ព័ត៌មានជាតិ
កម្ពុជា រៀបចំគោលដៅអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពធន់របស់យុវជន
ក្រោមកិច្ចការសហការសម្របសម្រួលរបស់ ក្រុមការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីបើក “វេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជា ឆ្នាំ២០២៤” ក្រោមអធិបតីភាព លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលដៅអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពធន់របស់យុវជន ជាប្រចាំ។

លោក សេរី ជំនះ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍយុវជន ដែលជាធនធានគន្លឹះដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ។ រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពធន់របស់យុវជនដើម្បីត្រៀមខ្លួនចំពោះការប្រែប្រួលឥតឈប់ឈររបស់សាកលលោក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើនដូចជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើអាទិភាព ៥ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា) គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា; ក្របខណ្ឌគោលនយោបាយស្តីពី សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥។ល។

យុវជនក្នុងនាមជាសរសរទ្រូងរបស់ប្រទេសជាតិ និងជាអ្នកដឹកនាំនាពេលអនាគត ត្រូវមានការគិតបែបវិជ្ជមាន មានគំនិតច្នៃប្រឌិត នវានុវត្តន៍ មានបំណិនសតវត្សរ៍ទី២១ ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅរកវិបុលភាព និងសន្តិភាព។ ការចូលរួមរៀបចំសេចក្តីព្រាង កតិកាសញ្ញាសម្រាប់អនាគត (Pact for the Future) និងសេចក្តីប្រកាសស្តីពី អ្នកជំនាន់ក្រោយ (Declaration on Future Generation) ក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ក្នុងការសម្រេចឱ្យបាននូវ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០។ ឯកសារទាំងពីរនេះ នឹងបន្តពិគ្រោះនៅក្នុងកិច្ចប្រជុំកំពូលសម្រាប់អនាគត (Summit of the Future) នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។

ជាចុងបញ្ចប់ រដ្ឋលេខាធិការ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា មានអង្គការ UNFPA និង UNYAP ជាដើម ដែលបានខិតខំប្រឹងប្រែងជួយរៀបចំវេទិកាដ៏មានសារសំខាន់នេះឡើង ដែលនេះបានបង្ហាញយ៉ាងច្បាស់នូវលទ្ធិប្រជាធិបតេយ្យ ភាពបើកចំហ និងការចូលរួមយ៉ាងពេញលេញរបស់យុវជនពីគ្រប់ស្រទាប់វណ្ណៈនៅក្នុងដំណើរការ នៃការរៀបចំឯកសារដ៏មានសារសំខាន់នេះ។

គួរបញ្ជាក់ថា តាមរយៈរបាយការណ៍របស់ លោក ចឹក លីម អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បង្ហាញថា វេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជា ឆ្នាំ២០២៤នេះ មានការចូលរួមពីយុវជនប្រមាណ ២៥០ នាក់ មកពីបណ្តាសាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានា។ វេទិកានេះ ប្រព្រឹត្តតទៅរយៈពេល ១ថ្ងៃពេញ ចាប់ផ្ដើមដោយកិច្ចពិភាក្សាតាមក្រុម ការធ្វើបទបង្ហាញពីលទ្ធផលពិភាក្សាក្រុម និងចុងក្រោយ គឺការអានសេចក្តីព្រាងកតិកាសញ្ញាសម្រាប់អនាគត និងសេចក្តីព្រាងសេចក្តីប្រកាសស្ដីពីអ្នកជំនាន់ក្រោយ៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


