Connect with us

ព័ត៌មានជាតិ

តោះ! ស្វែងយល់ពាក្យគន្លឹះ​សៀវភៅ CQS ជំរុញ​សហគ្រាស​កម្ពុជា​​ពង្រឹងគុណភាព​ ចាប់​ទីផ្សារ​​ទៅក្រៅប្រទេស

បានផុស

នៅ

រដ្ឋបាល​ជលផល​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញផ្សាយ​សៀវភៅ​ណែនាំ​ស្តីពី​ប្រព័ន្ធ​វិញ្ញាបនបត្រនិមិត្តសញ្ញា​គុណភាព​ ផលផលិតផល​ជលផល​កម្ពុជា (CQS) ដែល​ជាប្រព័ន្ធវិញ្ញាបនបត្រ​ទទួលស្គាល់​សុវត្ថិភាពម្ហូបអាហារ​តាម​គោលការណ៍​ស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់ការ​អនុវត្តអនាម័យល្អ ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​និង​គុណភាព​ចំណីអាហារ ក៏ដូចជាការបន្ថែម​តម្លៃដល់​ផលផលិតផលជលផលនៅកម្ពុជា ដើម្បី​ឈាន​សម្រេច​គោលបំណង​នាំចេញ​ផល ផលិតផល​ជលផល​ទៅកាន់ទីផ្សារក្នុងតំបន់ និង​អន្តរជាតិ ក៏ដូចជា​បំពេញ​កំណើនតម្រូវការ​ក្នុង​ស្រុក​សម្រាប់​អាហារដែល​មានសុវត្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគម្រោងអភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល (CAPFish-Capture) ដោយ​មាន​ការ​គាំទ្រ​ថវិកា​ដោយ​សហភាពអឺរ៉ុប រដ្ឋបាល​ជលផល (FiA) និង​ អង្គការសហប្រជាជាតិ​ដើម្បីអភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) បាន​បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធ​វិញ្ញាបនបត្រគុណភាព​ផលផលិតផល​ជលផល (CQS) ដើម្បី​លើកកម្ពស់​ការអនុវត្ត​សុវត្ថិភាព​ម្ហូបអាហារ ក្នុងវិស័យ​ជលផល​ក្រោយប្រមូល ផល​ឱ្យស្រប​តាមតម្រូវការ​ទីផ្សារ​ក្នុងតំបន់ និងអន្តរជាតិ។

សៀវភៅណែនាំស្តីពីប្រព័ន្ធវិញ្ញាបនបត្រ​គុណភាពផល ផលិតផល​ជលផល​កម្ពុជា ​គឺជាឯកសារ​មគ្គុទេសន៍​ដ៏សំខាន់ក្នុង​ដំណើរការនៃការផ្តល់វិញ្ញាបនបត្រ។ ក្នុង​សៀវភៅ​បាន​ចង្អុលណែនាំ​ពី​ដំណើរការផ្តល់​វិញ្ញាបនបត្រ​ដែល​មានភាព​សុក្រឹត និង​តម្លាភាព ស្របតាមលក្ខខណ្ឌ​របស់ CQS ដែលភាគី​ពាក់ព័ន្ធទាំងអស់​អាចទទួលយកបាន។

សៀវភៅណែនាំនេះបានរៀបរាប់​លម្អិតអំពី​លក្ខខណ្ឌ​តម្រូវការ​ ដែល​សហគ្រាសកែច្នៃផលផលិតផល​ជលផល យឿត្រី រួមទាំង​ទូក​នេសាទ ត្រូវអនុវត្ត​តាម​ដើម្បីទទួល​បាន​វិញ្ញាបនបត្រ CQS។ ការ​ចងក្រង​សៀវភៅណែនាំនេះឡើង ក៏​ត្រូវ​បានពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និង​ត្រូវបាន​ពិនិត្យផ្ទៀងផ្ទាត់នៅក្នុងឆ្នាំ ២០២១ និង​ ២០២២។

