Connect with us

ព័ត៌មានជាតិ

យល់ដឹងពីច្បាប់៖ ដូចម៉េចទើបហៅថាការញុះ​ញង់?

បានផុស

នៅ

នៅក្នុងវចនានុក្រមខ្មែរឆ្នាំ២០២២ របស់រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យនិយមន័យពាក្យ “ញុះញង់” ថា គឺនិយាយចាក់រុកនាំអុចអាលឱ្យអ្នកដទៃធ្វើការអ្វីៗដែលមិនគប្បី ឬនាំឱ្យឈ្លោះទាស់ទែងគ្នា បែកបាក់គ្នាជាដើម។ បើនិយាយផ្នែកច្បាប់វិញ តើសកម្មភាពបែបណាខ្លះទើបហៅថាជាការញុះញង់? ហើយត្រូវមានទោសទណ្ឌបែបណាខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ នៅផ្នែកទី៣ និយាយពីការញុះញង់ឱ្យប្រព្រឹត្តបទល្មើស ក្នុងនោះ មាត្រា៤៩៤ បាននិយាយពីលក្ខខណ្ឌអស្ថិភាពនៃការញុះញង់ បញ្ជាក់ច្បាស់ថា ការញុះញង់អាចត្រូវផ្តន្ទាទោស ប្រសិនជាអំពើទាំងនេះត្រូវបានប្រព្រឹត្ត ដូចជាទី១ ញុះញង់ដោយសម្តី តាមប្រភេទណាក៏ដោយដែលប្រកាសនៅទីកន្លែងសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។ ទី២ ញុះញង់ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយដែលត្រូវផ្សព្វផ្សាយក្នុងចំណោមសាធារណជន ឬតាំងឱ្យសាធារណជនមើល និងទី៣ គឺញុះញង់គ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។

ចំណែក មាត្រា៤៩៥​ បានចែងមកថា អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយទាំង៣ដែលមានចែងក្នុង មាត្រា៤៩៤ ខាងលើ នៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាព។ រីឯ មាត្រា ៤៩៦ និយាយពីបទញុះញង់ឱ្យមានការរើសអើង សរសេរថា អំពើញុះញង់ដោយផ្ទាល់តាមមធ្យោបាយណាមួយដែលមានចែងក្នុងមាត្រា ៤៩៤ នៃក្រមនេះ ឱ្យប្រព្រឹត្តការរើសអើង ការគុំកួន ឬហិង្សាចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនោះជាមាជិក ឬមិនមែនជាសមាជិកនៃជាតិពន្ធុ ក្រុមជាតិ​ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទី៣ឆ្នាំ និងពិន័យជាទឹកប្រាក់ ២លានរៀល ទៅ៦លានរៀល ប្រសិនការញុះញង់នោះគ្មានប្រសិទ្ធភាព។

ចំពោះមាត្រា ៤៩៧ និយាយថា អំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន គឺត្រូវស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។ មិនត្រឹមតែប៉ុណ្ណឹង ក្នុងក្រមនេះ ការញុះញង់ក៏មានទោសបន្ថែម ប្រភេទ និងពេលវេលានៃទោសផងដែរ ដោយមានចែងក្នុងមាត្រា ៤៩៨ ដូចខាងក្រោម៖

១​.ដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន

២.ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទជាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំយ៉ាងច្រើន

៣.ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសយ៉ាងច្រើន ២ខែ

៤.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន

៥.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់រយៈពេល ៨ថ្ងៃយ៉ាងច្រើន៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម