ព័ត៌មានជាតិ
ពីអ្នកបើកបរឡានឱ្យគេ ក្លាយទៅជាម្ចាស់សិប្បកម្មកែច្នៃត្រីងៀតបោះដុំតាមខេត្តក្រុង
មុខក្លាយខ្លួនទៅជាម្ចាស់សិប្បកម្មកែច្នៃត្រីងៀត បោះដុំទៅតាមបណ្តាខេត្តជាច្រើនដូចពេលបច្ចុប្បន្ន លោក សួង សោភ័ណ បានបង្ហើបឱ្យដឹងថា ដំបូងឡើយលោកគ្រាន់តែជាអ្នកបើកបរឡានឱ្យគេនៅសណ្ឋាគារមួយប៉ុណ្ណោះ។

ថ្លែងមកកាន់ «កម្ពុជាថ្មី» លោក សួង សោភ័ណ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត សួង សោភ័ណ បានឱ្យដឹងថា ក្រោយចាប់មុខរបរបើកបរឡាននៅសណ្ឋាគារមិនសូវសមប្រកប ទើបលោកសម្រេចចិត្តមកប្រកបរបរជាអ្នកធ្វើត្រីងៀតបន្តពីម្ដាយក្មេក។
លោកមិនសង្ឃឹមថា អាជីវកម្មបន្តពីម្តាយក្មេកនេះ អាចទទួលបានលទ្ធផលដូចពេលបច្ចុប្បន្ននេះទេ ប៉ុន្តែដោយសារការខំប្រឹងធ្វើទីផ្សារ និងមានទីផ្សារខ្លះពីម្តាយក្មេកផង ទើបអាចឱ្យលោកបន្តឈរជើងមកដល់ថ្ងៃនេះ។
លោក សួង សោភ័ណ បានចាប់ផ្តើមប្រកបអាជីវកម្មធ្វើត្រីងៀតនៅក្នុងឆ្នាំ២០១១ បែបលក្ខណៈគ្រួសារ គឺគ្រាន់តែធ្វើលក់ធម្មតាមួយថ្ងៃចន្លោះពី ៥០គីឡូ ទៅ ៦០គីឡូ សម្រាប់បោះដុំឱ្យគេយកទៅលក់បន្ត។
ជាមួយមុខរបរធ្វើត្រីងៀត ម្ចាស់សិប្បកម្មរូបនេះ និងគ្រួសារ បានចាយរយៈពេលប្រមាណជិត ១០ឆ្នាំ ទើបអាចវិវឌ្ឍន៍ខ្លួនពីការធ្វើបែបលក្ខណៈគ្រួសារ ហើយក្លាយទៅសិប្បកម្ម និងមានអ្នកស្គាល់ដូចពេលបច្ចុប្បន្ន។