សៀវភៅ​នេះ​ផ្អែកលើគោលការណ៏​ណែនាំរបស់ស្តង់ដារ CODEX ដែលជា​ទិសដៅក្នុងការ​ផ្តល់នូវ​វិញ្ញាបនបត្រ ដែល​នឹងជួយលើកកម្ពស់ការ​អនុវត្តល្អក្នុងអនុវិស័យជលផលកម្ពុជា ពាក់ព័ន្ធ​ទៅនិង​សុវត្ថិភាព​ផល​ផលិតផលជលផល ដោយ​ផ្នែកតាមគោលការណ៍ទូទៅនៃតម្រូវការស្តង់ដារអនាម័យល្អ (GHP) និង (GMP) របស់ CODEX និង​ក្របខណ្ឌ​គតិយុត្ត​​ដែលមានជាធរមាន​ស្ដីពីសុវត្ថិភាពម្ហូបអាហារ​នៅកម្ពុជា តំបន់​អាស៊ាន នឹងទីផ្សារ​ដែលមានសក្តានុពលផ្សេងទៀត។

បន្តទៀតនេះ កម្ពុជាថ្មី​​នឹង​ចែក​រំលែក​​ពាក្យ​បច្ចេកទេសគន្លឹះ​​ដែល​ប្រើប្រាស់​ក្នុង​សៀវភៅ​ណែនាំនេះ សម្រាប់​ប្រិយមិត្ត​និង​មិត្ត​អ្នក​អាន​អាចស្វែង​យល់​ទាំងអស់គ្នា។

