ព័ត៌មានជាតិ
“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ជាយុទ្ធសាស្ត្រដ៏សំខាន់ ចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានកំណើនខ្ពស់បន្ថែមទៀត។

ថ្លែងបិទសន្និសីទថ្នាក់ជាតិស្ដីពីទំនាក់ទំនងវិជ្ជាជីវៈ ឆ្នាំ ២០២៤ ក្រោមប្រធានបទ ៖ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” កាលពីរសៀលថ្ងៃទី ២៣ ធ្នូ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តថា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺជាចលនាយុទ្ធសាស្ត្រដែលមានទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ និងកម្មករ-និយោជិត ធ្វើការងារនៅតាមរោងចក្រ សហគ្រាស។ ការដាក់ចេញនូវយុទ្ធសាស្ត្រដ៏ធំនេះ នឹងមិនអាចទៅរួចទេ ប្រសិនបើមិនមានការអភិវឌ្ឍ ដែលមានសន្ទុះលឿន ប្រកបដោយចីរភាព និងភាពធន់កាលពីជាង ២ ទសវត្សរ៍ កន្លងទៅ ដែលកម្ពុជាទទួលបាននូវសន្តិភាពពេញលេញក្នុងឆ្នាំ ១៩៩៨ តាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានទាក់ទាញវិនិយោគិនបណ្តាក់ទុន និងបង្កើតសហគ្រាស គ្រឹះស្ថានក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ១ ៥៦១ ដែលផ្តល់ការងារដោយផ្ទាល់ដល់កម្មករ-និយោជិត សរុប ៩២៤ ៣២៦ នាក់ គិតត្រឹមថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤។

លោកស្រី បានបន្តថា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” បានចូលរួមពង្រឹងផលិតភាពការងារតាមរយៈការបង្កើនសុខុមាលភាពកម្មករ-និយោជិត ដែលការណ៍នេះ នឹងចូលរួមជំរុញភាពប្រកួតប្រជែងសម្រាប់បរិយាកាសវិនិយោគរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ សហគមន៍សុខសាន្តនេះ ក៏ជាការលើកទឹកចិត្តមួយក្នុងការរក្សាការងារបានក្នុងរយៈពេលវែង ដោះស្រាយបាននូវបញ្ហារត់ឡើងចុះស្វែងរកការងាររបស់កម្មករ-និយោជិត និងជាកាតាលីករលើកទឹកចិត្តដល់ភ្នាក់ងារសេដ្ឋកិច្ចទាំងអស់ ជាពិសេសអ្នកនៅក្រៅប្រព័ន្ធចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលមាននូវការការពារ, ទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍ទាំងឡាយ រួមទាំងការថែទាំងសុខភាព មានចែងក្នុងច្បាប់ស្ដីពីការងារ។

ជាងនេះទៀត គឺសហគមន៍សុខសាន្ត នឹងជាកម្លាំងចលករក្នុងការជំរុញ នវានុវត្តន៍ តាមរយៈភាពងាយស្រួលក្នុងការចូលរួមបណ្តុះបណ្តាលកម្មករ-និយោជិត ឱ្យមានជំនាញ និងចំណេះដឹងបច្ចេកវិទ្យាកាន់តែរឹងមាំ ដែលអាចជំរុញគំនិតច្នៃប្រឌិតក្នុងសហគ្រាស សហគមន៍ និងសេដ្ឋកិច្ចជាតិផងដែរ។

លោកស្រីបានបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ នៃគោលដៅទំនាក់ទំនងវិជ្ជាជីវៈល្អប្រសើរ និងជាពិសេសការជំរុញសហគ្រាសនៅកម្ពុជា ទៅជា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ក្រសួងបានដាក់ចេញនូវការលើកកម្ពស់ជាច្រើនរួមទាំងការផ្តួចផ្តើមគំនិតបង្កើតទារកដ្ឋានសហគមន៍, ការរៀបចំកែលម្អអាហារដ្ឋាន, ការកែលម្អមធ្យោបាយធ្វើដំណើររបស់និយោជិត, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល សុវត្ថិភាព និងសុខភាពការងារ (OSH), ព្រមទាំងការជំរុញការបណ្តុះបណ្តាលជំនាញ និងការហ្វឹកហ្វឺនកូនជាងសម្រាប់បងប្អូនកម្មករ-និយោជិតជាដើម ក្នុងគោលបំណងបង្កើនផលិតភាពការងារ រក្សាការងារ និងបង្កើនប្រាក់ចំណូល និងបន្តចីរភាព នៃការអភិវឌ្ឍរបស់សហគ្រាសនីមួយៗ ជាសហគមន៍សុខសាន្ត។ មិនតែប៉ុណ្ណោះ យន្តការដោះស្រាយវិវាទការងារតាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ជាធាតុផ្សំមួយមិនអាចខ្វះបាន ក្នុងកិច្ចការជំរុញ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


