ព័ត៌មានជាតិ
លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា បើសិនជានៅពេលកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ប្រជាពលរដ្ឋទាំងអស់គ្នា គ្មានឱកាសក្នុងការនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍនោះឡើយ ព្រោះអ្វីដែលត្រូវការជាចម្បង គឺការបញ្ចប់សង្គ្រាម។

ការលើកឡើងនេះ ក្នុងឱកាស លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី ៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ដោយមានវត្តមានចូលរួមពី តំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និង កម្មករ-និយោជិត សរុបប្រមាណជាង ២ ០០០ នាក់។

នាឱកាសនោះ លោក ហេង សួរ បានមានប្រសាសន៍ថា ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ប្រារព្ធឡើង ដើម្បីរំលឹកដល់ថ្ងៃមហាសន្និបាតអង្គការសហប្រជាជាតិដែលបានអនុម័តនូវសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស នៅក្នុងឆ្នាំ ១៩៤៨ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវសិទ្ធិសេរីភាព ដោយគ្មានការបែងចែក និងរើសអើងអំពីជាតិសាសន៍ ពណ៌សម្បុរ ភេទ អាយុ ភាសា សាសនា មតិយោបល់ ប្រភពដើម នៃជាតិ ឬ សង្គម ស្ថានភាពសេដ្ឋកិច្ច កំណើត ពិការភាព ឬ ស្ថានភាពអ្វីផ្សេងនោះឡើយ។

លោក ហេង សួរ លើកឡើងថា «ទិវាសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តក្នុងឆ្នាំ ១៩៤៨ គឺ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ត្រូវបានបញ្ចប់រយៈពេល ៣ ឆ្នាំ ដោយក្នុងន័យនេះ បង្ហាញយ៉ាងច្បាស់ថា បើសិនជានៅពេលកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម គឺយើងមិនមានឱកាសក្នុងការនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍនោះឡើយ ព្រោះអ្វីដែលយើងត្រូវការជាចម្បង គឺការបញ្ចប់សង្គ្រាម»។

លោករដ្ឋមន្ត្រី បានរំលឹកថា សម្រាប់ កម្ពុជា ក្នុងសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង សិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារ ជាដើម។ ជាក់ស្ដែង ទើបតែក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្គ្រាមក្នុងប្រទេសទាំងស្រុង ទើបប្រជាពលរដ្ឋអាចមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់ រួមទាំងការគិតគូរពីប្រព័ន្ធគាំពារសង្គមផងដែរ។ ជាពិសេសរហូតមកដល់អាណត្តិទី ៧ នៃរាជរដ្ឋាភិបាល ប្រព័ន្ធគាំពារសង្គមត្រូវបានពង្រីកយ៉ាងទូលំទូលាយដែលគ្របដណ្ដប់ចាប់តាំងពីអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ រហូតដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀតផង។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីព សមាគម រាជរដ្ឋាភិបាល បាននិងកំពុងបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៤៩១ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋានមានចំនួន ៦ ១៥៧ , និងសមាគមនិយោជកមានចំនួន ១២។ ដោយឡែក ចំនួនសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ មានចំនួន ៦ ៤៤៩ ក្នុងនោះ សមាគមមានចំនួន ២ ៧៦០, អង្គការក្រៅរដ្ឋាភិបាល ចំនួន ៣ ៥៣៦ , សមាគមជនជាតិដើមភាគតិចចំនួន ១៥៣។ ទន្ទឹមនេះ សម្រាប់វិស័យសារព័ត៌មានបច្ចុប្បន្ននេះមានស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប បានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង ២ ពាន់អង្គភាព រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ, កាសែត, សមាគមសារព័ត៌មាន, ទស្សនាវដ្ដី, ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ស្ថានីយវិទ្យុ FM និងវិទ្យុ AM ជាដើម។ ទាំងនេះបង្ហាញថា កម្ពុជា មានលំហសិទ្ធិសេរីភាពយ៉ាងពេញលេញ។

លោក ហេង សួរ ក៏បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមនីយកម្មរួមគ្នា៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?