-ផលិតផលជលផល (Fishery product) = ផលវារីសត្វ ឬវារី​រុក្ខជាតិ​ដែល​បានឆ្លងកាត់​ការកែច្នៃ​រួច​ហើយ។
-ផល ផលិតផល​ជលផល (Fish and fishery product) = ផល​វារីសត្វ ឬរុក្ខជាតិ​ដែល​បានមក​ពីការ​ចាប់​ពី​ធម្មជាតិ ឬវារីវប្បកម្ម​ទាំង​នៅស្រស់​មិនទាន់​កែច្នៃ និង​កែច្នៃរួចហើយ ឬអាចចាត់​ទុកជា​មុខ​ទំនិញ​ជលផល​នៅ​ពេលត្រូវបានធ្វើពាណិជ្ជកម្ម។
-បណ្តុំ​ផលិតផល (Batch) = បរិមាណ​នៃផលិតផល​សម្រេច ឬមុខទំនិញដែលបានផលិតមួយលើកៗ ។
-ការធ្វើព្យាសកម្ម (Calibration) = ជា​សំណុំនៃប្រតិបត្តិការដែលបង្ហាញពី​ទំនាក់ទំនង​រវាងតម្លៃ​នៃ​បរិមាណ ដែលចង្អុលបង្ហាញ​ដោយ​ឧបករណ៍​វាស់ ឬ​ប្រព័ន្ធ​វាស់ ឬតម្លៃ​ដែល​តំណាង​ដោយ​រង្វាស់​សម្ភារៈ ឬ​សម្ភារៈ​យោង ជាមួយនិង​តម្លៃ​ដែលវាស់ដោយឧបករណ៍ស្តង់ដារ ឬតម្លៃនៃ​បរិមាណ​ស្តង់ដារ​។
-ចំណុចត្រួតពិនិត្យសំខាន់ៗ (CCPs) = ចំណុចឬដំណាក់កាលនៅក្នុងខ្សែច្រវាក់​ផលិតកម្មដែលត្រូវធ្វើការ​ត្រួត​ពិនិត្យ​ដើម្បីការពារ ឬ កាត់បន្ថយហានីភ័យ​គ្រោះថ្នាក់​លើសុវត្ថិភាពម្ហូបអាហារ ឬ​កាត់បន្ថយ​ដល់កម្រិតដែលអាច​ទទួល​យក​បាន
-ការ​តវ៉ា (Complaint) =  ការសំដែងនូវសេចក្តី​មិនពេញចិត្ត ឬមិន​អាចទទួលយក​បាន​ចំពោះអ្វីមួយ។
-ការអនុលោមតាម​ស្តង់ដា (Conformity) = គឺ​ជា​ការគោរពតាមលក្ខខណ្ឌតម្រូវ​របស់​គោលការណ៍នៃ CQS ឬលក្ខខណ្ឌ​តម្រូវរបស់បទដ្ឋាន នៃច្បាប់សុវត្ថិភាពម្ហូបអាហារ។
-អនុលោមភាព (Compliance) = គឺជាការអនុវត្តតាមលក្ខខណ្ឌតម្រូវរបស់គោលការណ៍​នៃ CQS  ឬអនុវត្ត​តាម​លក្ខខណ្ឌតម្រូវ​របស់បទដ្ឋានបច្ចេកទេសស្តីពីសុវត្ថិភាពម្ហូបអាហារ។
-ផ្ទៃ​ប៉ះ (Contact surface) = ផ្ទៃ​នៃឧបករណ៍ សម្ភារ​បរិក្ខារ ប្រដាប់ប្រដា​ប្រើប្រាស់ ឬរាងកាយ​មនុស្ស​ដែល​ប៉ះផ្ទាល់​ជាមួយនឹង​ផល​ផលិតផលជលផល។
-ការចម្លងកខ្វក់ពីមួយទៅមួយ (Cross-contamination) = ការចម្លងកខ្វក់បន្តគ្នាពីផលិតផល ឬវត្ថុមួយ ទៅផលិតផល ឬវត្ថុមួយ ឬច្រើនផ្សេងទៀត។
-ការចម្លងកខ្វក់ (Contamination) = ការប៉ះ​ឬការកើតឡើងនៃ​អតិសុខុមប្រាណ​ដែលមិនចង់បាន ឬ​ក៏​ជា​ក្លិន ឬសារធាតុ​ដែលអាច​ឆ្លងមកសំបកវេចខ្ចប់ ផលិតផល​ជលផល វត្ថុធាតុដើម ឬ​បរិស្ថានជុំវិញ។ ការ​ចម្លង​កខ្វក់រួមមាន លក្ខណៈ​រូបសាស្ត្រ គីមីសាស្ត្រ វិទ្យុសកម្ម និង​មីក្រូជីវសាស្ត្រ។
-វិធានការកែតម្រូវ (Corrective measure) = វិធានការដើម្បីលុបបំបាត់មូលហេតុនៃភាពមិនអនុលោម។
-ការសម្លាប់មេរោគ (Disinfection) = ដំណើរការដែលកាត់បន្ថយអតិសុខុមប្រាណជាច្រើន ឬទាំងអស់។
-និយោជិក (Employee) = បុគ្គលដែលធ្វើការឱ្យ​នរណាម្នាក់ផ្សេងទៀត​ជា​ថ្នូរ​នឹង​ការទូទាត់​កម្រៃ។
-កាលបរិច្ឆេទផុតកំណត់​ការប្រើប្រាស់ (Expiration date) = កាលបរិច្ឆេទដែលបានកំណត់​ថ្ងៃចុងក្រោយ ដែល​ផលិតផល​នៅ​មានគុណភាព សុវត្ថិភាព អាច​ប្រើប្រាស់​ឬបរិភោគបាន។
