យគោរព ដើម្បីទទួលបានអារម្មណ៍ស្រស់ថ្លា។
យុវជនក្នុងវ័យ ២៧ ឆ្នាំរូបនេះថា រមណីយដ្ឋានទេសចរណ៍ភ្នំសំពៅ ក្រោយពីមានការឆ្លាក់រូបពុទ្ធបដិមាតាមការមើលឃើញជាក់ស្តែង បានទាក់ទាញកំណើនភ្ញៀវទេសចរបរទេសបានយ៉ាងច្រើន។
យុវជនរូបនេះបន្តថា ក្រៅពីទស្សនារូបពុទ្ធបដិមា ភ្ញៀវទេសចរក៏អាចទស្សនាការលក់ដូរផលិតផលនិងម្ហូបអាហារស្នាដៃរបស់ពលរដ្ឋក្នុងស្រុកនៅពេលរាត្រី ក្រោយពីមន្ទីរជំនាញបានខិតខំកែប្រែរមណីយដ្ឋានមួយនេះជាបន្តបន្ទាប់ ក្នុងទិសដៅទាញកំណើនជនបរទេសឲ្យកាន់តែច្រើនមកកាន់ទឹកដីខេត្តបាត់ដំបង។
លោក ឡឹម ជាពលរដ្ឋមកពីស្រុកមោងឫស្សីប្រាប់ថា ក្រោយពីមានការឆ្លាក់រូបបដិមាព្រះពុទ្ធ និងបង្កើតផ្សាររាត្រីលោកនិងក្រុមគ្រួសារតែងតែមកកម្សាន្តជាញឹកញាប់។

លោកលើកឡើងដូច្នេះថា “តាមខ្ញុំសង្កេតមើលនៅភ្នំសំពៅ បើធៀបកាលពីទសវត្សរ៍មុន ចន្លោះពីឆ្នាំ ១៩៩៩-២០០០ ខុសគ្នាឆ្ងាយណាស់។ កាលនោះខ្ញុំឧស្សាហ៍ឡើងទៅលេង និងដើរមើលរូបព្រះធំៗគឺស្ងាត់រងំ មានតែពុទ្ធបរិស័ទ្ធតិចតូចប៉ុណ្ណោះ តែពេលនេះភ្នំមួយនេះ មើលទៅហាក់បីដូចជាបង្គងសត្វឃ្មុំអ៊ីចឹងដែរ។ ខ្ញុំរំពឹងក្នុងចិត្តថា ភ្ញៀវបរទេសនឹងសម្រុកមកច្រើន ក្រោយពីរូបបដិមាលាបពណ៌បានស្រស់ស្អាត ព្រោះខ្ញុំឃើញថាជនបរទេសម្នាក់ៗឈរសម្លឹងរូបដិមា មិនចង់ព្រិចភ្នែក និងថតរូបគ្រប់គ្នា ដើម្បីយកទៅបង្ហាញប្រជាជនរបស់ពួកគេរៀងៗខ្លួន កត្តានេះហើយ អាចនឹងមានកំណើនច្រើននៅពេលខាងមុខ។
លោក ហម អរុណ អនុប្រធាន មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា នៅភ្នំសំពៅបច្ចុប្បន្នក្រោយពីខាងមន្ទីរបានរៀបចំបន្ថែម សង្កេតឃើញមានភ្ញៀវជាជនបរទេសមានមកទស្សនាកម្សាន្តជាបន្តបន្ទាប់ ដែលក្នុងមួយថ្ងៃមានចន្លោះពី ៥០ ទៅ ៦០ នាក់។ បើរដូវអត់មានភ្លៀងធ្លាក់អាចនឹងមានភ្ញៀវបរទេសច្រើនជាងនេះ។
ទូទាំងខេត្តបាត់ដំបង មានគោលដៅទេសចរណ៍សរុបចំនួន ១១៥ ទីតាំង។ ដោយឡែក ក្នុងក្រុងបាត់ដំបង មានកន្លែងកម្សាន្តចំនួន ៣៤ទីតាំង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន ០១ ទីតាំង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន ០១ ទីតាំង តំបន់គោលដៅទេសចរណ៍មានចំនួន ១៥ ទីតាំង សារ:មន្ទីរមាន ចំនួន ០២ ទីតាំង និងទេសចរណ៍សាសនាមានចំនួន ១៥ ទីតាំង។
បច្ចុប្បន្ននៅក្នុងខេត្តបាត់ដំបង សម្បូរទៅដោយរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍ ដ៏សំបូរបែបសម្រាប់បម្រើដល់វិស័យទេសចរណ៍។ ក្នុងនោះមានទីតាំងប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ប្រពៃណី និងធនធានធម្មជាតិ ដែលជាចំណុចគោលដៅដ៏លេចធ្លោ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកដើរកម្សាន្ត៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