ព័ត៌មានជាតិ
សម្ដេចតេជោ បង្ហាញសុពលភាពវ៉ាក់សាំង Sinopharm និង AstraZeneca
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងសន្និសីទព័ត៌មាន ថាដោយសារចំនួននៅមានកំណត់ ដូចនេះការចាក់វ៉ាក់សាំង AstraZeneca នេះ ត្រូវជ្រើសរើស មិនមែនចាក់ជូនតែមន្ត្រីរាជការនោះទេ គឺក៏មានការចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីចូលនិវត្តន៍ផងដែរ ចំពោះអ្នកមានអាយុពី៦០ឆ្នាំឡើងទៅ។
សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា វ៉ាក់សាំងនៅមានកំណត់មិនទាន់អាចផ្ដល់ដល់ប្រជាពលរដ្ឋគ្រប់រូបបាន ជាមួយគ្នានេះវ៉ាក់សាំងទាំងពីរដែលកម្ពុជាកំពុងអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នេះ គឺមានកាលកំណត់សុពលភាពប្រើប្រាស់ និងខុសគ្នាទៀត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះវ៉ាក់សាំង AstraZeneca ដែលកម្ពុជាទើបទទួលបាននេះ នឹងផុតកំណត់សុពលភាពប្រើប្រាស់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះហើយ ដោយសារវ៉ាក់សាំងនេះ មានសុពលភាពរយៈពេលតែ៦ខែ ចំណែក វ៉ាក់សាំង Sinopharm មានសុពលភាពប្រើប្រាស់រយៈពេល១ឆ្នាំ។
សម្ដេចតេជោ មានប្រសាសន៍ថា តាមការប៉ាន់ស្មាន ចំនួនប្រជាពលរដ្ឋ និងមន្ត្រីរាជការមូលដ្ឋានក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដែលជារាជធានីខេត្តមានហានិភ័យខ្ពស់ប្រឈមនឹងការឆ្លងមេរោគកូវីដ១៩ ប្រហែលជា១០ ទៅ១៣ម៉ឺននាក់ ដែលត្រូវការវ៉ាក់សាំងប្រហែល ២០ ទៅ២៦ម៉ឺនដូស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងជួររដ្ឋាភិបាល ត្រូវកំណត់អាយុក្រោម៦០ឆ្នាំ ឱ្យប្រើវ៉ាក់សាំង Sinopharm ចំណែកអ្នកអាយុពី៦០ឆ្នាំឡើងទៅ អនុញ្ញាតឱ្យប្រើវ៉ាក់សាំង AstraZeneca។
សម្ដេចតេជោបាន អះអាងទៀតថា សូម្បីកូនប្រុសពៅរបស់សម្ដេចដែលដែលខកខានមិនបានចាក់វ៉ក់សាំងពីថ្ងៃដំបូងដោយសារមានជំងឺផ្ដាសាយនោះ ក៏បានចាក់វ៉ាក់សាំង Sinopharm នេះដែរកាលពីម្សិលមិញ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា មិនគិតថ្លៃទេ ទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេស។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២៤,០០០ដូស ជាលើកដំបូង ដែលបានមកដល់នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ។ សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល, អង្គការ Unicef និងអង្គការ WHO បានបញ្ជាក់ថា វ៉ាក់សាំងចំនួន ៣២៤,០០០ ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សំាងសរុបចំនួន១.១លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជា ជាដំណាក់កាលនៅត្រឹមបំណាច់ ខែឧសភា។
ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល ៧លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។ យន្តការ COVAX គឺជាកិច្ចខិតខំជាសកល ដែលមិនធ្លាប់មានពីមុនមក ដើម្បីផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សំាងពីយន្តការ COVAX។ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងនៅទូទាំងសកលលោកមានកម្រិត រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើលទ្ធកម្ម វ៉ាក់សាំងតាមរយៈមធ្យោបាយជាច្រើន ដែលបំពេញទៅតាមស្តង់ដារសុវត្ថិភាព ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីការពារប្រជាពលរដ្ឋ។
ការចាក់វ៉ាក់សាំងដំបូងបង្អស់ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយការមកដល់នៃវ៉ាក់សាំងបន្ថែមនេះ គឺជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