-កាកសំណល់ត្រី (Fish waste) = ផ្នែកនៃត្រី​ដែលមិនត្រូវបានប្រើប្រាស់ ឬកែច្នៃជា​អាហារ​មនុស្ស ដែល​អាច​រួម​មាន ស្បែក ឆ្អឹង គ្រឿងក្នុង សំបក ។ល។
-ដ្យា​ក្រាមលំហូរ (Flow diagram)​ = ជាតំ​ណាងនៃ​លំដាប់​ជំហាន ឬ​ប្រតិបត្តិការ​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ផលិត ឬ​ការ​ផលិត​ផលិតផល​ផលផល​ណាមួយ
-សារធាតុបន្ថែម​ក្នុងអាហារ (Food Additive) = សារធាតុគីមី​ដែលត្រូវបាន​ប្រើប្រាស់​ដាក់​បន្ថែម​ក្នុង​អាហារ ដើម្បីរក្សា​គុណភាព ទំរង់​រូបសាស្រ្ត​ ឬ​បង្កើន​រសជាតិ ក្លិន ពណ៌ ឬ​គុណភាព​ផ្សេងទៀត។
-វត្ថុខាងក្រៅ (Foreign matter) = ប្រភេទ​នៃការចម្លងណាមួយ​ពីខាងក្រៅ ដែល​ប៉ៈ​ផលិតផល​អាហារទៅ​ចំណុច​ណាមួយនៅក្នុង​ដំណើរការ​ផលិត​របស់វា ដែល​ជាទូទៅ​មិនមែន​ជា​អតិសុខុមប្រាណ។ ឧទាហរណ៍ កញ្ចក់ ឈើ ចូលី ដីខ្សាច់ ជាដើម។
-ផ្សែង (Fumes) = ឧស្ម័ន ឬចំហាយទឹក​ដែលមានក្លិនខ្លាំង និង​គ្រោះថ្នាក់​ពេល​ហឺតចូល ឬ​អាច​ធ្វើ​ឲ្យឆ្លង​ដល់​អាហារ។
-អង្គ​បង្ក​គ្រោះថ្នាក់ (Hazard) = ភ្នាក់ងារ​នៃប្រភេទ​ណាមួយ​ដែល​អាចបង្ក​គ្រោះថ្នាក់ (ដូចជា ជីវសាស្ត្រ គីមីសាស្រ្ត ឬ រូបសាស្រ្ត)។
-ការរុករានដោយសត្វចង្រៃ (Infestation) = វត្ដមាន​នៃសត្វចង្រៃ ដែលមានចំនួនច្រើនខុសពីធម្មតា។ នេះជា​ធម្មតា​អាចបណ្ដាលឱ្យមានគ្រោះថ្នាក់​ឬបង្កគ្រោះថ្នាក់​ដល់សុវត្ថិភាព​នៃផលិតផលជលផល។
-អធិការកិច្ច (Inspection) =សកម្មភាពនៃការត្រួតពិនិត្យ​ផ្ទៀងផ្ទាត់នូវប្រតិបត្តិការ​ ដែលបាន​កំណត់​គោលដៅ ឬ​តាម​ផែនការ​កំណត់ (ជាទូទៅ​គេត្រួតពិនិត្យ​ដោយប្រើបញ្ជី› ដើម្បីធានា​បាននូវ​ប្រតិបត្តិការ ដែលអនុវត្តតាម​ការរំពឹងទុក។
-មូលដ្ឋានទិន្នន័យ​នៃ​សុក្រឹតភាព (Integrity database) = ភាពត្រឹមត្រូវ និងនិរន្តរភាពនៃទិន្នន័យ​ដែល​ត្រូវបាន​ផ្ទុកនៅក្នុងប្រព័ន្ធ​មូលដ្ឋានទិន្នន័យ។
-ឡូត៍ (Lot) = បរិមាណនៃផលិតផលសម្រេច ដែលត្រូវបានបែងចែកជាចំណែកផ្សេងៗគ្នា​តាមពេល ឬ ដំណាក់កាល​សម្រាប់ការដឹកជញ្ជូន និងចែកចាយ​ឬលក់ទៅតាមទិសដៅ​នៃទីផ្សារផ្សេងៗគ្នា។
-ប្រតិបត្តិករ (Operator) = បុគ្គលណាមួយដែលធ្វើប្រតិបត្តិការ។
-រចនាសម្ព័ន្ធអង្គភាព (Organization chart) = តំណាងក្រាហ្វិកនៃរចនាសម្ព័ន្ធនៃអង្គភាពដែល​បង្ហាញពីទំនាក់ទំនង​នៃមុខតំណែង ឬការងារ។
-សត្វល្អិតចង្រៃ (Pest) = សត្វល្អិតចង្រៃដែលបំផ្លាញ ឬធ្វើឱ្យមានការចម្លងកខ្វក់លើផល ផលិតផល​ជលផល។
-រោងចក្រ (Plant) = កន្លែងដែល​ដំណើរការឧស្សាហកម្ម ឬផលិតកម្មកើតឡើង។
-ទីតាំងសិប្បកម្ម (Premises) = រួមមានទីធ្លានិងសំណង់ខាងក្រៅនៃសំណង់អគារ​រោងចក្រ​ដែលកាន់កាប់​ដោយ​សហគ្រាស។
-នីតិវិធី (Procedure) = វិធីសាស្រ្តដែល​បានព្រមព្រៀងគ្នា​ក្នុងការអនុវត្តសកម្មភាព ឬ​ដំណើរការ​ដែល​ត្រូវ​បាន​អនុវត្ត និង​ចងក្រង​ជា​ឯកសារ​ក្នុង​ទម្រង់​នៃ​ការណែនាំ​លម្អិត ឬការពិពណ៌នា​អំពី​ដំណើរការ។
