Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ នឹងអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មីជានិមិត្តរូបនៅអនុវិទ្យាល័យចតុមុខ នាថ្ងៃស្អែក

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ៣១ តុលា នេះ​ថា សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ នេះ ក្រសួង​អប់រំ នឹង​រៀបចំ​កម្មវិធី​បើក​បវេសនកាល​នៅ​អនុវិទ្យាល័យ​ចតុមុខ នា​ព្រឹក​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្អែក​នេះ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា បាន​បន្ត​ថា កន្លងមក ក្រសួង ក៏បាន​ណែនាំ​ឱ្យ​សាលារៀន​រៀបចំ​ជួសជុល​អគារសិក្សា បន្ទប់រៀន តុ​កៅអី លើក​កម្ពស់​អនាម័យ និង​បរិស្ថាន​សាលារៀន រៀបចំ​ក្រុម​បណ្ដាញ​សាលារៀន ដើម្បី​កសាង ឬ​ធ្វើ​បច្ចុប្បន្ន​កម្ម​ផែនទី​ខ្នង​ផ្ទះ ផែនទី​សិក្សា ប្រព័ន្ធ គ្រប់គ្រង​រំហូរ​ទិន្នន័យ និង​ព័ត៌មាន​កុមារ​ចូលរៀន រៀបចំ​ចង​បដា​ពាក្យស្លោក​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ឱ្យ​បាន​មុន​ថ្ងៃ​ប្រារព្ធ​ពិធី និង​អញ្ជើញ​ថ្នាក់​ដឹកនាំ ឬ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល ចូលរួម​ក្នុង​ថ្ងៃ​បើក​បវេសនកាល​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

លោកស្រី​បាន​អំពាវនាវ​មាតាបិតា​ដែល​មាន​កូន​ចាប់ពី​អាយុ ៦ ឆ្នាំ ឬ​យ៉ាងតិច ៧០ ខែ (​គិត​ត្រឹម​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤) ទៅ​ចុះ​ឈ្មោះ​ចូលរៀន​ឱ្យ​បាន​គ្រប់ៗ គ្នា (​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​សំបុត្រ​ពេទ្យ​) ហើយ​ទន្ទឹម​នឹង​នេះ ត្រូវ​សម្របសម្រួល​ឱ្យ​អស់​លទ្ធភាព ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​កុមារ​ចំណាកស្រុក​បាន​ចុះ​ឈ្មោះ​ចូលរៀន​គ្រប់ៗ គ្នា ដែល​ការ​ចុះ​ឈ្មោះ​ចូលរៀន ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ៣១ ខែ​តុលា ឆ្នាំ ២០២៤។

បើ​តាម លោកស្រី ឃួន វិច្ឆិកា សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ ត្រូវ​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​ទី ៣១ ខែ​សីហា ឆ្នាំ ២០២៥ តាម​កាលបរិច្ឆេទ​ដូច​ខាង​ក្រោម​ថ្ងៃ​បើក​បវេសនកាល ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ វិស្សមកាល​តូច ចាប់ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ និង​មហា​វិស្សមកាល ចាប់ពី​ថ្ងៃទី ១ ខែ​កញ្ញា ឆ្នាំ ២០២៥៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម