ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យនីតិវិធី ជំរុញពន្លឿនការដឹកជញ្ជូនឆ្លងកាត់ព្រំដែន
កាលពីរសៀលម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី ៦ ដែលមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលកិច្ចប្រជុំរៀបចំឡើងដើម្បីពិនិត្យលើនីតិវិធីការងារពាក់ព័ន្ធជំរុញដល់ការដឹកជញ្ជូន និងប្រព័ន្ធភស្តុភារកម្ម ឆ្លងកាត់ច្រកព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ សំដៅពន្លឿនពេលវេលា កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ជុំវិញការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ) ជាសេនាធិការឱ្យរាជរដ្ឋាភិបាលបង្កើតឡើងកាលពីឆ្នាំ ២០១៧ ដើម្បីដឹកនាំ គ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា។
ពាក់ព័ន្ធការជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង លោក ស៊ុន ចាន់ថុល កន្លងទៅបានផ្តល់អនុសាសន៍ឲ្យមានការពិភាក្សាជាមួយភាគីថៃ និងវៀតណាមជំរុញការងារដឹកជញ្ជូនដោះស្រាយបញ្ហាកកស្ទះ រួមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ខ្ពស់នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត និងបង្កើនប្រតិបត្តិការច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប។

ភស្តុភារកម្ម សំដៅដល់ការរួមបញ្ចូលគ្នាក្នុងការរៀបចំបែបបទ ការចាត់ចែង ការសម្របសម្រួល និងការអភិវឌ្ឍធាតុសំខាន់ចំនួន ៦ រួមមាន៖
១៖ ប្រព័ន្ធសម្របសម្រួល បែបបទទំនិញចេញចូល និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
២៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងពាណិជ្ជកម្ម មានជាអាទិ៍ ផ្លូវគោក ផ្លូវដែក ផ្លូវ សមុទ្រ ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ។
៣៖ សមត្ថភាពនិងគុណភាពនៃស្ថាប័នផ្តល់សេវាភស្ដុភារកម្ម មានជាអាទិ៍ ស្ថាប័ន ដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ ការទុកដាក់ ការចែកចាយ និងការឆ្លងកាត់ទំនិញ។
៤៖ ការផ្តល់សេវាភស្ដុភារកម្មទាន់ពេលវេលា និងប្រកបដោយទំនុកចិត្ត។
៥៖ ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញប្រកបដោយតម្លៃប្រកួតប្រជែងទៅទីផ្សារអន្តរជាតិ។
៦៖ ប្រព័ន្ធព័ត៌មានតាមដានរំហូរនៃការដឹកជញ្ជូនទំនិញនិងអ្នកដំណើរ។
ក្រុមប្រឹក្សាជាតិភស្តុភារកម្ម មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
-ផ្ដល់គោលការណ៍ណែនាំ ក្នុងការរៀបចំគោលនយោបាយ
-យុទ្ធសាស្ត ផែនការមេ ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង ប្រតិបត្តិ និង អភិវឌ្ឍវិស័យភស្តុភារកម្មនៃព្រះរាជាណាចក្រកម្ពុជា
-សម្របសម្រួល និងត្រួតពិនិត្យចុងក្រោយ នូវយុទ្ធសាស្ត្រផែនការមេ ផែនការ សកម្មភាព និងលិខិតបទដ្ឋានគតិយុត្តវិស័យភស្តុភារកម្ម មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច
-កំណត់អាទិភាពការអភិវឌ្ឍវិស័យភស្តុភារកម្ម រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង
-កៀរគរការគាំទ្រធនធានហិរញ្ញវត្ថុ បច្ចេកទេស និងធនធានមនុស្ស ដែលជា តម្រូវការចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍវិស័យភស្ដុភារកម្ម ត្រួតពិនិត្យការអនុវត្តការងារ និងផ្ដល់អនុសាសន៍ណែនាំ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងវិស័យភស្តុភារកម្ម
រាជរដ្ឋាភិបាលកម្ពុជាអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះមានផែនការមេចំនួន ០៧ សំយោគបញ្ចូលគ្នារួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ រួមគ្នាមានចំនួន ១៧៤ គម្រោង ទាំងផ្នែកទន់ និងផ្នែករឹង ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ ប៊ីលានដុល្លារអាមេរិក។
ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ជាផែនការមេថ្នាក់ជាតិថ្មីមួយ ដើម្បីជំរុញឱ្យកម្ពុជាអាចទាក់ទាញការវិនិយោគចូលមកបានកាន់តែច្រើនបន្ថែមទៀត។
ផែនការមេនេះមានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