-ប្រភេទ​ផលិតផល (Product Category) = ជាប្រភេទ​នៃផលិតផល ឬ សេវា។ ឧទាហរណ៍ ផលិតផល​ស្ងួត ផលិតផល​ក្លាស្សេ។
-លក្ខណៈ​នៃ​ផលិតផល (Product Characteristic) =លក្ខណៈសម្បត្តិ​ដែល​កំណត់​ឲ្យ​ផលិតផល​ជលផល​។
-ការ​ប្រមូល​ផលិតផល​ត្រឡប់​មកវិញ (Product Recall) =ជា​វិធានការ​ដើម្បី​ប្រមូល​ផលិតផល​ដែល​បាន​ចែកចាយ ឬលក់រួច​ហើយ​ត្រឡប់​មកវិញ នៅ​ពេល​ដែលត្រូវបានរកឃើញ ឬផ្តល់ព័ត៌មាន​ថាផលិតតផល​ទាំងនោះមិនមានសុវត្ថិភាព​សម្រាប់ការប្រើប្រាស់ឬបរិភោគបាន។
-គុណភាព​ (​Quality) =កម្រិតនៃឧត្តមភាពរបស់ផលិតផល​ដែលត្រូវបានប្រៀបធៀប​ជាមួយស្ដង់ដារ​គុណភាព​នៃ​ផលិតផលដូច​ឬស្រដៀងគ្នា ដើម្បីបំពេញតម្រូវការ និងការរំពឹងទុករបស់​អថិតិជន។
-វត្ថុធាតុ​ដើម (Raw material) =គ្រឿងផ្សំមូលដ្ឋាន​ណាមួយ ឬពាក់កណ្ដាល​សម្រេច​ណាមួយ ដែលត្រូវ​បានប្រើ​ដោយសហគ្រាស សម្រាប់ការ​ផលិតផលិតផល។ វត្ថុធាតុដើម​រួមមាន​គ្រឿង​សម្ភារៈ​វេចខ្ចប់ សារធាតុ​បន្ថែម គ្រឿង​បន្ថែមក្នុងការ​កែច្នៃ។ ល។
-ហានិភ័យ (Risk) =លទ្ធភាព​នៃ​ការកើត​ឡើង​ដោយ​អង្គ​បង្ក​គ្រោះថ្នាក់។
-ការ​វាយ​តម្លៃ​ហានិភ័យ (Risk Assessment) =ការកំណត់​អត្តសញ្ញាណ​វាយតម្លៃ និង​ការប៉ាន់ស្មាន​នៃ​កម្រិត​នៃ​ហានិភ័យ​ដែល​ពាក់ព័ន្ធនឹ​ង​ដំណើរការ ដើម្បី​កំណត់​ដំណើរការ​ត្រួត​ពិនិត្យ​ឲ្យ​សមស្រប។
-មូលហេតុ​ជា​ឫស​គល់​នៃ​បញ្ហា (Cause Root) = ប្រភព​នៃ​មូលហេតុ​ចំបង​ដែលបង្ក​ឱ្យមាន​បញ្ហា ប្រសិន​បើ​ត្រូវ​បាន​ដោះស្រាយ ទោះ​វា​នឹង​អាច​ជួយ​ការពារកុំឱ្យ​បញ្ហា​នោះកើតឡើងវិញ។
-អ្នក​គ្រប់គ្រង (Senior Manager) = អ្នកទទួលខុសត្រូវក្នុងប្រតិបត្តិការកម្រិត​ខ្ពស់របស់ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​ក្នុងការសម្រេចចិត្តផ្តល់ហិរញ្ញវត្ថុ ឬធនធានមនុស្ស​ដែលចាំបាច់​សម្រាប់​ការ​អនុវត្ត​តាម​លក្ខខណ្ឌតម្រូវ។
-លក្ខណៈពិសេស (Specification) =ការពិពណ៌នា​ច្បាស់លាស់ ឬលម្អិត​នៃសម្ភារៈ​ផលិតផល ឬ​សេវាកម្ម​។
-ប្រព័ន្ធ​អង្កេត​ដាន (Traceability) =សមត្ថភាព​ក្នុងការតាមដាន​វត្ថុធាតុដើម សមាសធាតុ និង​ផលិតផល គ្រប់​ដំណាក់កាល ដែល​រួមមាន​ការទទួល ការ​ផលិត ការកែច្នៃ និង​ការចែកចាយ ទាំង​ទៅមុខ​និង​ថយ​ក្រោយ។
-អាយុកាល​ផលិតផល (Self-Life) = រយៈពេល​ដែលបញ្ជាក់​ពីគុណភាព សុវត្តិភាព​នៃផលិតផល​ជលផល​ដែលអាចទៅប្រើប្រាស់បាន ឬអាចនៅធ្វើពាណិជ្ជកម្ម​បាន។
-ទឹក​សកម្ម (water activity) = គឺជា​រង្វាស់​ដើម្បីកំណត់​ថាតើ ទឹកសេរីភាពនឹង​មិន​ចង់​សម្ព័ន្ធ​មាន​ក​ម្រិត​ណា ដែល​បរិមាណនោះ​ផងដែរ​ នឹងត្រូវបាន​ប្រើប្រាស់​ដោយ​អតិសុខុមប្រាណ​សម្រាប់​ការ​លូតលាស់​។
-សំលៀកបំពាក់​ការងារ (workwear) =សម្លៀកបំពាក់​ដែលក្រុមហ៊ុន​បានរចនា​ប្រើប្រាស់ ឬអនុញ្ញាត​ឱ្យប្រើ​ដើម្បីការពារ​ផលិតផលពី​ការចម្លង​កខ្វក់​ដែលអាចកកើតឡើង។