ក្រោយទទួលបានគាំទ្រ ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចុប្បន្ននេះនៅក្នុងសិប្បកម្មរបស់លោក ផលិតត្រីងៀតចន្លោះពី ៤០០គីឡូ ទៅ ៥០០គីឡូ ត្រីស្រស់ សម្រាប់នាំចេញ។ ក្នុងនោះ លោកធ្វើត្រីងៀតចំនួន ២ប្រភេទជាប្រចាំ គឺត្រីឌៀប និងត្រីរ៉ស់ មានពីររសជាតិ គឺប្រៃប៊ីចេង និងផ្អែមស្ករ លក់ក្នុងតម្លៃបោះដុំ ក្នុង ១គីឡូ តម្លៃចន្លោះពី ២៥០០០រៀល ទៅ ២៧០០០រៀល។
ក្រៅពីនេះ ក៏មានជាងៀតត្រីប្រា និងត្រីអណ្តែង។ ប៉ុន្តែសម្រាប់ត្រីឌៀបអាចធ្វើក្នុងមួយថ្ងៃចន្លោះពី ២០០ ទៅ ៣០០ គីឡូ ប៉ុន្តែសម្រាប់ត្រីរ៉ស់ លោកអាចធ្វើក្នុងមួយថ្ងៃត្រឹម ៥០ ទៅ ១០០គីឡូ ប៉ុណ្ណោះ។
លោក សួង សោភ័ណ បានបន្ថែមដែរថា «នៅក្នុងខែនេះ ការធ្វើត្រីងៀតមានការកាត់បន្ថយជាងមុនមកត្រឹម ៣០០គីឡូត្រីស្រស់ ហើយនៅពេលស្ងួតទៅបានតែជាង ១០០គីឡូប៉ុណ្ណោះ ក្នុងមួយថ្ងៃ ព្រោះក្នុងខែនេះ ជាខែសម្បូរត្រីស្រស់ធម្មជាតិ ជាហេតុធ្វើឱ្យតម្រូវការត្រីងៀតមិនសូវមានច្រើនដូចមុន ប៉ុន្តែឈានចូលដល់ខែមករា ឆ្នាំ២០២៥ នោះតម្រូវការត្រីងៀតនឹងមានការកើនឡើងវិញជាក់ជាមិនខាន»។
យ៉ាងណាមិញបច្ចុប្បន្ន សិប្បកម្មរបស់លោកគឺដោយផ្តោតសំខាន់ទៅលើការនាំចេញបោះដុំ ដូច្នេះក្នុង ១ថ្ងៃលោកអាចលក់ចេញក្នុងមួយថ្ងៃចន្លោះពី ១០០ ទៅ ២០០ គីឡូ ទៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី និងខេត្តតាកែវ តែនៅមិនទាន់មានទីផ្សារខាងក្រៅនោះទេ។

ជាមួយគ្នានេះ មុនសម្រេចបានជាផលិតផលសម្រេច ម្ចាស់សិប្បកម្មរូបនេះ បានគូសបញ្ជាក់ថា ការធ្វើត្រីងៀតត្រូវឆ្លងកាត់ ៣ ដំណាក់កាលចម្បង។ ទី១ ត្រូវការជ្រើសរើសសាច់ត្រីដែលមានគុណភាព ឬត្រីស្រស់មកធ្វើដើម្បីឱ្យទទួលបានរស់ជាតិឆ្ងាញ់ ទី២ យកមកប្រឡាក់ជាមួយគ្រឿង និងដាក់ហាលនៅកន្លែងដែលស្អាត និងធានាអនាម័យខ្ពស់ និងទី៣ គឺការវេចខ្ចប់នាំចេញដល់ភ្ញៀវនៅតាមខេត្តឱ្យបានល្អ។
សម្រាប់ការផលិត និងកែច្នៃត្រីងៀតនេះដែរ សិប្បកម្មរបស់លោកក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសុវត្ថិភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពីលោកបានអនុវត្តគុណភាពអនាម័យតាមការណែនាំរបស់ក្រសួងបានត្រឹមត្រូវ។
ចុងក្រោយ ម្ចាស់សិប្បកម្មរូបនេះ ក៏បានសំណូមពរដល់អ្នកបរិភោគនៅក្នុងស្រុកទាំងអស់មេត្តាជួយគាំទ្រ និងលើកស្ទួយនូវម្ហូបអាហារកែច្នៃដែលផលិតនៅក្នុងស្រុកដោយស្នាដៃកូនខ្មែរផ្ទាល់។ មួយវិញទៀតប្រសិនបើចង់របស់ល្អ មានគុណភាព អ្នកបរិភោគមិនគួរសាញតម្លៃថ្លៃនោះទេ ព្រោះរបស់ល្អ ត្រូវទាមទារឱ្យមានតម្លៃល្អដែរ ហើយក៏សំណូមពរដល់អ្នកចិញ្ចឹមត្រីគួរតែចិញ្ចឹមត្រីណាដែលមានតម្រូវការទីផ្សារច្រើន និងឱ្យត្រូវតាមស្តង់ដារដែលក្រសួងបានណែនាំ ទើបធ្វើឱ្យត្រីរបស់ពួកគេទទួលបានតម្លៃល្អ និងមិនមានបញ្ហាទីផ្សារ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