គួរ​បញ្ជាក់ថា CQS (Cambodia Qualify Seal) ផ្តួចផ្តើមដោយ​រដ្ឋបាល​ជលផល (FiA) និង​ត្រូវបាន​អភិវឌ្ឈន៍​បន្ថែម​ទៀត​ដោយ​មានការ​ជួយ​គាំទ្រ​ពីអង្គការ UNIDO ជាផ្នែកមួយ​នៃគម្រោង​អភិវឌ្ឍន៍​ផ្នែក​ក្រោយ​ប្រមូលផល​ជលផល​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់សហភាពអឺរ៉ុប។ គម្រោង​នេះ ជាផ្នែក​មួយដ៏សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​កំណើន​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​វិស័យ​ជលផល​ក្នុង​ប្រទេស​កម្ពុជា។

គោលបំណង​ចំបង​នៃគ្រោងការណ៍នេះ គឺផ្ដល់ការគាំទ្រដល់សហគ្រាសខ្នាតតូច មធ្យម និងធំនៅ​ក្នុងប្រទេស​កម្ពុជា ពង្រឹងគុណភាព សុវត្ថិភាពផលផលិតផល​ជលផល​ រួមចំណែក​ក្នុងការអភិវឌ្ឍន៍​ផ្នែក​វិស័យ​ក្រោយ​ប្រមូល​ផល​ជលផល​របស់​ប្រទេស​កម្ពុជា តាមរយៈការធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវប្រព័ន្ធ​បទបញ្ញត្តិ និង​ស្ថាប័នកិច្ច​ដើម្បី​វិស័យ​ឯកជន​ទទួល​យកមកអនុវត្តកាន់តែប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម